បុណ្យសព​ជនរងគ្រោះ​ក្នុង​ភេរវកម្ម​ប៉ារីស​៖​យុវជន​ជំនាន់​បា​តា​ក្លង់​ក្លាយជា​និមិត្តរូប​បារាំង

​ថ្ងៃ​សុក្រ ម្សិលមិញ ក្នុង​ពិធី​បុណ្យជាតិ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ទាំង​១៣០​នាក់ ក្នុង​ភេរវកម្ម​ក្រុងប៉ារីស ប្រធានាធិបតី​បារាំង​បានចាត់ទុក​យុវជន​ដែលមាន​អាយុ​ដំណាល​យុវជន ដែល​ស្លាប់​រងគ្រោះ ក្នុងការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​១៣​វិច្ឆិកា ទៅនឹង​និមិត្តរូប​នៃ​ប្រទេស​បារាំង​។ លោក​ហូ​ឡង់​បាន​លើកឡើងថា ទោះជា​ទឹកភ្នែក​ហូរ​ក្តី ក៏​យុវជន​ជំនាន់​នេះ​ក្លាយជា​មុខមាត់​របស់​ប្រទេស​បារាំង បច្ចុប្បន្ន​។ មានន័យថា ពួកគេ​តំណាងអោយ​បារាំង​សព្វថ្ងៃនេះ​។ ទាំង​ប្រជាជន បារាំង ជនរងគ្រោះ​ដែល​រួច​ផុតពី​ការវាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃ​១៣​វិច្ឆិកា ទាំង​អ្នកនយោបាយ​គ្រប់​និន្នាការ​បាននាំគ្នា​ចូលរួម​យ៉ាង​កុះករ​ក្នុង​ពិធី បុណ្យសព នៅ​ទីលាន Les Invalides នៅ​ក្រុងប៉ារីស​។

​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​សន្ទរកថា លើក​តំកើង​យុវជន​ដែលមាន​វ័យ​ប្រហាក់ប្រហែល​នឹង​យុវជន​ដែល​ស្លាប់​ក្នុង ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​១៣​វិច្ឆិកា នៅ​រោង​សំដែង​តន្ត្រី​បា​តា​ក្លង់ ដោយ​លោក​បានចាត់ទុក​ពួកគេ​ទៅនឹង​និមិត្តរូប​នៃ​ប្រទេស​បារាំង​។

​ក្នុង​ពិធី​ម្សិលមិញ ឈ្មោះ​និង​អាយុ​របស់​ជនរងគ្រោះ​ទាំង​១៣០​នាក់​ដែល​ស្លាប់​ក្នុង​ភេរវកម្ម ត្រូវបាន​គេ​អាន​ម្តង​មួយៗ​។ ជនរងគ្រោះ​ភាគច្រើន​មាន​អាយុ​ជាង​៣០​ឆ្នាំ​។ ពួកគេ​មាន​ដើមកំណើត​មកពី​គ្រប់​តំបន់​ក្នុងស្រុក ក្នុងនោះ​ក៏មាន​ពលរដ្ឋ​បរទេស​ផងដែរ​។ ពួកគេ​កំពុងមាន​ការងារ​ល្អប្រសើរ​មានជីវិត​រីករាយ មាន​ថាមពល​តស៊ូ​សម្រាប់​អនាគត សម្រាប់​ប្រទេសជាតិ​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​១៣​វិច្ឆិកា ពេល​ពួកគេ​ត្រូវ​ជួបជុំ​មិត្តភក្តិ ដើម្បី​ស្តាប់​តន្ត្រី​បន្ធូរ​អារម្មណ៍​ពី​ការនឿយហត់ ក្នុង​សប្តាហ៍ ពួកគេ​បែរជា​មក​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​ក្រុម​ភេរវជន​ដែល​ស្អប់ខ្ពើម ជីវិត​ដ៏​រីករាយ​ទៅវិញ​។

​លោក​ហូ​ឡង់ បាន​លើកឡើងថា ស្ត្រី​បុរស​ទាំងនេះ មកពី​ឃុំ​សង្កាត់​ជាង​៥០ នៅ​បារាំង មកពី​ទីក្រុង និង​ជាយក្រុង មកពី​ភូមិ ហើយក៏​មកពី​បរទេស​ផងដែរ ស្ត្រី​ទាំងនេះ បុរស​ទាំងនេះ ជា​យុវជន​របស់​បារាំង ជា​យុវជន​នៃ​ប្រជាជន​ដែលមាន​សេរីភាព ដែល​ស្រលាញ់​វប្បធម៌​។

​ក្រោយ​បុណ្យសព​ត្រូវបាន​បិទ​បញ្ចប់ ប្រធានាធិបតី​បារាំង​បានធ្វើ​ដំណើរ​ថ្មើរជើង​តែម្នាក់ឯង ចាក​ចេញពី​ទីកន្លែង​បុណ្យ ដោយ​ពុំបាន​ទៅ​ជួប​រាក់ទាក់​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ដូច​គេ​រំពឹងទុក​ទេ​។ ទឹកមុខ​របស់លោក​ហូ​ឡង់​ម្សិលមិញ បង្ហាញថា លោក​រង​ការប៉ះទង្គិច​ចិត្តខ្លាំង ដោយសារ​ភាពជូរចត់​បន្សល់​ដោយ​ភេរវកម្ម​ក្រុងប៉ារីស​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​