លោក Putin៖ សរអាបាន​ដឹង​អំពី​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​រុស្ស៊ី​ដែល​តួកគី​បាន​បាញ់​ទម្លាក់

លោក Putin៖ សរអាបាន​ដឹង​អំពី​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​រុស្ស៊ី​ដែល​តួកគី​បាន​បាញ់​ទម្លាក់

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Francois Hollande នៅ​ក្នុង​វិមាន​ក្រឹមឡាំង នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយ​ថា សហរដ្ឋ​អាមេរិកបាន​ដឹង​អំពី​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​រុស្ស៊ី​ដែល​ប្រទេស​តួកគី​បាន​បាញ់​ទម្លាក់​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន។ លោក​ Putin ​ថ្លែង​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​បាន​ផ្តល់​ដំណឹង​ដល់​ប្រទេស​តួកគី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នោះ។

លោក​ Putin បាន​និយាយ​នៅ​ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «ភាគី​អាមេរិក​ដែល​ដឹកនាំ​ក្រុម​ចម្រុះ​ ដែល​មាន​ប្រទេស​តួកគី​ជា​សមាជិក​មួយ​ដែរ​នោះ​បាន​ដឹង​អំពី​ទីតាំង​ និង​ពេលវេលា​នៃ​ជើង​ហោះហើរ​របស់​យន្តហោះ​រុស្ស៊ី ប៉ុន្តែ ហេតុអ្វី​បាន​ជា​អាមេរិកាំង​មិន​ផ្តល់​ព័ត៌មាន​នេះ​ទៅ​ឲ្យ​ក្រុម​ចម្រុះ​របស់​ពួកគេ?»

សហរដ្ឋ​អាមេរិក​មាន​កិច្ច​ព្រមព្រៀង​មួយ​ជាមូយ​រុស្ស៊ី​ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​តាម​ផ្លូវ​អាកាស​នៅ​ពី​លើ​ប្រទេស​ស៊ីរី​ ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ធ្វើ​ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​នៅ​ទីនោះ។​

ប្រទេស​តួកគី​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​ព្រមាន​ជាច្រើន​ដង​ថា យន្តហោះ​របស់​រុស្ស៊ី​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដែន​អាកាស​របស់​តួកគី​មុនពេល​ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​នោះ៕