បាក់ចិត្ត​ស្រឡាញ់​មិត្តភក្តិ​ប្រុស​របស់​ខ្លួន​

Sanofi

​កំពុងតែ​ស្រឡាញ់​សង្សារ​បច្ចុប្បន្ន ប៉ុន្តែ​ចិត្ត​នាង​ខ្ញុំ​បែរជា​ងាក​ទៅ ពេញចិត្ត និង ចង់​រស់នៅ​ជាមួយ​មិត្តភក្តិ​ប្រុស​របស់គាត់​ទៅវិញ ។ នាង​ខ្ញុំ​គួរ​ធ្វើ​បែបណា​ចង់​ផ្តាច់​ស្នេហ៍​បច្ចុប្បន្ន ដើម្បី​បាន​នៅក្បែរ​បុរស​ម្នាក់ទៀត ? នាង​ខ្ញុំ និង មិត្ត​ប្រុស​បាន​ស្គាល់គ្នា​ជាង ៥ ឆ្នាំ​មកហើយ យើង​ទាំងពីរ​សុទ្ធតែ​ប្រឹងប្រែង​រៀនសូត្រ និង មិនទាន់​មានបំណង​រៀបការ​ទេ ។ បច្ចុប្បន្ន​យើង​ក៏​មិនទាន់បាន​ត្រៀមខ្លួន​សម្រាប់​រស់នៅ​លក្ខណៈ​គ្រួសារ​នោះដែរ ព្រោះតែ​ចង់​រស់នៅ​ដោយមាន​សេរីភាព ។ មិត្ត​ប្រុស​របស់​នាង​ខ្ញុំ​ជាម​នុស្ស​ល្អ ចេះ​កំប្លែង និយាយស្តី​មាន​សុជីវធម៌ ផ្អែមល្ហែម ចំណែក​រូបរាង​ក៏​សង្ហា ព្រមទាំង​ចេះ​យល់ចិត្ត​នាង​ខ្ញុំ​ខ្លាំងណាស់ ។

ស្ថានភាព​មនោសញ្ចេតនា​មិនមាន បញ្ហា​អ្វី ប្រសិន​នាង​ខ្ញុំ​មិនបាន​ស្គាល់​មិត្តភក្តិ​ប្រុស​ម្នាក់​របស់គាត់ ។ យើង​ទាំង ៣ នាក់​ក៏​ធ្លាប់ជា​សិស្ស​រួម​សាលា និង ធ្លាប់​ស្នាក់​នៅក្បែរ​គ្នា​អស់​មួយរយៈ ផងដែរ ។ ពួកយើង​និយាយ​ស៊ីចង្វាក់​គ្នា និង យល់ចិត្ត​គ្នា​ណាស់ ។ មិត្តភក្តិ​របស់​សង្សារ​នាង​ខ្ញុំ​ទើប​ទទួលបាន​សញ្ញាប័ត្រ​អនុបណ្ឌិត ហើយ​គាត់ មើលទៅ​ក៏​សង្ហា និង មាន​អត្តចរិត​ប្រហាក់ប្រហែល​នឹង​មិត្ត​ប្រុស​នាង​ខ្ញុំ ដូច្នេះ​នៅពេល​ដើរ​ជាមួយគ្នា​ពួកគាត់​គឺជា​មនុស្ស​លេចធ្លោ​ជាងគេ ។ បញ្ហា​នៅត្រង់ថា​នាង​ខ្ញុំ​មាន​មនោសញ្ចេតនា​ទៅលើ​មិត្តភក្តិ​របស់​សង្សារ​នាង​ខ្ញុំ​តាំងពី​ពេលណា​ដោយ​មិនដឹង​ខ្លួន ស្រាប់​តែមួយ​រយៈពេល​ចុងក្រោយ​នេះ នាង​ខ្ញុំ​ចាប់ផ្តើម​គិតដល់​គាត់​នោះ​ច្រើនជាង​សង្សារ ហើយ​ចង់​ជជែក​លេង​ជាមួយ​គាត់​យកចិត្តទុកដាក់​លើ​គាត់ និង ចង់​នៅក្បែរ​គាត់ ។

សង្សារ​នាង​ខ្ញុំ និង គាត់​នោះ​ហាក់​មិនបាន​ចាប់អារម្មណ៍​ថា​មានការ​ប្រែប្រួល​អ្វី​នោះទេ ។ ចំណែក​មនោសញ្ចេតនារ​បស់​នាង​ខ្ញុំ​ចំ​ញេះ​សង្សារ​បច្ចុប្បន្ន​ក៏​នៅតែមាន ប៉ុន្តែ​មនោសញ្ចេតនា​ចំ​ញេះ​បុរស​ម្នាក់​នោះ​ក៏​កាន់​តែមាន​ខ្លាំង​ឡើងៗ រហូត​ពេលខ្លះ​នាង​ខ្ញុំ​គិត​ចង់​បោះបង់​ស្នេហា​បច្ចុប្បន្ន ហើយ​ងាក​ទៅរក​បុរស​ថ្មី ម្នាក់​នោះ ។ នាង​ខ្ញុំ​ដឹងថា​ការគិត​របស់​នាង​ខ្ញុំ​ប្រាកដជា​ធ្វើឱ្យ​មនុស្ស​ជា ច្រើន​មិន​សប្បាយចិត្ត ប៉ុន្តែ​រឿង​មនោសញ្ចេតនា គឺ​វា​ពិបាក​នឹង​កំណត់​ណាស់​ពិសេស​នៅពេល​មិនទាន់មាន​ចំណងអាពាហ៍ពិពាហ៍ ។ សូមជួយ​ផ្តល់ ជា​យោបល់​ដល់​នាង​ខ្ញុំ​ផង !

​ចំពោះ​នារី​មាន​វិបត្តិ​

​នៅក្នុង​ខ្សែភាពយន្ត​មួយចំនួន ស្នេហា​ត្រូវ​ចំណាយពេល​យកចិត្តទុកដាក់​ដល់​គ្នា​អស់​រយៈពេល​យ៉ាងយូរ ហើយ​ថែមទាំង​បាន​ស្បថស្បែ​នៅ ចំពោះ​ព្រះ​ភ័​ក្រ​ព្រះពុទ្ធ​ប្បដិមា​ថា នឹង​រៀបការ​ជាមួយគ្នា​នៅ​ជាមួយគ្នា​រហូត ដល់​ស្លាប់​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​ជិត​ដល់​នាទីចុងក្រោយ​ម្នាក់​ក្នុងចំណោម​អ្នក ទាំងពីរ​ទើប​ដឹងថា​ខ្លួន​គឺជា​តួរង ពេលនោះ​ការឈឺចាប់​ក៏បាន​កើតមាន ពេញ​ឱ​រ៉ា ដូច្នេះ​ទម្រាំ​តែ​ដឹងខ្លួន ការសម្តែង​ក៏បាន​មកដល់​ទីបញ្ចប់ ។ បុរស​ជា​តួរង​គឺ​ពិតជា​គួរឱ្យ​អាណិត ។ ខ្ញុំ​គិតថា មនុស្ស​យើង​ជាទូទៅ​ប្រាកដជា​មិនអាច​ទ្រាំ​បាន​នៅពេល​ឃើញ​សង្សារ​សំណព្វ​របស់ខ្លួន​ដែល​ធ្លាប់​ស្រឡាញ់ និង តស៊ូ​ជាមួយគ្នា បែរជា​ទៅ​ស្រឡាញ់​មិត្ត​ជិតស្និទ្ធ​របស់ខ្លួន ប៉ុន្តែ​ដូចដែល​នាង​បាន​រៀបរាប់​ខាងដើម មនោសញ្ចេតនា​ស្នេហា​គឺ​ពិតជា​ពិបាក​នឹង​រក្សា​ឱ្យនៅ​ស្ថិតស្ថេរ​ជា​រៀងរហូត ប៉ុន្តែ​ការ​ប្តូរផ្លាស់​ដៃគូ​ណាមួយ​ក៏​គួរតែ​ពិចារណា​ឱ្យបាន​ត្រឹមត្រូវ និង ប្រើ​វិធី​ឱ្យបាន​ល្អ ។

ករណី​របស់​នាង​ប្រសិន​ដោះស្រាយ​មិនបាន​សមស្រប ហើយ​ធ្វើ​សកម្មភាព​ភ្លាមៗ​ដោយ​មិនបាន​រៀបចំ​ពេលវេលា​ឱ្យបាន​សមស្រប វា​នឹង​នាំឱ្យមាន​បញ្ហា​ជាច្រើន​កើតឡើង ។ បុរស​ជា​សង្សារ​បច្ចុប្បន្ន​របស់​នាង​នឹង​ឈឺចាប់​ហើយ​ចាត់ទុក​នាង​ជា​មនុស្ស​ក្បត់ចិត្ត​ដោយ​យល់ថា «​ហុត​ទឹក សម្លឹង​កាក​» ។ ចំណែក​បុរស​ទី ៣ ក៏​មិន​ប្រាកដថា​ស្រឡាញ់​នាង​អស់ពី​ចិត្ត​ដែរ ព្រោះ​គាត់​អាច​នឹង​គិតថា​ថ្ងៃនេះ​នាង​អាចធ្វើ​បែបនេះ​ដាក់​មិត្តភក្តិ​គាត់ តើ​ថ្ងៃក្រោយ​នាង​នឹង​ស្មោះត្រង់​ចំពោះ​គាត់​ឬ​អត់ ? និយាយ​អំពី​នាង​វិញ​នៅពេល​ចិត្ត​របស់​នាង​បាន​ប្រែប្រួល គឺ​ពិបាក​នឹង​បង្ខំ​ឱ្យ​ចិត្ត​នោះ​វិល​មករក​ភាព ដើម ។ ម្យ៉ាងទៀត​ប្រសិនបើ​នាង និង សង្សារ​បច្ចុប្បន្ន​បាន​រៀបការ​តែ​ចិត្ត របស់​នាង​នៅតែ​នឹកគិត និង ចង់​នៅក្បែរ​បុរស​ទី ៣ នោះ​វា​ក៏​ពិបាក​នឹង​ជឿ ថា​នឹង​គ្មាន​រឿង​អ្វី​កើតឡើង​ដែរ ។

ដូច្នេះ​ប្រសិនបើ​នាង​គិតថា ខ្លួន​ស្រឡាញ់ មិត្តភក្តិ​របស់​សង្សារ និង ពិតជា​ចង់​រស់នៅ​ជាមួយ​គាត់​មែន​នោះ គួរតែ​ធ្វើ​សកម្មភាព​ដោយ​ប្រុងប្រយ័ត្ន ចៀសវាង​មនោសញ្ចេតនា​មិត្តភក្តិ​របស់​ពួកគេ​ត្រូវ​ប្រេះ​បែក​ដោយសារ​នាង ។ នៅពេល​ដឹង​ប្រាកដថា​ខ្លួន​ពិតជា​មិនអាច​បន្ត ក្តី​ស្នេហ៍​ជាមួយ​សង្សារ​បច្ចុប្បន្ន​អាច​ដោះស្រាយ​តាម​វិធី​ដូចតទៅ ៖ ​ដើម្បី​ចៀសវាង​បញ្ហា​ទាំងឡាយ​កើតឡើង​ដោយសារ​ភាព «​ចុងស្រល់​»​នាង​ត្រូវ​រៀបចំ​ពេលវេលា​សម្រាប់​ចាក​ចេញពី​គាត់​ដោយ​សន្សឹមៗ ។ ទ​ន្ទ្ទឹ​ម​នឹង​នេះ​ក៏ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​បុរស​ជា​ភាគី​ទី ៣ ប៉ុន្តែ​កុំអាល​ឱ្យ​គាត់​ដឹងថា​នាង​បែរមក​ស្រឡាញ់​គាត់ ។ ប​ន្ទ្ទា​ប់​ពី​ចំណង​ស្នេហ៍​មុន​បានបញ្ចប់​មួយ​រយៈពេល​ក្រោយមក​នាង​អាច​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​ជា​មិត្តភក្តិ របស់​សង្សារ ។

យ៉ាងនេះ​ក្តី​នៅពេល​បាន​ស្និទ្ធស្នាល​ជាមួយ​បុរស​ក្រោយ មិនត្រូវ​ប្រាប់​គាត់​នេះ​ថា​បាន​ស្រឡាញ់​គាត់​តាំងពីដើម​នោះទេ ។ ធ្វើបាន​ដូច្នេះ នឹង​អាច​កាត់បន្ថយ​បានការ​ចោទប្រកាន់​នានា​មកលើ​នាង​ដូចដែល​បាន​រៀប រាប់​ខាងលើ ។ ​សូមឱ្យ​នាង​មានសំណាង​ល្អ និង ក្លាយជា​នារី​គួរ​ជាទី​ស្រឡាញ់​ចូល ចិត្ត ! ៕


Related