អ្នក​ភូមិ​ស្រែគរ​ខែត្រ​ស្ទឹងត្រែង​បារម្ភ​ពី​ការ​ដាក់​អួន​យក​ត្រី​ខុស​ច្បាប់

ពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​ដាក់​អួន​ចាប់​ត្រី​ខុស​ច្បាប់​ច្រើន​កន្លែង​តាម​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ដែល​ពុំ​ឃើញ​មាន​ការ​បង្ក្រាប។ ក្តី​បារម្ភ​នេះ​បន្ទាប់​ពី​ការ​ប្រមូល​ផល​ត្រី​ដង​ទន្លេ​របស់​ប្រជា​នេសាទ​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​ធ្លាក់​ចុះ។ ចំណែក​អ្នក​ភូមិ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បន្ទាប់​បន្សំ ស្ទើរ​តែ​មិន​អាច​ប្រមូល​ផល​ត្រី​បាន។

អ្នក​ភូមិ​ស្រែគរ នៃ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ ឬ​មន្ត្រី​រដ្ឋបាល​ផល​ចុះ​ស៊ើប​អង្កេត​ទាក់ទិន​បទល្មើស​នេសាទ​តាម​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​បទល្មើស​នេសាទ​នៅ​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក យ៉ាង​អនាធិបតេយ្យ ហាក់​ពុំ​មាន​ការ​ទប់​ស្កាត់។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន គឺ​លោក សុត វ៉ាន់ រៀបរាប់​ថា បច្ចុប្បន្ន​ឃុំ​ស្រែគរ មាន​អួន​ចំនួន ៥​កន្លែង ត្រង់​ចំណុច​ជួរពោន ជួរប៊ីខែត ជួរស៊ិនសឿ និង​ជួរផ្តាន់ បាន​ដាក់​រាំង​ខ្ទប់​ចាប់​ត្រី​ចន្លោះ​ទឹក​ហូរ​ច្រោះ​ទន្លេ​ប្រវែង​ពី ២០​ម៉ែត្រ ដល់​ជាង ៣០​ម៉ែត្រ។ អួន​នេះ​អាច​មាន​លទ្ធភាព​ប្រមូល​ផល​ត្រី​ធំៗ​ជា​ច្រើន​ប្រភេទ និង​ច្រើន​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃៗ។

លោក​អះអាង​ថា មេ​ប៉ុស្តិ៍​ស្រែគរ លោក ថាយ ស៊ុនអ៊ី ទំនង​ជា​ឃុបឃិត​ជាមួយ​ឈ្មួញ​ដាក់​អួន​ខុស​ច្បាប់ ខណៈ​ដែល​បទល្មើស​នេះ បាន​កើត​ឡើង​ដដែល​ពុំ​មាន​ការ​បង្ក្រាប៖ «ខ្ញុំ​បារម្ភ​រឿង​ត្រី​ហ្នឹង​ហើយ អា​ត្រី​ល្អ​វា​ចូល​ក្នុង​ប្រឡោះ​ហូរ​ហ្នឹង។ ត្រី​រឹតតែ​យ៉ាប់យ៉ឺន​ទៅៗ​ពិបាក​ណាស់។ យើង​ទៅ​បង់​សំណាញ់​ដាក់​មង​មិន​បាន​ទេ ឥឡូវ​នោះ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ប៉ុស្តិ៍​ស្រែគរ លោក ថាយ ស៊ុនអ៊ី បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ ដោយ​អះអាង​ថា កន្លង​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រែគរ ធ្លាប់​រឹប​អូស​អួន​ចំនួន ៧​ករណី តាំង​ពី​ចុង​ឆ្នាំ​២០១៤ ទល់​បច្ចុប្បន្ន។ លោក​ទទួល​ស្គាល់​ដែរ​ថា ករណី​ដាក់​អួន​ក្នុង​ទន្លេ​ពិត​ជា​កើត​មាន​មែន​តែ​ករណី​នេះ ធ្វើ​ឡើង​ដោយ​ការ​លួច​លាក់៖ «បើ​គាត់​ចង់​សហការ​គាត់​ថា មាន​អួន ឥឡូវ​នៅ​ត្រង់​ណា​គាត់​សហការ​ជាមួយ​សមត្ថកិច្ច​មក។ ខាង​នោះ​បង​ប្អូន​គេ​មាន​ទូក​ច្រើន។ ទូក​គេ​ខ្ចី​បាន​ម្ដងម្កាល ព្រោះ​ថា យើង​អត់​មាន​ទូក»

​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ជាង ២០០​នាក់ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ស្នើ​ឲ្យ​អធិការ​ស្រុក​សេសាន ដក​មេ​ប៉ុស្តិ៍​ឃុំ​ស្រែគរ លោក ថាយ ស៊ុនអ៊ី ចេញ​ពី​តួនាទី បន្ទាប់​ពី​អ្នក​ភូមិ​រក​ឃើញ​ថា មេ​ប៉ុស្តិ៍​រូប​នោះ​ជាប់​ពាក់ព័ន្ធ​នេសាទ​ខុស​ច្បាប់ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ និង​ឈ្មួញ​ដាក់​អួន​ក្នុង​ទន្លេ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន​មើល​ឃើញ​ថា មេ​ប៉ុស្តិ៍ មន្ត្រី​ជំនាញ អាជ្ញាធរ និង​សហគមន៍​នេសាទ​ហាក់​ដូចជា​មិន​ចុះសម្រុង​គ្នា​ក្នុង​ការ​ឃ្លាំមើល​បទល្មើស​នេសាទ​នៅ​មូលដ្ឋាន ដែល​ជា​ដើមចម​បង្ក​ឲ្យ​បទល្មើស​នេះ​ងាយ​កើត​ឡើង។

លោក មៀច មាន សង្កត់​ធ្ងន់​ថា ករណី​កើត​មាន​បទល្មើស​នេសាទ​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អសកម្ម​របស់​មន្ត្រី ខណៈ​ដែល​ការ​សហការ​គ្នា​ទប់ស្កាត់​រវាង​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ហាក់​ទន់ជ្រាយ​នៅ​ឡើយ៖ «កន្លែង​ដែល​កើត​គឺ​រឿង​ដដែលៗ នៅតែ​កន្លែង​ហ្នឹង​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ។ ម្ចាស់​អ្នក​ធ្វើ​ហ្នឹង​គឺ​អត់​មាន​អ្នក​ថ្មី​ទេ គឺ​មាន​ដដែលៗ​ដូច​គ្នា។ ចំណុច​ត្រង់​ហ្នឹង​បញ្ជាក់​ថា វា​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ក្នុង​ហ្នឹង ទើប​អាច​ដាក់​បាន»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខែត្រ​ស្ទឹងត្រែង លោក ប៉ែន ឈុនឌី ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។

មេឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ដោយ​ការ​ដាក់​អួន​ក្នុង​ទន្លេ​ពិត​ជា​កើត​មាន​មែន ដែល​អាជ្ញាធរ​ឃុំ​ធ្លាប់​ប្រជុំ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នកភូមិ​ស្ដីពី​ច្បាប់​ជលផល​កន្លង​មក៖ «ក្នុង​ចង្កោម​ឃុំ​ហ្នឹង ដល់​យើង​ចុះ​ទៅ​ស្ងាត់ៗ​គ្នា​គេ​ចល័ត​ទូរស័ព្ទ​ប្រាប់។ ដល់​អ៊ីចឹង​ពិបាក​ដល់​យើង​ចុះ​ទៅ​ម្តងៗ​ហ្នឹង»

លោក មៀច មាន ឲ្យ​ដឹង​ទៀត​ថា អួន​ដែល​ឈ្មួញ​ដាក់​ឋិត​ក្នុង​ចន្លោះ​ខ្សែទឹក​ហូរ​ខ្លាំង ឬ​ផ្នែក​ម្ខាង​នៃ​ទន្លេ​ដែល​មាន​ទឹក​ហូរ​ច្រោះ ដូចជា​នៅ​តំបន់​ក្បែរ​ស្ពាន​ស្រែពក មក​ទល់​នឹង​ទំនប់​វារីអគ្គិសនី និង​ទន្លេ​ចាប់​ពី​ឃុំ​ភ្លុក ដល់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ មាន​ជា​ច្រើន​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។