ពលរដ្ឋ​១៥​គ្រួសា​​នៅ​ជាយ​ដែនកម្ពុជា-ថៃ ចោទ​ថា​ អ្នកមាន​អំណាច​​រំលោភ​​​យក​ដី សុំជួយ​​រក​​យុ​ត្តិ​ធ​ម៌

ក្រុង​ប៉ោយ​ប៉ែ​ត ៖  ប្រជាពលរដ្ឋ​១៥​គ្រួសារ​ រស់នៅ​ក្នុងភូមិ​អណ្តូង​​ថ្ម​មាស សង្កាត់​ផ្សារ​​កណ្តាល ក្រុង​ប៉ោយ​​ប៉ែ​ត ខេត្តបន្ទាយ​មាន​ជ័យជាប់​ព្រំ​ដែន​ថៃ បាន​រៀបរាប់​ប្រាប់​​អ្នក​សារព័ត៌មាន​​ថា ពួក​គាត់​ត្រូវ​បាន​​​​អ្នកមាន​អំណាច​ទឹក​លុយ​​មួយ​ចំនួន ​រំលោភ​បំពាន​យក​ដី​ធ្លីស្រែ​ចំការ​របស់​ពួក​គាត់​​យក​ទៅ​ធ្វើ​ជាក​ម្មសិ​ទ្ធិ​ផ្ទាល់ខ្លួន​ទាំង​​បំពាន ដោយ​គ្មាន​ខ្លាច​ក្រែងរអែង​ច្បាប់​បន្តិច​​សោះ​ឡើយ ។

តាម​ការ​បំភ្លឺ​ពី​លោក​ខៀវ សេ​ម អាយុ​៦៧​ឆ្នាំ​ ជា​តំណាង​ពលរដ្ឋ​១៥​គ្រួសារ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ បាន​រៀបរាប់​បន្ត​ថា​ ដីស្រែ​ចំការ​​ចំនួន​៣០​ហិ​កតានោះ ​គឺ​ពួក​គាត់​ជា​ពលរដ្ឋ​ចំនួន​១៥​គ្រួសារ ​ទទួល​បាន​ពី​ការ​បែងចែក​របស់​អាជ្ញាធរ​ភូមិ​​ក្នុង​១​គ្រួ​សារ បាន​ចំនួន​​២​ហិ​កតា សម្រាប់​បង្កបង្កើន​ផល​ធ្វើស្រែ​ចំការ ​ដើ​ម្បី​ចិញ្ចឹមជីវិត​ក្នុង​ក្រុម​គ្រួសារ​​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ ។ តែ​លុះ​មក​ដល់​ឆ្នាំ​១៩៩៩​ ស្រាប់តែ​មាន​ជន​ខិលខូច​មួយ​ក្រុម​ បាន​មក​រំលោភ​បំពាន​យក​​ដី​របស់​ពួក​គាត់​​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​​ជា​អ្នកមាន​លុយ​និង​​មាន​អំណាច​តែ​ម្តង​។

បន្ទាប់​​មក​ពួក​គាត់​បាន​កើត​ទុក​មិន​សុខចិត្ត​ ក៏​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ឲ្យ​​អាជ្ញាធរ​តាំងពី​ថ្នាក់​ក្រោម​ រហូត​ដល់​ថ្នាក់លើ​ឲ្យ​ជួយ​ដោះ​ស្រាយ​​រក​យុ​ត្តិ​ធ​ម៌ផង​ដែរ ។ តែ​រហូត​មក​ទល់​ពេល​នេះ ជម្លោះដីធ្លី​មួយ​កន្លែង​​នេះ ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ មិន​ទាន់​អាច​ដោះស្រាយ​ចប់​នៅ​ឡើយ​ទេ ។

ប្រ​ព​ភ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​ដែល​មាន​អំណាច​ទឹក​លុយ បាន​រំលោភ​បំពាន​យក​ដី​របស់​ពួក​គាត់​នោះ​មាន​ ១-​ឈ្មោះហង្ស សុ​ផៃ
(​ហៅ​ប្រុស​) ​ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ឋានន្តរ​ស័ក្តិ​​ជា​​វរសេនីយ៍ ​និង​មាន​តួនាទី​ជា​មេបញ្ជាការរង​​​ក្រុង​​ប៉ោយ​ប៉ែ​ត, ២-​ឈ្មោះ​តាំង តេ​ង​ភាវ ជា​ថៅកែ​ឡាន​​ដឹក​ដី, ៣​-ឈ្មោះ​អ៊ឹ​ង លាង​ស្រ៊ុ​ន ជា​ថៅកែ​ផ្តាច់មុខ​ស្រា​បៀកម្ពុជា, ៤​-​ឈ្មោះ​ស៊ា ស្រូ​យ​ និង​​៥-​ឈ្មោះ​យាយ រិ​ន ។

ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួ​សារ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពួក​គាត់​បាន​ប្តឹង​តវ៉ាបញ្ហា​ជម្លោះដីធ្លី​នេះ ​តាំងពី​ថ្នាក់​ក្រោមរហូត​ដល់ក្រសួង​
យុ​ត្តិ​ធម៌ ​បាន​ចេញ​លិខិត​លេខ​១២១១ ចុះ​ថ្ងៃ​ទី​២០​ កក្កដា ឆ្នាំ​២០១២ និង​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៌ លោកអង្គ វង្ស​វ​ឌ្ឍា​នា ជម្រាប​ជូន​មក​ឲ្យ​លោក​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពិ​និ​ត្យ​​និង​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​។

ពលរដ្ឋ​បន្ត​ថា មិនតែប៉ុណ្ណោះ ​នៅ​មាន​លិខិត​របស់​ខុទ្ទកាល័យសម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ចេញ​លិខិតលេខ​៤០៧ ចុះ​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៥ ជម្រាប​មក​ឱ្យ​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ ពិនិត្យនិង​ដោះស្រាយនូវ​បញ្ហា​ទាំង​អស់នេះ ​ជូន​ពួក​គាត់​​ជា​ជន​រង​គ្រោះ​ទាំង​១៥​គ្រួសារ​​ផង​ដែរ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បន្ទាប់​មក​ទៀត សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចេញដីការក្សា​ការពារ​លេខ​៥២ ចុះ​ថ្ងៃ​ទី​៣១​ កក្កដា ​២០១៤ ដោយ​ចៅក្រម ឡូយ ចាន់​ត្រា ហាម​ដល់​គូភាគី​ជម្លោះ​ទាំង​សងខាង មិន​ឲ្យធ្វើ​សកម្មភាព លក់ ដូរ ផ្ទេរ​
សិ​ទ្ធិ ជួលព័ទ្ធ​​របង​​ចាក់​ដី ធ្វើការ​សាងសង់​ផ្សេ​រ​ៗនៅ​លើ​ដី​ទីតាំង​​ទំនាស់​ឡើយ ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ថា សាលក្រម​រក្សារ​ការពារ​របស់​តុលាការ​ដែល​តាក់តែង​ឡើង​ដោយ​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណា​​ចក្រ​កម្ពុជា តម្រូវ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​គោរព​គ្រប់​គ្នា​ៗ​គ្នា​នោះ​គឺ​វា​ផ្ទុយ​ស្រឡះ​តែ​ម្តង ។ ពួក​គាត់​ជា​ពលរដ្ឋ​ក្រីក្រ ​បាន​នាំ​គ្នា​គោរព​យ៉ាង​ត្រឹម​​ត្រូវ​បំផុត ។ តែ​ចំពោះ​បក្សពួក​គូភាគី​ម្ខាង​ទៀត ​ដែល​ជា​អ្នកមាន​អំណាច​ទឹក​លុយ​នោះ មិន​ត្រូវ​បា​គោរព​ច្បាប់អំណាច សាលក្រម​របស់​តុលាការ​ឡើយ ។ ដោយ​ពួក​គេ​បាន​នាំ​គ្នា​បំពាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ភ្ជួរ​រាស់​លើ​ដីស្រែនោះ​តាមតែ​អំពើ​ចិត្ត​តែ​ម្តង នា​ពេល​បច្ចុប្បន្ន​នេះ​។

ចំណែក​លោក​តាំង តេ​ង​ភាវ និង​លោក​អ៊ឹ​ង លាង​ស្រ៊ុ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​ជម្លោះដីធ្លី​នេះ​គឺ​លោក​មិន​បា​បំពានទៅ​​លើ​សាលក្រម​រក្សា​ការពារ​របស់​តុលាការ​នោះ​ទេ​!​ហើយ​គ្រឿងចក្រ​ដែល​កំពុង​ព្យួរ​រាស់​ដី​នោះ គឺ​ធ្វើ​នៅ​លើ​ដី​កម្ម​សិ​ទ្ឋ​ផ្សេង របស់​លោក​តែ​ប៉ុណ្ណោះ​!  គឺ​មិន​ប៉ះពាល់​នៅ​លើ​ចំណុច​ដី​ទីតាំង​ទំនាស់​នោះ​ឡើយ ។

ទោះជា​បែប​ណា​ក្តី​ប្រជាពលរដ្ឋ​១៥​គ្រួ​សារបាន​នាំ​គ្នា​ចោទប្រកាន់​ថា គូភាគី​ទំនាស់​ទាំងនោះ បាន​បំពាន​ភ្ជួរ​រាស់​លើ​ដី ដែល​មាន​បញ្ហា​ទំនាស់ ! ហើយ​ពួក​គាត់​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ​ពាក់​ព​ន្ឋ័ ក៏​ដូច​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រ​រាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍ រក​យុ​ត្តិ​ធ​ម៍​ដល់​ពួក​គាត់​ជា​ជន​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ចៀស វាង​កុំ​ឲ្យ​ជនខិលខូច​មួយ​ចំនួន​តូច ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​បាន​គិតគូ​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បំពាន​យក​ដី​ពលរដ្ឋ​ស្លូតត្រង់​តាមតែ​អំពើ​ចិត្ត​បែប​នេះ​តទៅ​ទៀត ។

ចំណែក​លោក​គោ ស៊ុំ​សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិការ​នេះ​ឲ្យ​ដឹង​ថា ជុំវិញ​បញ្ហា​ជម្លោះដីធ្លី របស់​ពលរដ្ឋ​១៥​គ្រួសារ​នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ ក្រុង​ប៉ោយ​ប៉ែ​ត ជាប់​ព្រំដែន​ថៃ នោះ​គឺ​លោក​បានដឹង​ហើយ ថែម​ទាំង​បាន​ចាត់​ឲ្យ​គ​ណះ​កម្ម​ការ​ចុះ​ត្រួត​ព​និត្យ​ជាក់ស្តែង​ផង​ដែរ កាលពី​អំឡុង​ខែមិថុនា​កន្លង​មកនេះ ។ លោក​អភិបាលខេត្ត​គោ ស៊ុំ​សា​រឿ​ត បាន​បញ្ជាក់​បន្ត​ថា ប៉ុន្តែ​ដោយសារ​រឿងរ៉ាវ​ទាំង​អស់នោះ ខាង​តុលាការ បាន​ចេញ​ដីកា រក្សា​ការពារ​រួចរាល់​ហើយ​នោះ គឺ​វា​ផុត​ពី​ការងារ​រដ្ឋបាល​របស់​សាលាខេត្ត ដែល​ត្រូវ​ដោះស្រាយ ដូច្នេះ​រឿង​ក្តី​នេះ​ទុក​ឲ្យ​ខាង​តុលាការ គេ​ចាត់ចែង​ទៅ​តាម​និ​តិ​វិធី​ចុះ ៕