អុឹង និមល ថា​ចូល​សិល្បៈ​ដោយសារ​ជីវភាព​

Sanofi

​សព្វថ្ងៃ អុឹង និមល កាន់​តែមាន​ប្រជាប្រិយភាព​ជាង​មុន ។ ជាក់ស្តែង​នាង​បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី រយៈពេល​ប្រមាណ​ជា ៥ សប្តាហ៍ ដោយ​រួម​ដំណើរ​ជាមួយ​អ្នកកំប្លែង​នាយ ប៊ុ​ម និង អ្នកចម្រៀង​បី​រូប​ផ្សេងទៀត ។ ក្រោយពី​ត្រឡប់មកវិញ កាលពីដើម​ខែតុលា អុឹង និមល ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្អូនស្រី​របស់​ពិធីករ អ៊ឹង រដ្ឋា ហៅ ទុយ នោះ បាន​ប្រាប់ថា ការសម្តែង​របស់​នាង​ទទួលបាន​ជោគជ័យ​ខ្លាំង និង មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។

ក្រោយ​ត្រឡប់​មកពី​សម្តែង​នៅក្រៅ​ប្រទេស​មិនទាន់បាន​ប៉ុន្មាន​ផង អុឹង និមល បាន​និយាយថា មានការ​ងារ​រវល់​ច្រើន ទាំង​ការដើរ​ម៉ូដ និង ច្រៀង​នៅក្នុង​កម្មវិធី​ផ្សេងៗ ។ ក្រៅពីនេះ​នាង​ក៏បាន​ចូលរួម​ថត​ចម្រៀង​ខា​រ៉ា​អូខ​ឱ្យ​ផលិតកម្ម​សាន់​ដេ និង ហង្ស​មាស​ផងដែរ ។ អ្វីដែល​កត់សម្គាល់​នោះ អុឹង និមល ដែលជា​សមាជិក​មា្ន​ក់ នៅក្នុង​ក្រុម​ចម្រៀង CSM បាន​ប្រាប់ថា ក្រុម​ចម្រៀង​របស់​នាង​មាន​គម្រោង​ផលិត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​មិន​ចង់យក​បទ​របស់គេ​មក​ច្រៀង​ទេ ។ កន្លងមក​គេ​ធ្លាប់​ឃើញ អុឹង និមល លេចមុខ​នៅក្នុង​ឈុត​ផ្សាយ​ផលិតផល​ផ្សេងៗ តែ​ចុង​ក្រោយនេះ​មាន​លេច​ឮថា អុឹង និមល តម្លើងថ្លៃ​ខ្លួន​ជាង​មុន ។

ទាក់ទង​ជាមួយ​រឿងនេះ អុឹ​ង និមល បាន​បកស្រាយ​ថា មិនមែនជា​ការពិត​ទេ សម្រាប់​នាង​ចង់បាន​តម្លៃ​មួយ​ដែល​សមស្រប​ទៅនឹង​សមត្ថភាព​របស់ខ្លួន ។ ដោយឡែក​ការដាក់​តម្លៃ​ស្ប៉ត​មាន​ច្រើន​ប្រភេទ​ដូចជា​ស្ប៉ត​ខ្លះ​ទាមទារ​ថត​វីដេអូ និង ខ្លះទៀត​តម្រូវ​ថតរូប​សន្លឹក​ជាដើម ។ សម្រាប់​នាង​តម្លៃ​ធម្មតា​គឺ​ស៊ី ៦០០ ដុល្លារ ។ ចូលប្រឡូក​ក្នុង​សិល្បៈ​ជាង​បី​ឆ្នាំ គេ​មិនទាន់​ឃើញ អុឹ​ង និមល បង្ហាញមុខ​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ម្តងណា​ឡើយ ។ អុឹ​ង និមល បាន​ប្រាប់ថា កន្លងមក​មាន​គេ​ទាក់ទង​នាង​ជា​បន្តបន្ទាប់​ដែរ តែ​ពេលខ្លះ​មិនត្រូវ​ថ្លៃ​គ្នា ហើយ​ពេលខ្លះ​ចំ​នាង​មានការ​រវល់ ។

ជាក់ស្តែង​កាលពី​មួយរយៈ​មុន​មាន​គេ​ទាក់ទង​នាង​ថត តែ​នាង​ច្រានចោល ដោយសារ​ជាន់​ពេលវេលា​ជាមួយ​នាង​ចេញទៅ​សម្តែង​នៅ​អូស្ត្រាលី ។ អ្វីដែល​កត់សម្គាល់​នោះ ហាក់ដូចជា​អំនួត​បន្តិច អុឹ​ង និមល បាន​ប្រាប់ថា នាង​មិន​ទទួលយក​ការសម្តែង​ជា​តួ​កំប៉ិកកំប៉ុក​ឡើយ ។ សម្រាប់​ការសម្តែង​ឈុត​ស្នេហា​ឱបថើប និង ការ​ស្លៀកពាក់​សិច​សុី​នាង​យល់ព្រម ប៉ុន្តែ​មិន​ដល់​ថ្នាក់​សង្គម​ខ្មែរ​មិនអាច​ទទួលយក​បានទេ ។​ ​គេ​នៅ​ចាំបាន​ថា ក្រោយពី អុឹ​ង និមល បាន​លេចមុខ​ក្នុងនាម​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​«​បេសកកម្ម ៧២ ម៉ោង​»​របស់​ទូរទស្សន៍​សុី​ធី​អិន ដោយ​ចាប់​ដៃគូ​ជាមួយ វី​ជេ រតនា គេ​បានកត់សម្គាល់​ឃើញថា អ្នក​បង្ហាញ​ម៉ូដ​ម្នាក់នេះ​កាន់តែ​មាន​ប្រជាប្រិយភាព ។

ប៉ុន្តែ​កាលណោះ​មានការ​ឆ្ងល់​ថា តើ​មាន​អ្នកណា​នៅ​ពីក្រោយ​ខ្នង បានជា អុឹ​ង និមល អាច​វិ​វ​ឌ្ឍ​ខ្លួន​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​សុី​ធី​អិន​បាន​លឿន​ដូចនេះ​? លោក អុឹ​ង រដ្ឋា ជា​អ្នក​ជ្រោមជ្រែង ឬ មាន​អ្នកផ្សេង​ដែលមាន​ទឹកមាត់ប្រៃ​ជាង​នេះ​? អុឹង និមល ក៏​ជា​បុគ្គលិក​ពេញសិទ្ធិ​របស់​ទូរទស្សន៍​សុី​ធី​អិន​ផងដែរ ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​មិនបាន​ឃើញ អុឹ​ង និមល មាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​ណា​ទេ ។ អុឹង និមល ប្រាប់ថា ខាង​ទូរទស្សន៍​កំពុង​រៀបចំ​កម្មវិធី​ថ្មីៗ នាង​រំពឹងថា នឹង​បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ណាមួយ​នៅពេល​ឆាប់ៗ​នេះ ។ អុឹ​ង និមល ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ ដែលមាន​រូប​សម្រស់​ស្រស់ស្អាត រូបរាង​តូច​ច្រឡឹង រួមផ្សំ​ជាមួយនឹង​ការតុបតែង​ខ្លួន​បែប​ទាន់សម័យ​ផង​នោះ កាន់តែ​ធ្វើឱ្យ​សម្រស់​របស់​នាង​លេចធ្លោ​មួយកម្រិត​ទៀត ។

កន្លងមក​នាង​ធ្លាប់​ជំពប់​ជាមួយនឹង​រឿង​ស្នេហា​ជា​បន្តបន្ទាប់ ។ អ្នកខ្លះ​ថា នាង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ពោះម៉ាយ ព្រីង ច័ន្ទ​បុត្រ ក្រោយមក​ក៏​ងាក មក​សាង​សម្ពន្ធភាព​ស្នេហ៍​ជាមួយ​ប្អូនប្រុស​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជាដើម ។ យ៉ាងណា អុឹ​ង និមល បាន​ចេញមុខ​បដិសេធ​ដោយ​អះអាងថា ជាការ​រាប់អាន​បែប​មិត្តភក្តិ ។ អុឹ​ង និមល បាន​បន្ថែមថា​« សព្វថ្ងៃ​ខ្ញុំ​គ្មាន​គូស្នេហ៍​ទេ តែ​ក៏​មិន​អត់​អ្នក​ស្រឡាញ់​ដែរ អ្វីដែល​សំខាន់​នោះ​សម្រាប់​ខ្ញុំ​គឺ​ការងារ ។ មិន​លាក់បាំង​ទេ ខ្ញុំ​ចូលប្រឡូក សិល្បៈ​ដោយសារតែ​បញ្ហា​ជីវភាព ហើយ​ពេលនេះ​ក៏បាន​ប្រសើរ​ជាង​មុន​ដែរ​»​។ ប៉ុន្តែ​យ៉ាងណា​ស្រី​ស្រស់​រូបនេះ​បញ្ជាក់ថា ភាពមានបាន​ទាំងនេះ​ជាការ​ខិត ខំប្រឹងប្រែង​របស់​នាង​មិនមែន​បានមក​ដោយ​ការឧបត្ថម្ភ​ពី​នរណាម្នាក់​ឡើយ ៕​សុធា​រៈ​



​ ​ ​ ​ ​ ​

Related