មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី​៩​នៅ​កម្ពុជា​

Sanofi

កាលពី​រាត្រី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រោងភាពយន្ត​លេ​ជេន​ស៊ី​នេ​ម៉ា​ទួលគោក​ស្ថានទូត សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បានប្រកាស​បើក​មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី​៩​នៅ​កម្ពុជា ក្រោម​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​មកពី​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​


​ក្នុងឱកាស​នៃ​មហោស្រព​ភាពយន្ត​លើក​ទី​៩ ឆ្នាំ​២០១៥​នេះ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ជ្រើស​រើសយក​រឿង​ចំនួន​៥​ដែលជា​ស្នាដៃ អ្នកដឹកនាំ​រឿង​ដ៏​ឆ្នើម​របស់​កូរ៉េ គឺ​លោក លី ជន់​អ៊ី​ក​(LEE Joon Ik) មក ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រោងភាពយន្ត​លេ​ជេន​ស៊ី​នេ​ម៉ា ទួលគោក​។​


​លោក លី ជន់​អ៊ី​ក​(LEE Joon Ik) វ័យ​៥៦​ឆ្នាំ​ដែលជា​អ្នកដឹកនាំ​រឿង បានបញ្ជាក់​ថា​លោក​ពិត ជា​រំភើប​រីករាយ​ណាស់​ចំពោះ​ការដែល​ស្ថានទូត​កូរ៉េ​បានជ្រើសរើស​ខ្សែភាពយន្ត​ទាំង​៥​រឿង​មក​ដាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​លើក​ទី​៩​នេះ​។​


​កន្លងមក​លោក​លី ជន់​អ៊ី​ក​ធ្លាប់បាន​ដឹកនាំ​ខ្សែភាពយន្ត​ចំនួន​១១​រឿង​មកហើយ​ដោយឡែក ខ្សែភាពយន្ត​ទាំង​៥ ដែល​យកមក​ដាក់បញ្ចាំ​ង​នៅពេលនេះ​មាន​២​រឿង​ជា​រឿង​បែប​ប្រវត្តិសាស្ត្រ និង​៣​រឿង​ទៀត​ជា​ខ្សែភាពយន្ត​បែប​សម័យ​ទំនើប​បច្ចុប្បន្ន​។​

​លោក​ចង់​ធ្វើការ​ចែករំលែក​បទពិសោធ​ន៍​ជាមួយ​ផលិតករ នៅ​កម្ពុជា​ប្រសិនបើ​មានឱកាស​ណាមួយ​អំណោយផល ហើយ​លោក​ក៏​រំពឹងទុក​ដែរ​ថា នឹងមាន​ស្នាដៃ​ខ្សែភាពយន្ត​ដែល​ផលិត​រួមគ្នា​រវាង​ផលិតករ​ខ្មែរ និង​កូរ៉េ​នៅពេល​អនាគត​ផងដែរ​។​

​មានប្រសាសន៍​បើក​មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី​៩​នៅ​កម្ពុជា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា​មហោស្រព​ភាពយន្ត គឺជា​ទីកន្លែង​ជួបជុំ​សម្រាប់​ស្វែងយល់​ធ្វើការ​ផ្លាស់ប្ដូរ និង​ផ្តល់​ការគោរព​គ្នា​ទៅវិញទៅមក​ហើយ វា​គឺជា​ស្ពាន​ចម្លង​រវាង​ប្រជាជាតិ​មួយ​ទៅកាន់​ពិភពលោក ក្នុងការ​ផ្លាស់ប្ដូរ​វប្បធម៌ ចំណេះដឹង និង​បទពិសោធន៍ រវាង​មនុស្ស ជាតិ​ផងដែរ​។​

​តាមរយៈ​ស្នាដៃ​ជំនាញ​បច្ចេកទេស​ផលិត​របស់​ផលិតករ​កូរ៉េ នឹង​ផ្តល់​ជា​គំរូ​ឲ្យ​ផលិតករ​ភាពយន្ត​កម្ពុជា​សិក្សា​ស្វែងយល់​រៀង​សូត្រ​ដកស្រង់​បទពិសោធន៍​ល្អៗ​ជួយ​បង្កើន​សមត្ថភាព​ដល់​ពួកគេ​សម្រាប់​កសាង​ស្នាដៃ​ភាពយន្ត​របស់ខ្លួន​ឲ្យ​កាន់តែ​មានគុណ​ភាពល្អប្រសើ​រ​។ ស្នាដៃ​ខ្សែភាពយន្ត​ទាំង​៥​រឿង​របស់​ផលិតករ លី ជន់​អ៊ី​ក នឹង​ផ្តល់ឱកាស​ជាថ្មី​ម្តងទៀត​ដល់​ទស្សនិកជន ពិសេស​យុវជន​កម្ពុជា​ដើម្បី ស្វែងយល់​កាន់តែច្បាស់​ពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាជន​កូរ៉េ ពី​ភាព​រីកចម្រើន និង​ភាព​សម្បូរបែប​នៃ​ឧស្សាហកម្ម​ភាពយន្ត​កូរ៉េ​។​

ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ​ដែល​បាន​ជួយឧបត្ថម្ភ​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុងការ​អភិរក្ស​ថែរក្សា ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​កម្ពុជា ពិសេស​លើ​វិស័យ​ភាពយន្ត​។​

​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​សំខាន់​មួយ និង​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន​ដែល​និយម​គាំទ្រ​ភាពយន្ត​កូរ៉េ​។​

​ឯកឧត្តម គីម វុន​ជីន​(Kim Weon Jin)​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ក៏បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី​៩​នៅ​កម្ពុជា​នេះដែរ​៕ ដេវីត​

Related