ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ក្នុង​អាងទឹក​ត្រពាំងថ្ម​

បន្ទាយមានជ័យ: កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរសម្នាក់​អណ្តែត​ក្នុង​អាងទឹក​ត្រពាំងថ្ម​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ បង្ក​អោយភ្ញាក់ផ្អើល​នៅ​ខាងលិច​ភូមិ​សំបួរ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​សព​ត្រូវគេ​ស្គាល់ឈ្មោះ ញិ សៀ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​តាម​ការបំភ្លឺ​ពី​ក្រុមគ្រួសារ​អោយដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ គាត់​ស្រវឹងស្រា​ហើយ​ដេញវាយ​ប្រពន្ធ ពេលនោះ​ប្រពន្ធ​បាន​រត់​ចេញពីផ្ទះ ។ បន្ទាប់មក អ្នកភូមិ​ឃើញ​គាត់ (ជនរងគ្រោះ​) ជិះទូក​ទៅ​មើល​មង​គាត់​ដែល​ដាក់​ក្នុង​អាងទឹក​ត្រពាំងថ្ម​នៅ​ខាងលិច​ភូមិចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ តែ​មិន​បានឃើញ​ត្រឡប់មកផ្ទះ​ទេ ។

​លុះដល់​វេលា​ម៉ោង​ខាងលើ មាន​អ្នកភូមិ​ដែល​គេ​ទៅ​មើល​មង​ក្បែរ​នោះដែរប្រទះឃើញ​សាកសព​អណ្តែត​ក្បែរ​ទូក មិនដឹង​ជា​គាត់​លង់​ទឹ​ស្លាប់​តាំងពី​ពេល​​ណា​នោះទេ ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បានមក​និង​អូសសាកសព​ឡើងមក​គោក ដើម្បី​ពិនិត្យ តែ​ក្រោយពី​ពិនិត្យ​រួច ពុំ​ឃើញ​មានស្លាកស្នាម​អ្វី​ប្លែក​នោះទេ រួច​បានប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ យកទៅចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕