បន្ទាប់ពី​ការ​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស​ លោក​នាយក​រដ្ឋមន្ត្រី​​សុំ​អធ្យាស្រ័យ​

បន្ទាប់ពី​មាន​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំង​ប្រទេស​ធ្វើ​ឲ្យ​​ប្រទេស​​កម្ពុជា​ងងឹត​ឈឹង​អស់​រយៈ​ពេល​ជាង​១ម៉ោង​​​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្រើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដើម្បី​​ជូន​សារ​​បន្ត​ផ្ទាល់​ដល់​សាធារណជន​​ ដោយ​បញ្ជាក់​​​អះអាង​ថា ការ​ដាច់​ចរន្ត​អគ្គិសនី​មិន​មែន​ជា​​សកម្មភាព​ភេរវកម្ម​ទេ​ ប៉ុន្តែ​គ្រាន់​តែ​បង្ក​ឡើង​ដោយ​​បញ្ហា​បញ្ជូន​អគ្គិសនី​ពី​ប្រទេស​វៀតណាម​​ប៉ុណ្ណោះ​។

ក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទាំង​២៤​​បាន​ដាច់​អគ្គិសនី​ពី​ម៉ោង​ប្រហែល​៩យប់​ដល់​ម៉ោង​១០និង​៣០​នាទីយប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​​យល់​ច្រឡំ​ជា​ទូទៅ​​​ដែល​ធ្វើ​ឲ្យ​សាធារណជន​​ដែល​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទូរស័ព្ទ​ទៅ​កាន់​ស្ថានីយ​វិទ្យុនានា​​ ដោយ​​​សន្និដ្ឋាន​អំពី​​​ការ​អាច​កើត​មាន​រដ្ឋប្រហារ​ ឬ​ការ​វាយ​ប្រហារ​​​​ភេរវកម្ម​។

ប្រហែល​កន្លះ​ម៉ោង​បន្ទាប់ពី​អគ្គិសនី​​​ត្រូវ​ស្ដារ​ឡើង​ លោក​នាយក​រដ្ឋមន្ត្រី​​បាន​ធានា​អះអាង​ដល់​សាធារណជន​​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​​តាម​ហ្វេសប៊ុក​​ដែល​ថា ការ​ដាច់​ចរន្ត​អគ្គិសនី​​​គឺ​បង្ក​​ដោយ​បញ្ហា​នៅ​ឯ​ស្ថានីយ​អគ្គិសនី​នៅ​ក្នុង​ទឹក​ដី​វៀតណាម​​​​ដែល​ផ្គត់​ផ្គង់​អគ្គិសនី​មក​​កម្ពុជា​។

លោក ហ៊ុន សែន បាន​​មាន​ប្រសាសន៍​ថា “​ថ្ងៃ​នេះ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​ថ្លែង​ជូន​ប្រជាពល​រដ្ឋ​ជា​បន្ទាន់​​ទាក់​ទិន​​ការ​ដាច់​ចរន្តអគ្គិសនី​​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​សូម​អភ័យទោស​ និង​សូម​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ថា ​​ការ​ដាច់​ចរន្ត​អគ្គិសនី​នេះ​មិន​មែន​ជា​សញ្ញា​នៃ​ការ​វាយ​ប្រហារ​​ផ្នែក​ភេរវកម្ម​ ឬ​ក៏​ឧបទ្ទវហេតុ​ណា​ផ្សេង​ក្រៅ​តែ​ពី​ការ​ដាច់​ចរន្ត​នោះ​ទេ”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​បន្ថែម​ថា “​ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ថា នេះ​មិន​មែន​ជា​ចេតនា​ខាង​នយោបាយ​​របស់​ក្រុម​ណាមួយ​ ឬ​ក៏​មិន​មែន​ជា​​ឧបទ្ទវហេតុ​​ដែល​អាច​កើត​ឡើង​នូវ​ការ​វាយ​ប្រហារ​​ភេរវកម្ម​នោះ​ទេ​”។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ថា “​នៅ​ពេល​ដែល​យើង​កំពុង​តែ​បញ្ជូន​ភ្លើង​​ពី​វៀតណាម​មក​ក្រុង​ភ្នំពេញ និង​ចែក​ទៅ​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​ អគ្គិសនី​ក្នុង​ទឹក​ដី​វៀតណាម​​ត្រូវ​បាន​ដាច់​ ដូច្នេះ​​​គឺ​ការ​ទាញ​ទម្លាក់​អគ្គិសនី​ពី​វៀតណាម​​​មក​ទាញ​ទម្លាក់​អគ្គិសនី​នៅ​ភ្នំពេញ និង​​បណ្ដា​ខេត្ត​​ដែល​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ជាតិ​​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់​ដូចគ្នា។

នៅ​ថ្ងៃ​ព្រហស្បតិ៍​គឺ​មិនមែន​ជា​លើក​ទី១​ទេ​​ដែល​ប្រទេស​កម្ពុជា​​ដែល​នៅ​តែ​ពឹង​ផ្នែក​​យ៉ាង​ខ្លាំង​ទៅ​លើ​ថាមពល​នាំចូល​ពី​ប្រទេស​ជិត​ខាង​ គឺ​បាន​ដាច់​ចរន្តអគ្គិសនី​​ដោយ​សារ​​តែ​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម​។ នៅ​ខែមីនា ឆ្នាំ​២០១៣ ក្រុង​ភ្នំពេញ​បាន​ដាច់​​​អគ្គិសនី​អស់​រយៈ​ពេល​​៦ម៉ោង​​ដោយ​សារ​តែ​ការ​ដាច់​អគ្គិសនី​ដ៏​ធំ​នៅ​វៀតណាម​ខាង​ត្បូង​។

នៅ​ក្នុង​វីដេអូ​បង្ហោះ​លើ​ហ្វេសប៊ុក​​កាលពី​ម្សិលមិញ ​លោក កែវ រតនៈ​ ​អគ្គនាយក​អគ្គិសនី​កម្ពុជា​​ដែល​ជា​​បណ្ដាញ​ផ្គត់​ផ្គង់​ថាមពល​រដ្ឋ​​បាន​និយាយ​ថា ការ​ដាច់​ចរន្ត​អគ្គិសនី​បាន​កើត​ឡើង​នៅ​ពេល​ដែល​ខ្សែ​បណ្ដាញ​ពីរ​ដែល​បញ្ជូន​អគ្គិសនី​​​ពី​វៀតណាម​មក​កម្ពុជា​​មាន​បញ្ហា​បច្ចេកទេស។

លោក កែវ រតនៈ បាន​និយាយ​ថា ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​កម្ពុជា​​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​នា​ឆ្នាំ​២០០៣​ នៅ​​អាមេរិក​ខាង​ជើង​​ ដែល​បណ្ដាល​ឲ្យ​តំបន់​ធំៗ​ជា​ច្រើន​​​របស់​សហរដ្ឋអាមេរិក​ភាគ​ខាង​កើត​ និង​ប្រទេស​កាណាដា​​ងងឹត​ឈឹង​។

គង់ លីដា អាយុ​៣៧​ឆ្នាំ ដែល​កំពុង​តែ​មើល​ទូរទស្សន៍​នៅ​ឯ​​​ផ្ទះ​របស់​នាង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ នៅ​ពេល​អគ្គិសនី​ដាច់​បាន​និយាយ​ថា ដំបូង​ឡើយ​នាង​ភ័យ​ខ្លាច​បំផុត​។

នាង​ លីដា បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា អាច​មាន​អ្វី​​មួយ​ធ្ងន់ធ្ងរ​កើត​ឡើង​​ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា វា​ជា​ភេរវកម្ម​ទេ​”។

នាង​ លីដា បាន​និយាយ​បន្ត​ថា “​ខ្ញុំ​គ្រាន់​តែ​សង្ស័យ​ថា មាន​​អ្វី​មួយ​មិន​ស្រួល​​ទាក់​ទង​នឹង​អសន្តិសុខ​សង្គម​ ជា​ពិសេស​បញ្ហា​នយោបាយ​ ពីព្រោះ​មាន​​សាច់​ញាតិ​ជាច្រើន​ដែល​រស់​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​បាន​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​និយាយ​ថា ពួកគេ​ដាច់​ភ្លើង​អគ្គិសនី​។ ខ្ញុំ​គ្រាន់​តែ​ឃើញ​​​ដាច់​ចរន្ត​អគ្គិសនី​​នៅ​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ​ មិន​មែន​ទូទាំង​ប្រទេស​ដូច​ពេល​នេះ​ទេ​៕ រើន

The post បន្ទាប់ពី​ការ​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស​ លោក​នាយក​រដ្ឋមន្ត្រី​​សុំ​អធ្យាស្រ័យ​ appeared first on ខេមបូឌា ដេលី.