ប្រពៃណី​ធ្វើ​បុណ្យសព លោក​ធុតង្គ និង ហ្មដំរី​

Sanofi

​នៅក្នុង​ព្រៃ​ដែលមាន​ជម្រាលភ្នំ​ធំ​ល្វឹងល្វើយ តាំងពី​បុរាណកាល​មកជា​រៀងរាល់​មួយឆ្នាំ ប្រជាពលរដ្ឋ​តែងតែ​មកជួប​ជុំគ្នា​យ៉ាងច្រើន​កុះករ​ដើម្បី​ប្រារព្ធ​បុណ្យខួប​សព​លោក​ធុតង្គ និង ហ្មដំរី ដែល​សុគត និង ស្លាប់​នៅ​ទីនោះ ។ ប្រជាពលរដ្ឋ​នៅចាំ​តៗ​គ្នា​មក​ថា ពិធី​នេះ​គេ​រៀបចំ​តាំងតែ​ពី​ឆ្នាំ ១៨៥២ មក​ម្ល៉េះ ចាស់ៗ​ពី​ដើម​ធ្វើ​មិនដែល​ខកខាន​ឡើយ ខកខាន​តែ​ក្នុង​របប​ខ្មែរក្រហម​ប៉ុណ្ណោះ ។ ព្រៃភ្នំ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​និយាយ​តៗ​គ្នា​ថា មាន​បារមី​ខ្លាំងពូកែ​ណាស់ អ្នក​ដែលមាន​ជំនឿ​តែងតែ​មក​បន់ស្រន់​សុំឱ្យ​មានកូន​សុំឱ្យ​បានជា​ពី​ជំងឺ ជាពិសេស​បើ​ចង់ឃើញ​សត្វ​ពស់វែករនាម ឬ សត្វ​ខ្លា គ្រាន់តែ​អុជ​ធូប​សុំ​មើល​នឹង​ឃើញ​ភ្លាម ។

ព្រៃភ្នំ​ប្រជុំ​ដោយ​សត្វ​ពស់ និង ខ្លា​ដ៏​អាថ៌កំបាំង ដែល​គេ​ល្បី​ថា​មាន​ប្ញ​ទ្ធិ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​នេះ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ។ ផ្លូវ​ចូលទៅ​កាន់​ជ្រោះ​ធំ ដែលជា​កន្លែង​ធ្វើបុណ្យ​មានការ​លំបាក​ដោយ​អន្លើៗ កន្លែង​ខ្លះ​មាន​ជង្ហុក កន្លែង​ខ្លះ​ខ្សាច់ កន្លែង​ខ្លះទៀត​ចោត ដែលមាន​ដុំថ្ម​តូចធំ និង ប្ញ​ស​ឈើ​តូចធំ​រដិបរដុប ឆ្លងកាត់​ព្រៃ​ជ្រៅ​ទៅដល់​អែប​នឹង​ជ្រោះ​ជ្រលង​ភ្នំ ។ នៅ​កណ្ដាល​ព្រៃភ្នំ​នោះគេ​សង្កេតឃើញ​មាន​វិមាន​ទេវតា រោង​ចុងភៅ និង សាលា​បុណ្យ​តម្កល់​ព្រះ​ពុទ្ធរូប រូបសំណាក​យាយ ម៉ៅ ដែល​កសាងឡើង​ទុក​ប្រចាំការ​នៅ​ទីនោះ​ស្រាប់ ។

ជាពិសេស​នៅ​ផ្នែក​ម្ខាង​នៃ​ជម្រាលភ្នំ ខាងក្រោម​សាលា​បុណ្យ​មាន​កំពូលចេតិយ​មួយ​នៅ​អែប​នឹង​រោង ដែលមាន​ដំបូល​ប្រក់​ស័ង្កសី​គឺ​ជាទី​បញ្ចុះសព​លោក​ធុតង្គ និង ហ្មដំរី ដែល​បាន​សិង​សុគត និង ដេកស្លាប់​នៅ​ទីនោះ ។ ទាក់ទង​នឹង​ការធ្វើ​បុណ្យខួប​នេះ​បានក្លាយ​ទៅជា​ប្រពៃណី​ទៅហើយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដោយ​ពួកគាត់​បាន​ប្រារព្ធ​ធ្វើ​រាល់​ឆ្នាំ​គឺ​មិនដែល​ខាន​ឡើយ ។ លោកតា ម៉ុម ប៉ៅ អាយុ ៨០ ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​កោះ ចម្ងាយ ២ គីឡូម៉ែត្រ ពី​កន្លែង​ធ្វើបុណ្យ​នេះ​បាន​រៀបរាប់​ឱ្យដឹងថា រៀងរាល់ឆ្នាំ​តាំងពី​យូរយារ​ណាស់​មកហើយ រហូតមកទល់​សព្វថ្ងៃ​នេះ ឱ្យតែ​ដល់​ថ្ងៃពេញបូណ៌មី ខែអស្សុជ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំកក់ ខេត្តតាកែវ តែងតែ​ទៅ​ជួបជុំគ្នា​ធ្វើបុណ្យ​នៅក្នុង​ព្រៃ​ជ្រោះ​ដ៏​ធំ​នេះ មិនដែល​ខាន​ឆ្នាំ​ណា​ឡើយ ។

ពិធីបុណ្យ​ដែល​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំនេះ​គេ​ហៅថា បុណ្យខួប ឧទ្ទិស​ដល់​ព្រះសង្ឃ​ធុតង្គ មួយអង្គ និង ហ្មដំរី​ម្នាក់ ដែល​ទទួល​អនិច្ចធម្ម​ទៅ​លោក​ខាង​មុខជា​យូរ​មកហើយ ។ លោកតា ម៉ុម ប៉ៅ ជា​អ្នកដឹកនាំ​ពិធីបុណ្យ​នេះ​បាន​រំឭក​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​នេះ​ខ្លះៗ​ថា នៅ​អំឡុង​ឆ្នាំ ១៨៥២ ក្នុង​រជ្ជកាល​ព្រះបាទ អង្គ​ដួង ភ្នំ​ជ្រោះ​ធំ​នេះ​សម្បូរ​ទៅដោយ​ដើមឈើ​ដុះ​ណែនណាន់តាន់តាប់ ។ កាលពី​សម័យ​ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​នេះ​សុទ្ធតែ​ចិញ្ចឹមសត្វ​ដំរី​ធ្វើជា​យានជំនិះ​សម្រាប់​ធ្វើដំណើរ​ទៅកាន់​ទី​ឆ្ងាយៗ ម្យ៉ាងទៀត​ហ្មដំរី​ទាំងនោះ​ត្រូវគេ​ចាត់ទុកថា​ជា​អ្នកមាន គឺ​ប្រៀបធៀប​ថាបើ​មាន​សត្វ​ដំរី​មួយ​ក្បាល​ក្នុងផ្ទះ ប្រហាក់ប្រហែល​អ្នកមាន​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង​ក្នុងពេល​បច្ចុប្បន្ន​នេះ​អ៊ីចឹង ។

ក្នុងសម័យ​នោះ​ជីតា​របស់គាត់​ក៏​ជា​ហ្ម​ចិញ្ចឹម សត្វ​ដំរី ២ ក្បាល ហើយ​បន្ទាប់ពី​ជីតា​របស់គាត់​ស្លាប់ ឪពុក​របស់គាត់​ជា​ម្ចាស់​ដំរី​នោះ​បន្ដទៀត ។ នៅពេលនោះ​មាន​ហ្វូង​ដំរីព្រៃ​មួយ​ហ្វូង​បាន​ដើរ​មកដល់​ភ្នំ​ជ្រោះ​ធំ ត្រង់​កន្លែង​ធ្វើបុណ្យ​នេះ ហើយ​ជីតា​របស់គាត់​បាន​នាំ​អ្នកភូមិ​ឯទៀត​ចេញទៅ​ទាក់ដំរី​នោះ ។ ពេលទៅដល់​មាត់ជ្រោះ​ស្រាប់តែ​ជីតា​របស់គាត់ និង អ្នកភូមិ​ឯទៀត​ប្រទះឃើញ​សាកសព​ព្រះសង្ឃ​ធុតង្គ​មួយអង្គ​សិង​ស្លាប់ ហើយ​មាន​បាត្រ​មួយ​នៅក្បែរនោះ​ផង ។ សាកសព​លោក​ធុតង្គ​នោះ​មិនដឹង​ជាមាន​ព្រះនាម​អ្វី​ទេ ហើយ​មិនដឹង​សុគត​ដោយសារ​អ្វី​នោះដែរ សាកសព​ត្រូវ​សត្វ​កណ្ដៀរ​ពូន​ជា​ដំបូក​លើ​ដង​ខ្លូន​នៅសល់តែ​ព្រះ​កេស និង ត្រឹម​ភ្លៅ​ចុះទៅ​ព្រះបាទ ។

ស្របពេលនោះ​ជីតា​របស់គាត់ និង អ្នកភូមិ​ឯទៀត បាន​បញ្ចុះ​សាកសព​លោកតា​ធុតង្គ ក្នុង​ទី​ដែល​លោក​សិង​សុគត​នោះ ។ មិនតែប៉ុណ្ណោះ​ជីតា​របស់គាត់​បាន​ដឹកនាំ​អ្នកភូមិ អ្នកស្រុក ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​លោក​ធុតង្គ​នោះ​បន្ថែមទៀត ។ លោកតា ម៉ុម ប៉ៅ បានបញ្ជាក់​ទៀតថា ក្រោយមក ស្រាប់តែ​ជីតា​របស់គាត់ និង អ្នកភូមិ អ្នកស្រុក ជា​ហ្មដំរី ដែល​ប្រទះឃើញ​សាកសព​លោក​ធុតង្គ​នោះ​ក៏បាន​ប្រទះឃើញ​សាកសព​ហ្មដំរី​ម្នាក់ទៀត ដែល​ដេកស្លាប់​នៅក្បែរ​គ្នា​នោះដែរ ។ ងាក​មក​កម្មវិធី​បុណ្យ​ឯណេះ​វិញ លោកតា ម៉ុម ប៉ៅ បានឱ្យដឹងថា បើ​គិត​មកដល់​ឆ្នាំ ២០១៥ នេះ​ប្រពៃណី​ធ្វើបុណ្យ​ ​គឺមាន​រយៈពេល ១៦២ ឆ្នាំ​ហើយ ដែល​វា​បាន​កើតឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ដួង ឬ សម័យ​អាណានិគម​បារាំង ។

ចាប់តាំងពី​ពេលនោះ​មក​គឺ​រយៈពេល ១ ឆ្នាំ គេ​ធ្វើបុណ្យ​ម្ដង​មិនដែល​អាក់ខាន​ឡើយ ខានធ្វើ​តែ​ក្នុងសម័យ​របប ប៉ុល ពត ប៉ុណ្ណោះ ផុតពី​នោះមក​ធ្វើ​បន្ដទៀត​រហូតមកដល់​បច្ចុប្បន្ននេះ ។ ចំណែក​គំនិត​ផ្ដួចផ្ដើម​ធ្វើបុណ្យ​នេះ​ដំបូង​គឺ​ជីតា​របស់គាត់ បន្ទាប់ពី​ជីតា​របស់គាត់​ស្លាប់ទៅ ឪពុក​របស់គាត់​ជា​អ្នកទទួល​ជំនួស ។ ក្នុងសម័យ​បច្ចុប្ប្ន​ន្ន​នេះ​វិញ អ្នកដឹកនាំ​កម្មវិធី​បុណ្យ​នេះ​គឺ​ធ្លាក់​មកលើ​គាត់​ជា​អ្នកដឹកនាំ​បន្ដ ។ បើ​អស់ពី​គាត់​ទៅនឹង​ត្រូវ​កូនចៅ​ជំនាន់​ក្រោយ​ជា​អ្នក​បន្ដ​វិញ​ម្ដង ព្រោះ​មិនអាច​បោះចោល​បានឡើយ ហើយ​បាន​ក្លាយទៅជា​ប្រពៃណី​សម្រាប់​អ្នកស្រុក​នៅ​ត្រពាំង​ធំ​នេះ​តាំងពីដើម​មក​ម៉្លេះ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីកន្លែង​បញ្ចុះសព​លោក​ធុតង្គ និង ហ្មដំរី ក្នុង​ទឹកដី​ជ្រោះ​ធំ​នេះ បើតាម​ប្រសាសន៍​អ្នក​មីង ឡុង ច្រឹប បានឱ្យដឹង​ដែរ​ថា ប្រពៃណី​បុណ្យ​នេះ ធ្វើជា​រាល់​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​លោកតា ម៉ុម ប៉ៅ ហើយ​អ្នកស្រុក​គ្រប់គ្នា​ត្រូវ​រៃអង្គាស​ប្រាក់កាស បាយទឹក នំចំណី​សម្រាប់​ដោះស្រាយ​ក្នុង​ពិធីបុណ្យ ។ ឱ្យតែ​ដល់​ថ្ងៃ និង ខែ​កំណត់​ហ្នឹង ពួកគាត់​នឹងធ្វើ​មិនដែល​ខាន​ទេ ត្រូវតែ​ជួបជុំគ្នា​រៀបចំ​ធ្វើ​ពិធីបុណ្យ​ទៅតាម​ទម្លាប់​ពី​ដូនតា​មក ព្រោះ​ពិធីបុណ្យ​នេះ​បានផ្ដល់​ក្ដី​សុខសាន្ត​មកដល់​ពួកគាត់ ក្នុង​ការងារ​ប្រកប​របរ​រកស៊ី ហើយ​បើ​មាន​គ្រោះ​អាសន្នអន្ធក្រ​អ្វីមួយ ពួកគាត់​តែងតែ​ទៅ​បន់ស្រន់​លោកតា​ធុតង្គ និង ហ្មដំរី នោះ​ជួយ​ជានិច្ច ។

ម្យ៉ាងទៀត​នៅ​ទីនោះ កាលពីដើម​មាន​ភាព​ស័ក្ដិសិទ្ធិ​ណាស់ ជាពិសេស បើ​សុំ​ឃើញ​សត្វ​ពស់ សត្វ​ខ្លា​ភ្នំ នៅ​ជ្រោះ​ធំ កន្លែង​បញ្ចុះសព​ព្រះសង្ឃ​លោកតា​ធុតង្គ និង ហ្មដំរី នោះ​គឺអាច​មើលឃើញ​ភ្លាម តែ​ពេលនេះ​វា​សាបរលាប​បាត់អស់​ទៅហើយ ប៉ុន្តែ​ប្រពៃណី​បន់ស្រន់​ឲ្យ​មានកូន​នៅតែមាន​នៅឡើយ​សម្រាប់​អ្នកភូមិ​នៅទីនេះ ។​ ​មីង​ម្នា​ក់នៅ​ផ្សារ​អង្គតាសោម រៀបការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ពុំមាន​កូន​មួយ​គ្រាប់​ឡើយ លុះដល់​ពេល​មក​បែរបន់​សុំ​កូន​ពី​បារមី​លោកតា​ធុតង្គ និង ហ្មដំរី​នេះ មិនយូរប៉ុន្មាន​គាត់​ក៏​មានកូន​ម្នាក់ ហើយ​ដើម្បី​សងគុណ​ចំពោះ​ផ្លូវ​ងងឹត​ទាំងនោះ គាត់​តែងតែ​មក​ចូលរួម​ធ្វើបុណ្យ​នៅទីនេះ​ជា​រៀងរាល់ឆ្នាំ​ដែរ ៕​សុធន​


​ ​ ​ ​

Related