បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្តពោធិ៍សាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​

កន្លងមក​សមត្ថកិច្ច​ខេត្តពោធិ៍សាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី ហើយ​ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​យកទៅ​កសាង​សំណុំរឿង​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង និង​បទល្មើស​ផ្សេងៗ​ទៀត​រួមទាំង អំពើ​ឃាតកម្ម​និង​ចោរកម្ម​ក្នុង​ក្រុង​ពោធិ៍សាត់ និង​បណ្តា​ស្រុក​នានា នៅតែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត និង​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ឡើងវិញ​។

កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​វាលវែង ឃាត់ខ្លួន​ខណៈដែល​ពួកគេ​កំពុង​ជក់​គ្រឿងញៀន​នៅផ្ទះ​ឈ្មោះ ហេង ពុទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា រស់នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ការឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៥​នាក់​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថ្មដា គាំទ្រ​សមត្ថកិច្ច​យ៉ាងខ្លាំង​ក្លា ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ បទល្មើស​គ្រឿងញៀន​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម និង​នាំ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ជាច្រើន​ករណី​គួរ​ឲ្យ​ភ័យខ្លាច​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​រិះគន់ថា ស្នងការ​នគរបាល​ខេត្ត​ពោ​ធ៍​សាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ជាពិសេស​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរខេត្ត​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ជុំវិញ​បញ្ហា​នេះ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​បញ្ហា​អសន្តិសុខ​នៅក្នុង​ខេត្តពោធិ៍សាត់​ផងដែរ ព្រោះ​បច្ចុប្បន្ន​បទល្មើស​គ្រឿងញៀន អំពើចោរកម្ម ល្បែងស៊ីសង និង​បទល្មើស​ព្រៃឈើ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល​៕

ឯឧ.ម៉ៅ-ធនិនលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ that-0730