ណាត់ជួប​សង្សារ​នៅផ្ទះ​សំណាក់​ជាប់ចោទ​ចាប់រំលោភ

ខេត្តកំពត ៖ យុវជន​ម្នាក់​ឈ្មោះ ឆេ​ង ប៊ឹ​ង អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត ខាងជើង ស្រុក​កំពង់ត្រាច ត្រូវ​បាន​នគរបាលព្រហ្មទណ្ឌ​ស្រុក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា នៅផ្ទះ​សំណាក់​រ័​ត្ន​តារា​មុខ​ផ្សារ​កំពង់ត្រាច ។

យុវជន​រូប​នេះ​និយាយ​ថា រូបគេ​ត្រូវ​បាន​សង្សារ​ចោទប្រកាន់​ពេល​ណាត់គ្នា​មក​ផ្ទះសំណាក់ ហើយ​បាន​ក្លាយជា​អ្នកទោស​ដោយ​នាង​ចោទ​ថា​ចាប់រំលោភ ។ គេ​បាន​អះអាង​ថា ការ​ស្គាល់គ្នា​នេះ​មាន​រយៈពេល​ជាង​២​ខែ​មក​ហើយ គឺ​ជួប​គ្នា​ដំបូង​នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា នាង​បាន​ទូរស័ព្ទ​ហៅ​រូបគេ​ឱ្យទៅ​ជួប​នៅផ្ទះ​សំណាក់​ខាងលើ ។ បន្ទាប់​ពី​ជួប​គ្នា​ហើយ​មិន​ទាន់​បាន​អី​ៗ​ផង រូបគេ​ក៏​ទៅ​ផ្ទះ​វិញ តែ​នាង​បាន​ទូរស័ព្ទ​ហៅ​ម្តងទៀត ដោយ​ប្រាប់​ថា មិន​ហ៊ាន​ដេក​ម្នាក់ឯង​ទេ ។ គ្រាន់តែ​រូបគេ​មក​ដល់​ផ្ទះសំណាក់​ភ្លាម ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្តង ។

ចំណែក​នារី​ដែល​អះអាង​ថា​ជា​អ្នក​រង​គ្រោះ​និយាយ​ថា យុវជន​រូប​នេះ​គឺជា​សង្សារ​របស់​នាង ហើយ​នាង​មិន​បាន​ណាត់​ទេ គឺ​គេ​ណាត់​នាង​ឱ្យមក​ផ្ទះសំណាក់​ស្រាប់តែ​បង្ខំ​រួមរ័ក ។ ដូច្នេះ​ហើយ​បានជា​នាង​ឈឺចាប់ ក៏​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​ទៅ ។

តាម​ក្រុម​សាច់ញាតិ​របស់​យុវជន ឆេ​ង ប៊ឹ​ង និយាយ​ថា ខាង​ស្រី​គេ​មិន​យល់ព្រម​រៀប​ការ​ជាមួយ​ទេ គេ​ទារជំងឺចិត្ត​ជា​ទឹកប្រាក់​១.៥០០​ដុល្លារ ។ ការ​ទាមទារ​នេះ​ក្រុម​គ្រួសារ​ក៏​ព្រម​ប្រគល់​លុយ​ទៅ​ឱ្យ​នារី​នោះ​ដែរ តែបើ​ទោះបី​ព្រម​ទទួល​ប្រាក់​ក៏​ដោយ​ក៏​មិន​អាច​រួចខ្លួន​ដែរ ព្រោះ​អ្នកជាប់ចោទ​នៅ​ក្នុង​កណ្តាប់ដៃ​នគរបាល​ស្រុក ត្រូវ​បញ្ជូន​នគរបាល​ខេត្ត និង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ទៀត ។

ករណី​នេះ ទោះបី​មានការ​យល់ព្រម​ទាំង​ដើមបណ្តឹង ទាំង​ចុងចោទ​ក៏​ដោយ ក៏​នគរបាល​ស្រុក​ធ្វើ​កំណត់ហេតុ​ដោយ​ចោទ​ថា ជន​ដែល​រង​ការ​ចោទប្រកាន់​ពី​នារី​ជា​សង្សារ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕