គណបក្ស​សង្គ្រោះ​ជាតិ​ចាត់តាំង​មន្ត្រីជាន់ខ្ពស់​ឲ្យ​ចុះ​ពង្រឹង​គោលនយោបាយ​តាម​ខេត្ត​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌​មាននៅ​ចុង​សប្តាហ៍​នេះ​ថា​គោលបំណង​នៃ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ចុះទៅ​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក​បក្ស​គឺ​ដើម្បី​ប្រាប់​ពួកគេ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន គោលជំហរ​របស់​គណ​បក្ស និង​កម្មវិធី​គោលនយោបាយ​សម្រាប់​ចូលរួម​ការបោះឆ្នោត​ឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​និយាយ​អំពី​គោលជំហរ​នៃ​ការយក​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​ដោយ​សន្តិវិធី​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្តថា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លើកយក​បញ្ហា​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​បំពេញបេសកកម្ម​នៅ​បរទេស និង​យុទ្ធសាស្ត្រ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​ចូលរួម​ឆាកនយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​អ្នកគាំទ្រ​។​

​គួរ​បញ្ជាក់ថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ចាត់តាំង​មន្ដ្រីជាន់ខ្ពស់ ៦ រូប​ដោយ​បែងចែក​ជា​បី​ក្រុម ដើម្បី​ឲ្យ​ចុះទៅ​ធ្វើការ​ពន្យល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅដល់​សមាជិក​របស់ខ្លួន​ថ្នាក់មូលដ្ឋាន​ទូទាំងប្រទេស​កម្ពុជា​។ ការចាត់តាំង​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចុះទៅ​ពង្រឹង​គោលនយោបាយ​តាម​មូលដ្ឋាន​នេះ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​អំពី​យុទ្ធសាស្ត្រ​នយោបាយ​រយៈពេល​ខ្លី មធ្យម និង​វែង​។​

​ជុំវិញ​បញ្ហា​នេះ គេ​សង្កេតឃើញថា មន្ត្រី​ចុះ​ពង្រឹង​មូលដ្ឋាន​រួមមាន ក្រុមទី​១​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ នឹង​ចុះទៅ​ជួប​ជាមួយ​មេដឹកនាំ​ប្រចាំខេត្ត​ព្រៃវែង ខេត្តស្វាយរៀង កណ្តាល កំពត កែប តាកែវ កំពង់ស្ពឺ ព្រះសីហនុ និង​ខេត្តកោះកុង​។ ក្រុមទី​២​ដឹកនាំ​ដោយ​លោក យឹម សុវណ្ណ និង លោក គឹម សួរ​ភិ​រិ​ទ្ធ នឹង​ចុះទៅ​ជួប​ជាមួយ​មេដឹកនាំ​ប្រចាំខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ប៉ៃលិន និង​ភ្នំពេញ​។ ក្រុមទី​៣​ដឹកនាំ​ដោយ​លោក ម៉ៅ មុនី​វណ្ណ និង​លោក សុន ឆ័យ នឹង​ចុះទៅ​ជួប​ជាមួយ​មេដឹកនាំ​ប្រចាំ​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​កំពង់ចាម​៕

12039273_995159083882173_6640593629156826091_n 12310571_995158837215531_8682379774456147460_n 12316667_822749747843252_3303363305817182088_n