​ជនបរទេស​ម្នាក់ បើក​ម៉ូតូ​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ធ្យូង បោក​ក្បាល​ស្លាប់​

ភ្នំពេញ: ជនបរទេស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធ្យូង ហោះ​ផ្លោង​ទើរ​លើ​ទ្រុង​រ៉ឺម៉ក ដែល​ដាច់ចេញពី​ខ្លួន​បែកក្បាល​ស្លាប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤​និង​១៥​នាទី រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​

​ចំណែក​ជនបរទេស ដែល​ស្លាប់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ​។ រីឯ​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធ្យូង ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ក្រោយពី​កើតហេតុ​ភ្លាម បាន​រត់​គេចខ្លួនបាត់​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនបរទេស​រូបនោះ បើក​ម៉ូតូ​ធំ​ម្នាក់ឯង ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​ទន្លេបាសាក់ សំដៅទៅ​អូ​តែ​ល​សុខា លុះដល់​ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធ្យូង ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ជនបរទេស​នោះ ផ្លោង​ទៅ​ធ្លាក់​លើ​ទ្រុង​រ៉ឺម៉ក ដែល​ដាច់​ខ្ទាត​ចេញពី​ម៉ូតូ​ប្រហែល ១០ ម៉ែត្រ បែកក្បាល​ស្លាប់ ក្នុង​ថ្លុកឈាម​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បានមក​ដល់ ហើយ​បាន​វាស់វែង និង​យក​មធ្យោបាយ​ទាំងអស់ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕V​/S

​ជនបរទេស​ម្នាក់ បើក​ម៉ូតូ​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ធ្យូង បោក​ក្បាល​ស្លាប់​