​សមត្ថកិច្ច​ជំនាញ​ខេត្តកំពង់ចាម​មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ សាយ ម៉េង​ឡាយ​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​មួយរូប​បាន​បង្ហើប​ថា​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ សាយ ម៉េង​ឡាយ បានធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ប្រណីត​ច្រើន​ឆ្នាំ​មកហើយ តែ​រហូតមក​ដល់ពេលនេះ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​នោះទេ ព្រោះ​ឈ្មួញ​ឈើ​ខាងលើនេះ​ត្រូវគេ​ដឹងថា​មាន​ខ្នងបង្អែក​ធំ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។​

​ប្រភពព័ត៌មាន​ពី​ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា​ឈ្មួញ​ឈើ​ឈ្មោះ សាយ ម៉េង​ឡាយ បាន​សហការ​ជាមួយ​បក្ខពួក​របស់ខ្លួន​ដឹកជញ្ជូន​ឈើ​ពី​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​មក​ស្តុក​ទុក​នៅ​ខេត្តកំពង់ចាម​យ៉ាង​រលូន​ច្រើន​ឆ្នាំ​មកហើយ​តែ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈើ​ភាគច្រើន​ត្រូវបាន​គេ​នាំ​ចេញទៅ​ប្រទេស​យួន​តាម​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ខណៈ​ឈើ​មួយចំនួន​ផ្សេងទៀត​ត្រូវបាន​គេ​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហា​រឹម​ដើម្បី​ដាក់លក់​ក្នុង​ខេត្តកំពង់ចាម និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។​

​ប្រជាពលរដ្ឋ​ក្រុង​កំពង់ចាម​បាន​បញ្ជាក់ថា​ឈ្មួញ​ឈើ​ឈ្មោះ សាយ ម៉េង​ឡាយ ពីមុន​មិនសូវមាន​ជីវភាព​ធូរធារ​ប៉ុន្មាន​នោះទេ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​សង្កេតឃើញថា​ឈ្មួញ​ខាងលើ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​យ៉ាង​លឿន​បំផុត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈ្មួញ​ឈើ​ខាងលើ​មានផ្ទះ​វីឡា និង​ផ្ទះល្វែង​ជាច្រើន​កន្លែង ហើយ​ទន្ទឹមនឹងនេះ​ក៏មាន​រថយន្ត​ទំនើប និង​រថយន្តក្រុង ក៏ដូចជា​រថយន្ត​ធុន​ធំ​ដែល​គេ​សង្ស័យថា​រថយន្ត​ទាំងនោះ​ជា​មធ្យោបាយ​ដឹកឈើ​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​រិះគន់ថា បើទោះជា​មន្ត្រី​ជំនាញ​ចង់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តកំពង់ចាម​ក៏​ជួប​ឧបសគ្គ​ច្រើន​ដែរ​នៅពេល​បច្ចុប្បន្នេះ ព្រោះ​ឈ្មួញ​ឈើ​ភាគច្រើន​មាន​ខ្នងបង្អែក​ធំ​ដែល​ពិបាក​ដល់​ការអនុវត្ត​ច្បាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មាន​ករណីខ្លះ​មន្ត្រី​មានអំណាច​ថែមទាំង​មាន​ភាគហ៊ុន​ជាមួយ​ឈ្មួញ​ឈើ​ទៀតផង​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ​កាន់​តែមាន​ភាពស្មុគស្មាញ​៕

12208489_990028491056889_5358589653836321395_n