មន្ត្រីរដ្ឋបាល​ជលផល​ជា​អ្នក​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ឃុំ​មួយចំនួន​នៃ​ស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា​នៅក្នុង​បឹងបួ អូរ ទន្លេ ព្រែក ស្ទឹង ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ដោយសារ​មន្ត្រីរដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ជនជាតិ​យួន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ឃឹម ប៊ុនថន នាយផ្នែក​រដ្ឋបាល​ជល​ផល​ស្លែង ស្រុក​អង្គរបុរី បាន​ឃុបឃិត​ជាមួយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ហើយ​លក់​បឹង​ចាប់ពី​ចំណុច​មាត់​ព្រែក​ស៊ឹង រហូតដល់​ស្ទឹង​ព្រែក​សណ្តែក ទៅ​ឲ្យ​ជនជាតិ​យួន​ឈ្មោះ ត្រ ក្នុងតម្លៃ​ជាង​៣០០០​ដុល្លារ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បា​ស្រែ ឃុំ​គោកធ្លក ឃុំ​ពាម​ទោល និង​ឃុំ​ព្រៃ​ផ្គាំ បាន​ឲ្យ​ដឹងថា​ជនជាតិ​យួន​ឈ្មោះ ត្រ កំពុង​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដូចជា ស្បៃ​មុង​ក្រឡា​ញឹក​រាប់ពាន់​ម៉ែត្រ ដើម្បី​ចាប់យក​ត្រី​ហើយ​សូម្បីតែ​កំពឹស​ក៏​ចេញ​មិន​រួច​ដែរ​។ បញ្ហា​នេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​មន្ត្រីរដ្ឋបាល​ជលផល​កំ​ពុង​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​បឹងបួ ស្ទឹង​ទន្លេ និង​ព្រែក​ក្នុងស្រុក​អង្គរបុរី យ៉ាង​អនាធិបតេយ្យ​។ ជាពិសេស​មេ​សហគមន៍​បា​ស្រែ ឈ្មោះ ស៊ុំ ផន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើបាប​ប្រជាពលរដ្ឋ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​ពុំមាន​ការយោគយល់​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គរបុរី បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ជាបន្ទាន់​ហើយ​ត្រូវមាន​វិធានការ​ទៅលើ​ឈ្មួញ ឃឹម ប៊ុនថន នាយផ្នែក​រដ្ឋបាល​ជល​ផល​ស្លែង និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ​ផងដែរ​។ ដោយហេតុថា នៅក្នុង​រដូវ​បើក​នេសាទ​នេះ មន្ត្រីជលផល​ពុករលួយ​ក្នុង​ខេត្តតាកែវ បាន​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់ ក្នុងស្រុក​អង្គរបុរី យ៉ាង​គគ្រឹកគគ្រេង​ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ គ្រាន់តែ​ទៅ​បង់សំណាញ់​ឬ​ដាក់មង​ក៏ត្រូវ​គេ​ហាមឃាត់​ដែរ​។ ប្រជាពលរដ្ឋ​ជាច្រើន​ឃុំ​នៅក្នុង​ស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា​ពួកគាត់​មិនអាច​ប្រក​បរបរ​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ដូច​កាលពីមុន​ទៀត​ទេ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល មន្ត្រី​សហគមន៍​នេសាទ និង​មន្ត្រី​អាជ្ញាធរ​ពុករលួយ បាន​លក់​តំបន់​នេសាទ​ទៅ​ឲ្យ​ជនជាតិ​យួន​បំផ្លាញ​ធនធាន​មច្ឆជាតិ​របស់​ខ្មែរ​ឲ្យ​រលាយ​សាបសូន្យ​តែម្តង​៕

nkw-4 nkw-2 nkw-1