ឈ្មួញ​ឈ្មោះ ណុប ឌី ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តកំពង់ស្ពឺ

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ណុប ឌី នៅតែមាន​អំណាច​អាច​ប្រមូល​ទិញ​ឈើ​ក្នុង​តំបន់ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​របស់​ឈ្មួញ​ឈ្មោះ ណុប ឌី នោះទេ​បើទោះបី​ឈ្មួញ​រូបនេះ​ធ្វើ​សកម្មភាព​យ៉ាង​ពេញបន្ទុក​ក៏ដោយ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ឈើ​ប្រណីត​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើជា​មើលមិនឃើញ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី តែង​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ចេញពី​ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ជាច្រើន​ម៉ែត្រគូប ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ឡើយ​។ តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ណុប ឌី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ស្ពឺ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទើប​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​ដូចជា បេង និង​ធ្នង់ ក្នុងស្រុក​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ស្ពឺ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។ ប្រសិនបើ​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី គ្មាន​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ស្ពឺ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​កត់សម្គាល់ថា​ឥទ្ធិពល​របស់​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី មិនមែនជា​រឿង​ធម្មតា​ឡើយ ព្រោះ​ជួនកាល​គេ​ឃើញ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ជា​អ្នក​បើកផ្លូវ​ឲ្យ​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​រូបនេះ​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​ទៀតផង​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តរបស់​ឈ្មួញ​ឈ្មោះ ណុប ឌី គឺ​ត្រូវ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ខេត្តកំពត ឬ​ខេត្តតាកែវ មុនពេល​ទៅដល់​ស្រុក​យួន ហើយ​សមត្ថកិច្ច​តាម​ដងផ្លូវ​តែងតែ​ជួយ​សម្រួល​ដើម្បី​ផលប្រយោជន៍​។ ប្រការ​នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ណុប ឌី នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅ​ស្រុក​ឱ​រ៉ា​ល់ និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ជា​បន្តបន្ទាប់ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ គេ​សង្ស័យថា​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ជា​អ្នក​បើកដៃ​ទើប​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​៕

252525លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ KSPWOOD_10-11-15-001 KSPWOOD 10-11-15-002