ក្រុមហ៊ុន​វិនិយោគ​ផ្លូវថ្នល់ ដែល​គ្មាន​ការឯកភាព​ពី​ក្រសួង ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ករណី​មាន​ជម្លោះ​

ភ្នំពេញ: ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​ចង់​ធ្វើការ​វិនិយោគ​លើ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា ត្រូវធ្វើ​ការទាក់ទង​ជាមួយ​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយផ្ទាល់ ដើម្បី​ធានា​ទំនុកចិត្ត ជៀសវាង​ការខាតបង់​នូវ​ធនធាន ផលប្រយោជន៍ ឬ​មាន​ជម្លោះ​តាមរយៈ​កិច្ចព្រមព្រៀង​អាជីវកម្ម លើ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​មិនមាន​ការសម្រេច​ឯកភាព ពី​ក្រសួង​ស្ថាន​ប័ន​រាជរដ្ឋាភិបាល​។​

​ការប្រកាស​នេះ ធ្វើឡើង​ក្រោយ​មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ បានធ្វើ​ការប្រកាស តាម​ប្រព័ន្ធ​សារព័ត៌មាន ស្តីពី​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន ដែល​គម្រោង​ទាំងនោះ​មិនទាន់ មានការ​សម្រេច​ជា​ផ្លូវការ ពី​ស្ថាប័ន​ជំនាញ​របស់​រាជរដ្ឋាភិបាល ឬ​ពី​រាជរដ្ឋាភិបាល​នៅឡើយ​។​

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នឹងមិន​ទទួលខុសត្រូវ​រាល់​ការខាតបង់​នូវ​ធនធាន ផលប្រយោជន៍ ឬ​មាន​ជម្លោះ​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ធ្វើ​អាជីវកម្ម លើ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​មិនមាន​ការសម្រេច​ឯកភាព​ពី​ក្រសួង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល ឬ​ពី​រាជរដ្ឋាភិបាល​។ រាល់​លទ្ធផល​អវិជ្ជមាន ឬ​ជម្លោះ ដែល​នឹង​កើតឡើង ភាគី​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​ទទួលខុសត្រូវ ដោះស្រាយ ដោយ​ខ្លួនឯង​។ ដោយឡែក​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​គោលការណ៍​រួចហើយ ក្នុងការ​សិក្សា​វិនិយោគ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន តែ​មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​អស់​រយៈពេល​យូរ​មកហើយ ដែល​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានផ្តល់​ជូន​កន្លងមក នឹងត្រូវ​និរាករណ៍​។​

ក្រុមហ៊ុន​វិនិយោគ​ផ្លូវថ្នល់ ដែល​គ្មាន​ការឯកភាព​ពី​ក្រសួង ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ករណី​មាន​ជម្លោះ​