គម្រោង​អគារ​ភ្លោះ Gateway នឹង​សាងសង់​នៅ​ដើមឆ្នាំ​2016

រាជធានី​ភ្នំពេញ ៖ Gateway ជា​គម្រោង​អភិវឌ្ឍន៍​រួម​មាន សណ្ឋាគារ អគារ​ពាណិជ្ជកម្ម អគារ​ធនាគារ អគារសិក្សា និង​អគារ​ជា​ច្រើន​ទៀត ។ គម្រោង​នេះ​មាន​អគារ​ការិយាល័យ​ចំនួន​២៩៩​យូ​នី​ត និង​អគារ​ស្នាក់​នៅ​ចំនួន​៥៧២​យូ​នី​ត ។ ដោយ​អគារ​ការិយាល័យ ក្នុង​១​យូ​នី​ត​ទំហំ​៤៤​ទៅ​១០៧​ម៉ែត្រការ៉េ ខណៈ​ដែល​អគារ​ស្នាក់​នៅ​១​យូ​នី​ត​មាន​ទំហំ​៥២​ម៉ែត្រការ៉េ ៨៦​ម៉ែត្រការ៉េ និង​១១០​ម៉ែត្រការ៉េ ។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ បាន​សរសេរ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា អាគារ​ភ្លោះ​Gateway មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​តិច​ណូ មាន​កម្ពស់​៣៩​ជាន់ គ្រោង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​នេះ ដែល​វិនិយោគ​ដោយ​វិនិយោគិន​ក្នុងស្រុក និង​បរទេស ។

លោក​បាន​បន្ដ​ថា នៅ​ពេល​ស្ថាបនា​រួច អគារ​ភ្លោះ​នេះ​នឹង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ហើយ​រដ្ឋ​ក៏​នឹង​ទទួល​បាន​នូវ​ប្រាក់​ពន្ធ​អគារ សំណង់ ពន្ធ​អាជីវកម្ម ពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស ផង​ដែរ ។ ម្យ៉ាងទៀត​អគារ​ភ្លោះ​នេះ​កាន់តែ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន និង​បង្កើន​ទំនុកចិត្ត ដល់​វិនិយោគិន​ថែម​ទៀត ។

គម្រោង​អភិវឌ្ឍន៍​អគារ​ស្នាក់​នៅ និង​អគារ​ពាណិជ្ជកម្ម​របស់ Gateway នឹង​ផ្ដល់​ជូន​នូវ​ការ​រស់នៅ ធ្វើ​ការងារ និង​ប្រកប​អាជីវកម្ម​ងាយស្រួល​បំផុត ។ អគារ​ភ្លោះ​នេះ​មាន​ទីតាំង​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដែល​អភិវឌ្ឍន៍ ដោយ​ក្រុមហ៊ុន TACC (C.R) Ltd ដោយ​រំពឹង​ថា នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៩ ។ នេះ​បើ​យោង​តាម​គេហទំព័រ The Gateway @ Cambodia ។

ជាមួយនឹង​កន្លែង​ទំនេរ​ជាង​៨០០​យូ​នី​ត គំរូ​នៃ​ការ​រចនា​ម៉ូ​ដ​ផ្នែក​ខាងក្រៅ នឹង​ត្រូវ​បញ្ចូល​នូវ​ទីធ្លា​ព័ទ្ធ​ជុំវិញ​អគារ ដែល​រំលេច​ទៅ​ដោយ​ធម្មជាតិ​បៃតង​ស្រស់បំព្រង​គួរ​ឲ្យ​ចាប់ចិត្ត​ដិតអារម្មណ៍ ។ លើស​ពី​នេះ​ទៀត នៅ​មានការ​ទាក់ទាញ​ផ្សេង​ៗ​ដូច​ជា ផ្សារ​Parkson Mall ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​ទៀត​ផង ។
ចំណែក​នៅ​ជាន់​ទី​១០ ជា​កន្លែង​បន្ធូរ​អារម្មណ៍​ជាមួយ​ការ​ហាត់ប្រាណ បន្ទុប​ស្ទី​ម មាន​កន្លែង​សម្រាប់​ជួបជុំ និង​ជប់លៀង​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ​នៅ BBQ Pavilion ផង​ដែរ ៕