ក្រ​ទ្បា​ប់​រថយន្ត​ធុន​យក្ស​ដឹកឈើ​សុ​ក្រំ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​2​នាក់

ក្រ​ទ្បា​ប់​រថយន្ត​ធុន​យក្ស​ដឹកឈើ​សុ​ក្រំ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​2​នាក់

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​យក្ស​១​គ្រឿង​មិន​មាន​ស្លាក​លេខ ដឹកឈើ​សុ​ក្រំ​ពេញ បាន​ជួបនឹង​ហេតុការណ៍​បើក​ធ្លាក់​ផ្លូវជាតិ​លេខ​៧ ក្រ​ទ្បា​ប់​បះជើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា នៅ​ចំណុច​ផ្លូវ​កោង​ចុះ​ទួល​ក្នុងភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបរ​និង​ព្រូ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មេមត់​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​នេះ​ម៉ាក​ហ៊ី​ណូ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​ល្បឿន​លឿន ។ ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ យក​ចង្កូត​មិន​ទាន់​ក៏​បណ្តាល​ឱ្យ​ធ្លាក់​ផ្លូវ ក្រឡាប់​បះជើង ដោយ​ឈើ​សុ​ក្រំ​មានមុខ​កាត់​ធំ​ៗ បាន​រុញ​ទម្លុះ​កាប៊ី​ន​ខ្ទេច ហើយ​ឈើ​បាន​ផ្លោង​ខ្ទាត​ធ្លាក់​រាយ​ប៉ាយ​ពេញ​មុខ​ផ្ទះ​អ្នកស្រុក ។

មន្ត្រី​នគរបាល​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបរ​ឈ្មោះ ប្រាក់ មា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ក្រ​ទ្បា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​ដាច់​ខ្លួន​ជា​កំណាត់​ៗ និង​ព្រូ​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គង​មហា ឃុំ​ក្រ​ទ្បា ក៏​ស្លាប់​ដែរ ។

លោក គឹ​ម ឈាង ដែល​មាន​យានដ្ឋាន​នៅ​ចំណុច​រថយន្ត​ក្រ​ទ្បា​ប់​នេះ ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​មើល​ទូរទស្សន៍​ចប់​ចូល​ដេក​មិន​ទាន់់​លក់​ផង ស្រាប់តែ​ឮ​សូរ​សំ​ទ្បេ​ង​បុក​យ៉ាង​ខ្លាំង​នៅ​មុខ​ផ្ទះ នា​វេលា​ម៉ោង​ជិត​១០​យប់​។ ពេល​នេ​ោះ ដំបូង​រោង​យានដ្ឋាន​ជួសជុល​របស់​គាត់​បាន​បាក់ ខូច​រថយន្ត​៣​គ្រឿង ចំណែក​ផ្ទះ​បងថ្លៃ​ឈ្មោះ ម៉ោ​ញ ទូច ដែល​បើក​របរ​ប៉ះ​អ៊ុត​កង់​រថយន្ត​ក៏​រង​ការ​ខូចខាត​ដែរ ។

មានការ​កត់​សម្គាល់ថា នៅ​ចំណុច​ផ្លូវ​កោង​នោះ​ហាក់បីដូចជា​កន្លែង​ជើងកប​មួយ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​ប្រហែល​១០​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។ ឈើ​ដែល​រថយន្ត​នេះ​ដឹក​មាន​ប្រហែល​៥០​ទៅ​៦០​ម៉ែត្រគូប ហើយ​គេ​ក៏​មិនដឹង​ថា ជា​របស់​អ្នក​ណា​ដែរ ៕​