ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​កណ្ដាល​ត្អូញ​ពី​បញ្ហា​ផ្លូវ​ជាតិ​លេខ​៥១​ខូច​និង​ហុយ

ប្រជាពលរដ្ឋ​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ ដែល​រស់​នៅ​អម​សងខាង​ថ្នល់​ជាតិ​លេខ​៥១ ចេញ​ពី​ចំណុច​ផ្សារ​ថ្នល់ទទឹង ឆ្ពោះ​ទៅ​ផ្សារ​ឧដុង្គ ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ កំពុង​ប្រឈម​បញ្ហា​សុខភាព និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយសារ​បញ្ហា​ផ្លូវ​ខូច​ដី​ហុយ​ខ្លាំង។

ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​អម​សង​ខាង​ផ្លូវ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ថា ឡាន​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​លើ​ថ្នល់ ​បោកបក់​ធូលី​ដី ឬ​កម្ទេច​ថ្ម​ចូល​នំ​ចំណី​លក់ដូរ និង​ផ្ទះសម្បែង​របស់​ពួកគាត់។ បញ្ហា​ផ្លូវ​ខូច និង​ដី​ហុយ​នេះ បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ចេញ​ក្រៅ​ពី​ជួសជុល​តិចតួច​ដោយ​ដើរ​ចាក់​ថ្ម​តាម​ជង្ហុក ឬ​ឈូស​ពង្រាប​កន្លែង​ណា​ដែល​ខូចខាត​ខ្លាំង​ប៉ុណ្ណោះ។

ក្រុម​អាជីវករ​លក់​ចេកចៀន និង​បាយ​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ នៃ​ឃុំ​ទំនប់ធំ ស្រុក​ពញាឮ ខេត្ត​កណ្ដាល ត្អូញត្អែរ​ថា ពួកគាត់​លំបាក​ដាក់​តាំង​នំ​ចំណី ឬ​ម្ហូប​អាហារ​លក់​ដូរ​ដោយសារ​ដី​ហុយ​ពេក។ ពួកគាត់​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ដី​ហុយ​ដោយ​ការ​ចាក់​ទឹក ឬ​ស្ថាបនា​ផ្លូវ​នេះ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេ ធូលី​ដី​នៅ​តែ​ប៉ះពាល់​ដល់​ការ​លក់ដូរ និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ៖ «ចាក់​ចេកចៀន និង​ដំឡូង​ចៀន! សូម​ឲ្យ​មាន​ឡាន​បាញ់​ទឹក។ ឡាន​ជែង​គ្នា​វ៉ាវៗ ជាន់​អត់​មាន​ដឹង​ឆ្កែ ឆ្មា​អី​ទេ ហើយ​កូន​ចៅ​លក់ដូរ​ហុយ​ដល់​ហើយ​ក្មួយ​ឯង​មើល។ មាន​ផល​លំបាក​ហុយ កើត​រោគ​ផ្ដាសាយ​រាល់​ថ្ងៃ ទាំង​កូន​ទាំង​ម្ដាយ អ្នក​ភូមិ​ក៏​អ៊ីចឹង​មាន​គ្រុន»

ចំណែក​បុរស​វ័យ​ប្រមាណ ៥០​ឆ្នាំ​ម្នាក់ កំពុង​អង្គុយ​លើ​បង់​មុខ​ផ្ទះ​ឋិតនៅ​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ គឺ​លោក ហ៊ុល ហឿន រៀបរាប់​បណ្ដើរ និង​ដៃ​ម្ខាង​យក​មួក​ខ្ទប់​ច្រមុះ​បណ្ដើរ​ថា បច្ចុប្បន្ន​អ្នក​ភូមិ​កំពុង​ប្រឈម​បញ្ហា​ពីរ​សំខាន់ គឺ​បញ្ហា​សុខភាព​ផ្លូវ​ដង្ហើម និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ឡាន​បើក​ប្រជែង​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​ស្ថានភាព​ផ្លូវ​លំបាក និង​ហុយ​ខ្លាំង​រក​មើល​អ្វី​មិន​ឃើញ៖ «សំណូមពរ​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​បន្ថយ​ល្បឿន​បន្តិច​ទៅ​កុំ​ឲ្យ​វា​លឿន​ពេក មិន​ទៅ​ហាម​ឃាត់​គេ​តែ​អា​រឿង​ហុយ ក្មួយ​ដឹង​ស្រាប់​ហើយ វា​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទាំង​អស់»

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក នូ វឌ្ឍនៈ ថ្លែង​ថា ផ្លូវ​លេខ​៥១ អាច​នឹង​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៦ ដោយ​កម្ចី​ទឹក​ប្រាក់​ពី​ប្រទេស​ចិន។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ស្ពឺ មាន​វិធានការ​ស្រោច​ទឹក ឬ​ស្រោច​កៅស៊ូ​ស្ដើងៗ​នៅ​លើ​ផ្លូវ​ត្រង់​ចំណុច​ណា​ដែល​មាន​អ្នក​ភូមិ​រស់​នៅ​ដើម្បី​កាត់​បន្ថយ​ការ​ហុយ។

លោក នូ វឌ្ឍនៈ៖ «ខ្ញុំ​បាន​ទាក់​ទាង​ជាមួយ​ប្រធាន​មន្ទីរ​ថា កន្លង​មក​គាត់​ស្រោច​ទឹក​ជាប់​អ៊ីចឹង​ដែរ ប៉ុន្ដែ​ដល់​ឥឡូវ​ចូល​រដូវ​ភ្លៀង​គាត់​អាក់ខាន​ស្រោច​វិញ​ទៅ ប៉ុន្តែ​អា​រឿង​ស្រោច​ទឹក​មាន​ប្រសិទ្ធភាព​តែ​មួយ​ភ្លែតៗ​ទេ ព្រោះ​ស្រុក​យើង​ក្ដៅ។ ឥឡូវ​នេះ​ខ្ញុំ​ចង់​ឲ្យ​គាត់​បាច​កៅស៊ូ​ខ្មៅ ដើម្បី​គ្រប់​ធូលី​កាត់​បន្ថយ​ភាព​ហុយ ប៉ុន្ដែ​ការងារ​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​ចំណាយ ហើយ​អ៊ីចឹង​យើង​មិន​អាច​ធ្វើ​បាន​មួយ​ចប់​ផ្លូវ​បាន​ទេ»

លោក​​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​តូប​លក់ដូរ ឬ​ផ្ទះ​រស់នៅ​លើ​ចំណី​ផ្លូវ​ជាតិ ខុស​ពី​ច្បាប់​ដែល​តម្រូវ​ឲ្យ​ធ្វើ​មាន​គម្លាត​ពី​ថ្នល់​ជាតិ​ចម្ងាយ ៣០​ម៉ែត្រ។ លោក​ថា បើ​ពលរដ្ឋ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ចំណី​ផ្លូវ​ថ្នល់ នោះ​ពួកគាត់​នឹង​មិន​ប្រឈម​បញ្ហា​សុខភាព ឬ​រង​នូវ​ការ​ហុយ​ធូលី​ដោយ​ផ្ទាល់​នោះ​ទេ។ ប៉ុន្តែ​លោក​នឹង​ឲ្យ​ជំនាញ​ចុះ​ពិនិត្យ​មើល​ជាក់ស្ដែង​ឡើង​វិញ នៅ​ចំណុច​ប៉ះពាល់​ខ្លាំង​ដើម្បី​ដោះស្រាយ។

ផ្លូវ​ជាតិ​លេខ​៥១ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ ​ឌី.ប៊ី.អេស.ធី (DBST) ប្រវែង​ជាង ៤០​គីឡូម៉ែត្រ ចេញ​ពី​ផ្សារ​ថ្នល់​ទទឹង ខេត្ត​កណ្ដាល ដល់​ផ្សារ​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បាន​ស្ថាបនា​កាល​ពី​ជាង ១០​ឆ្នាំ​មុន។ ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ទ្រុឌទ្រោម​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប្រមាណ ៥​ឆ្នាំ ចុង​ក្រោយ​នេះ ដោយ​មាន​រថយន្ត​ធុន​ធំៗ​ដឹក​ឈើ ដំឡូង និង​ស្រូវ​ឆ្លង​កាត់​ដោយ​ពុំ​មាន​ការ​ត្រួត​បច្ចេកទេស ឬ​ការ​ផ្ទុក​លើស​ទម្ងន់​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។