របៀប​ធ្វើ​ឆា​ខ្ញី​ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​

គ្រឿង​ផ្សំ​៖
ឆ្អឹង​ជំនីរ​ជ្រូក ​(ជាប់​ឆ្អឹង​ខ្ចី​) ខ្ញី​ចាស់​ ស្លឹក​ក្រូច​សើច​ ស្លឹក​ខ្ទឹម​ ខ្ទឹមស​ ម្ទេស​ ទឹកត្រី​កោះកុង ​ប្រេងឆា​ ម្សៅស៊ុប ​ស្ករស ​និង​អំបិល​។
វិធី​ធ្វើ​៖
របៀប​ធ្វើ​ឆា​ខ្ញី​ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​
ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​វែងៗ​ រួច​យក​ទៅ​បំពង​ជា​មួយ​ប្រេងឆា​ រួច​សឹម​ស្រង់​វា​ទុក​មួយ​អន្លើ​។ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជា​កង់​ៗ ហើយ​ប្រឡាក់​ជា​មួយ​ខ្ទឹម​ស​ចិញ្ច្រាំ ​ព្រម​ទាំង​គ្រឿង​ផ្សំ​រសជាតិ​មាន​ ម្សៅ​ស៊ុប​ ស្ករស​ និ​ង​អំបិល​ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ​ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ​។បន្ទាប់​មក​ដាក់​ខ្ទះ​ឲ្យ​ក្ដៅ ​រួច​ចាក់​ប្រេង​ឆា​ជា​មួយ​ខ្ទឹម​ស​ចិញ្ច្រាំ​។ឆា​ឆ្អឹង​ជំនីរ​ជ្រូក​ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​វា​ខ្លោច​។ពេល​ដែល​ឆ្អឹង​ជំនីរ​ឆ្អិន ​ចាប់​ផ្ដើម​ដាក់​ខ្ញី​បំពង​ចូល​​រួច​បន្ត​រំលីង​ឲ្យ​ស្ងួត​ សឹម​ដាក់​ស្លឹក​ក្រូច ​សើច ​គល់​ខ្ទឹម​ និង​ម្ទេស ​ហើយ​ដួស​ដាក់​ចាន​។+++ ចំពោះ​វិធី​លាយ​ទឹកត្រី​កោះកុង​នោះ ​គឺ​ដំបូង​ត្រូវ​បុក​ខ្ទឹមស​ឲ្យ​ច្រើន​ ជា​មួយ​នឹង​ម្ទេស​ស្រស់​ ហើយ​ច្របាច់​ក្រូច​ឆ្មារ ​មុន​នឹង​ចាក់​ទឹក​ត្រី​ និង​ស្ករស​កូរ​ឲ្យ​សព្វ​ជា​ការ​ស្រេច។​*** ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆា​ខ្ញី​នេះ​អាច​ទទួល​ទាន​ជ្រលក់​ជា​មួយ​ទឹក​ត្រី​កោះកុង​៕អត្ថបទ៖ ដេវីដ