បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ រាលដាល​កាន់តែខ្លាំង​

បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប​ធំៗ​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាក់ស្តែង​ករណី​រថយន្ត​យី​ឌុប​ដឹកជញ្ជូន​ឈើ​ប្រណីត​២​គ្រឿង​ក្រឡាប់ កាលពី​យប់​ទី​២៦​និង​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់បាត់​បង់ជីវិត គឺជា​ភស្តុតាង​បង្ហាញថា បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ពុំមាន​ការថយចុះ​នោះទេ​។

​ករណី​ទី​១-​រថយន្ត​យី​ឌុប​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្រឡាប់​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់បាត់​បង់ជីវិត​ដាច់​ជា​កំណាត់ៗ​គួរ​ឲ្យ​រន្ធត់​។ ករណី​ទី​២-​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្រឡាប់​នៅវេលា​ម៉ោង​៥​ជិត​ភ្លឺ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា នៅ​ចំណុច​ភូមិ​ដកពរ ឃុំ​ទ្រៀក ស្រុក​មេមត់ ធ្លាក់​ចេញ​សុទ្ធតែ​ឈើ​ប្រណីត ហើយ​ពុំមាន​អ្នករងរបួស​នោះទេ​។ ប្រការនេះ​បានធ្វើ​មជ្ឈដ្ឋាន​នានា​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ភាពហិនហោច​នៃ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ស្រេច​តែ​អំពើ​ចិត្ត​។ ក្នុងចំណោម​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នៅតែមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដោយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកជញ្ជូន​ឈើ​ប្រណីត​ដែល​ក្រឡាប់​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ គឺជា​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ ភ័ក្ដ្រ និង​ឈ្មោះ ពៅ​សក់​បះ ជា​អ្នករត់​ការបើកផ្លូវ​។ នៅពេល​រថយន្ត​ក្រឡាប់​អ្នក​រត់ការ​ទាំង​២​នាក់​នេះ ឆ្លេឆ្លា​យ៉ាងខ្លាំង​រក​រថយន្តស្ទូច​និង​រថយន្ត​ផ្សេង​មក​យក​ឈើ​ចេញពី​កន្លែងកើតហេតុ​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ដោយ​រលូន​គ្មាន​ឧបសគ្គ​។ ប្រការនេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ឈើ​ប្រណីត​ដូចជា សុ​ក្រំ បេង នាងនួន និង​ធ្នង់​ជាដើម នៅតែ​ត្រូវ​ឈ្មួញ​កាប់​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​៕

W@t-271127 image