បើករថយន្ត​ប៉ះ​គេ​មិន​ព្រម​ឈប់​ដេញ​តាម​មក​ឃើញ​បែក​កង់​ព្រោះ​ដឹកឈើ​គ្រញូង

បើករថយន្ត​ប៉ះ​គេ​មិន​ព្រម​ឈប់​ដេញ​តាម​មក​ឃើញ​បែក​កង់​ព្រោះ​ដឹកឈើ​គ្រញូង

ខេត្តពោធិ៍សាត់ ៖ រថយន្ត​បា​ឡែ​ន ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-5839 មួយ​គ្រឿង​បាន​បើក​មក​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា មិន​ឈប់​ដោះស្រាយ​បែរជា​ព្យាយាម​បើក​រត់ ប៉ុន្តែ​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​បើក​ដេញ​តាម​ជាប់​រហូត​ធ្វើ​ឲ្យ​រថយន្ត​បង្កហេតុ​នោះ​ទំនងជា​ភ័យ​ក៏​ទាញ​ចង្កូត​គេច​ចូល​ផ្លូវ​អ្នកតា​ឃ្លាំងមឿង ស្រាប់តែ​បែក​កង់​នៅ​ទីនោះ​ហើយ​អ្នកបើកបរ​បាន​ទុក​រថយន្ត​ចោល​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។ រីឯ​អ្នក​បើករថយន្ត​ដេញ​តាម​បាន​ឈប់ ហើយ​ចុះ​បើក​មើល​ក្នុង​រថយន្ត​ដែល​បែក​កង់​នោះ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។

ករណី​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ប៉ុន្តែ​ដេញ​មក​បែក​កង់​នៅ​ជិត​បូជនីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ ខាន់ ខៀវ ស្ថិត​ក្នុងភូមិ​ជំរំ​សៀម សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ។ មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច មេព្រៃ និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​បាន​ទៅ​ដល់​ពិនិត្យ​ឃើញ​បទល្មើស​ជាក់ស្ដែង​ក៏​នាំ​យក​ទាំង​រថយន្ត និង​ឈើ​ប្រណីត​ទាំងនោះ​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​បំពេញបែបបទ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី យឹ​ម ប៊ុ​ន​ធឿ​ន ជា​ម្ចាស់​រថយន្ត Fort Ranger ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1035 ដែល​ត្រូវ​រថយន្ត​បទល្មើស​បើក​មក​បុក​នោះ​បាន​ប្រាប់​ថា លោក​ធ្វើ​ទាហាន​នៅ​ការិយាល័យ​ព្រំដែន​គោក​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​មាន​គ្នា​ពីរ​នាក់ ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ស្រាប់តែ​រថយន្ត​បា​ឡែ​ន​ខាងលើ​បើក​មក​បុក​ពីក្រោយ តែ​ម្ចាស់​រថយន្ត​បង្ក​មិន​ព្រមឈម​និយាយ​គ្នា​ទេ បែរជា​ព្យាយាម​បើករ​ត់ទៅ​មុខ​លឿន​ស្លេវ ។ ភ្លាម​ៗ​នោះ​លោក​បាន​បើក​ដេញ​តាម​ពីក្រោយ​ជាប់​រហូត​ចូល​តាម​ផ្លូវ​អ្នកតា​ឃ្លាំងមឿង លុះ​ទៅ​ដល់​ភូមិ​ជំរំ​សៀម សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ រថយន្ត​បា​ឡែ​ន​នោះ​បែក​កង់​មុខ​ខាងឆ្វេង​បន្តដំណើរ​ទៅ​មុខ​លែង​រួច រីឯ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ទុក​រថយន្ត​ចោល​នៅ​ទីនោះ ហើយ​នាំ​គ្នា​គេចខ្លួន​បាត់ ។ ពេល​លោក​ចុះ​ទៅ​មើលឃើញ​ក្នុង​រថយន្ត​សុទ្ធតែ​ឈើ​គ្រញូង​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។

លោក ជា ប៊ុ​ន​លី នាយ​សង្កាត់​សំពៅ​មាស​បាន​ប្រាប់​ថា ក្រោយ​ពី​ពិនិត្យ និង​រាប់​រួច​ឃើញ​ឈើ​ដែល​នៅ​ក្នុង​រថយន្ត​នោះ​ជា​ប្រភេទ​ឈើ​គ្រញូង​មាន​ចំនួន​៧៥​ដុំ ទម្ងន់​៤៥២​គីឡូក្រាម ។ រថយន្ត​និង​ឈើ​ប្រណីត​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ៕