ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​ចាត់​ទុក​ការ​អភិវឌ្ឍ​ផ្លូវ​ស្ពាន​ថា​ជា​ដង្ហើម​សេដ្ឋកិច្ច

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កសិផល​​ទៅ​កាន់​ទីផ្សារ​ដោយសារ​តែ​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​សេសាន ត្រូវ​បាន​រៀបចំ​សាងសង់​ឡើង​វិញ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ពី​តំបន់​ជនបទ​មក​ទី​រួម​ខេត្ត។

ឃុំ​ញ៉ាង ជា​តំបន់​ដាច់ស្រយាល​ឋិត​នៅ​ក្នុង​ស្រុក​អណ្ដូងមាស ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​មិន​មាន​ផ្លូវ​ធ្វើ​ដំណើរ​ងាយស្រួល​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត ទន្លេ​សេសាន បាន​កាត់​ផ្ដាច់​ចរន្ត​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​អ្នក​​ភូមិ​ពឹង​អាស្រ័យ​ទៅ​លើ​ទីផ្សារ​តំបន់​ព្រំដែន​នៃ​ប្រទេស​វៀតណាម មិន​អំណោយផល​សម្រាប់​ការ​លក់​ផលិតផល​របស់​អ្នក​ភូមិ។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ញ៉ាង ៨០​ភាគរយ​ជា​ជន​ជាតិ​ដើម​ភាគតិច​ចារ៉ាយ និង​កាចក់ រស់​នៅ​ពឹង​អាស្រ័យ​កសិផល​ដែល​អ្នក​ភូមិ​ដាំ​ដុះ ដូចជា​ស្រូវ ពោត សណ្ដែក ដំឡូងមី និង​គ្រាប់​ស្វាយចន្ទី។

អ្នក​ភូមិ​ជនជាតិ​ដើម​ចារ៉ាយ រស់​នៅ​ភូមិ​តាំងម្លូ លោក ហា ចើណែម ចាត់​ទុក​ផ្លូវ​គមនាគមន៍​ដែល​អភិវឌ្ឍន៍​នៅ​ពេល​នេះ​បាន​ត​ភ្ជាប់​ទី​រួម​ស្រុក​អណ្ដូងមាស ដោយ​មាន​ស្ពាន​ឆ្លង​ទន្លេ​ទៅ​កាន់​ភូមិសាស្ត្រ​​ពួកគាត់​រស់​នៅ​ថា ជា​ដង្ហើម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ជួយ​ឲ្យ​អ្នក​ភូមិ​មាន​លទ្ធភាព​ដឹក​ជញ្ជូន​​កសិផល​ទៅ​ទីផ្សារ​បាន​ងាយស្រួល និង​អាច​រក​ប្រាក់​កម្រៃ​ខ្ពស់​ជាង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​​​លក់​នៅ​ទីផ្សារ​វៀតណាម ជាប់​ព្រំដែន​គ្នា​នេះ។

លោក​បង្ហាញ​ការ​ត្រេកអរ ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​តំបន់​ជនបទ​មួយ​នេះ​ជាមួយ​ទីផ្សារ​ក្នុង​ស្រុក​បាន​ល្អ​ប្រសើរ៖ «មាន​ផ្លូវ មាន​សាលារៀន ស្ពាន កាល​មុនគេ​ធ្វើ​ស្ពាន​ដែក​សម្តេច​តេជោ អត់​យក​ទេ​ស្ពាន​ធ្វើ​ពី​មុន​​មក។ មាន​ស្ពាន​ងាយស្រួល​ទៅ​មក គេ​ចង់​ធ្វើ​ដំណើរ​ពេល​យប់​ក៏​បាន ស្ពាន​ធ្វើ​រួច​ក៏​ងាយ​ស្រួល​ម្យ៉ាង​ដែរ ពី​មុន​អត់​មាន​ស្ពាន»

ឃុំ​ញ៉ាង មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង ៧​ពាន់​នាក់ គិត​ជា​គ្រួសារ​មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ ឋិត​ក្នុង​ភូមិ​ចំនួន ១២ រួម​មាន​ភូមិ​កេត ណាយ កាជូន ដាលតាំងសេ ញ៉ាង ចង ចែត តាង៉ា ចាយ ប៉ែង និង​ភូមិ​មុយ។ បច្ចុប្បន្ន​ផ្លូវ​លំ​មួយ​ខ្សែ​ត្រូវ​បាន​សាងសង់​ចាប់​ពី​មាត់​ទន្លេ​សេសាន ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ទៅ​ដល់​ព្រំដែន​វៀតណាម ក្នុង​ឃុំ​ញ៉ាង។

មេ​ឃុំ​ញ៉ាង លោក រចំ សឿន កត់សំគាល់​ថា មូលនិធិ​អភិវឌ្ឍន៍​ឃុំ គឺ​ជា​ផ្នែក​មួយ​ដែល​រដ្ឋាភិបាល​ផ្ដល់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នៅ​មូលដ្ឋាន ក៏ប៉ុន្តែ​ផ្លូវ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ ជា​ពិសេស​ស្ពាន​ឆ្លង​ទន្លេ​សេសាន​ច្រើន​ឆ្នាំ​កន្លង​ទៅ​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ភូមិ​បាន​ប្រសើរ​នៅ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អ្នក​ភូមិ​ត្រូវ​ចំណាយ​ពេល​វេលា និង​ប្រាក់​កាន់​តែ​ច្រើន​ដើម្បី​ដឹក​ជញ្ជូន​កសិផល​ទៅ​រក​ទីផ្សារ ឬ​ការ​ធ្វើ​ដំណើរ​ទៅ​រក​សេវាកម្ម​ផ្សេង​ទៀត​បម្រើ​ឲ្យ​ជីវភាព​​រស់​នៅ​របស់​អ្នក​ភូមិ៖ «ការ​លំបាក​វា​លំបាក​ហើយ ប្រជាពលរដ្ឋ​ដោះដូរ​ពី​គេ ជួនកាល​ដោះដូរ​ជា​អង្ករ​ជាមួយ​វៀតណាម ​នៅ​ទល់ដែន។ ជួនកាល​យើង​ទៅ​យក​ពី​គេ​មក​លក់​នៅ​ខ្មែរ​ទៅ អា​ហ្នឹង​ភាគ​តិច​ទេ»

វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​សហគមន៍​ឃុំ​ញ៉ាង ច្រើន​ឆ្នាំ​កន្លង​ទៅ អ្នក​ភូមិ​ចាប់​យក​ទីផ្សារ​ព្រំដែន​វៀតណាម ឋិត​នៅ​ចម្ងាយ ១០​គីឡូម៉ែត្រ​ពី​ភូមិ​ដើម្បី​នាំ​យក​អង្គរ ដំឡូង សណ្ដែក ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ហើយ​នាំ​ចូល​វិញ​មាន​ប៊ីចេង អំបិល ទឹកត្រី មី និង​គ្រឿង​ប្រើប្រាស់​ដ៏​ទៃ​ទៀត​ពី​ប្រទេស​វៀតណាម វិញ។

មន្ត្រី​សមាគម​ខ្មែរ​លើ​ដែល​បាន​ធ្វើការ​ជាមួយ​សហគមន៍​នៅ​តំបន់​នោះ​ជាង ១០​ឆ្នាំ លោក ម៉ង វិចិត្រ សម្លឹង​ឃើញ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឃុំ​ញ៉ាង មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ភូមិ​ផ្លាស់ប្ដូរ​ឡើយ ដោយសារ​តែ​ទីផ្សារ​ព្រំដែន​វៀតណាម តូច​មិន​អាច​ចរាចរណ៍​ផលិតផល​អ្នក​ភូមិ​បាន​ច្រើន ហើយ​បាន​បន្ថោក​តម្លៃ​កសិផល​អ្នក​ភូមិ​ដែល​លក់​ចេញ​ហើយ​លក់​គ្រឿង​ប្រើប្រាស់​មក​អ្នកភូមិ​វិញ​ក្នុង​តម្លៃ​ខ្ពស់។

យ៉ាង​ណា​មិញ​ជីវភាព​អ្នក​ភូមិ​កាន់​តែ​ជួប​ការ​លំបាក ប្រសិន​អ្នក​ភូមិ​ស្វែង​រក​ទីផ្សារ​នៅ​ទី​រួម​ស្រុក ឬ​ខេត្ត​ដែល​ត្រូវ​ចំណាយ​ពេល​វេលា និង​ប្រាក់​កាន់តែ​​ច្រើន​ដោយសារ​ផ្លូវ​ធ្វើ​ដំណើរ​លំបាក ហើយ​ត្រូវ​ចំណាយ​លើ​មធ្យោបាយ​ឆ្លង​ទន្លេ​បន្ត​ទៀត៖ «អាច​ជួយ​គាត់​មួយ​កម្រិត​ធំ​ដែរ បើ​មាន​ផ្លូវ មាន​ស្ពាន។ខាង​នោះ​ប្រសិន​គាត់​ឈឺ​យក​មក​មណ្ឌល​​សុខភាព​ខាង​ញ៉ាង ធ្វើ​អត់​កើត គាត់​ត្រូវ​មក​នេះ​តាម​សាឡាង ត្រូវ​ឆ្លង​ធ្វើ​ឲ្យ​គាត់​អស់​លុយ​កាក់។ ខាង​សង្គម​ស៊ីវិល​យើង​ក៏​មើល​ឃើញ​ចំណុច​ផ្លូវ​ស្ពាន​ក៏​សំខាន់​សម្រាប់​ជន​​ជាតិ​ដើម​ភាគ​តិច និង​ពលរដ្ឋ​ទូទៅ»

​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣ ខណៈ​លោក​ចុះ​ចែក​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​អណ្ដូងមាស បាន​ប្រាប់​ក្រុមហ៊ុន ទ្រី ភាព ដែល​វិនិយោគ​ដី​កសិឧស្សាហកម្ម​នៅ​តំបន់​នោះ​ឲ្យ​ធ្វើ​ស្ពាន​ពី​បេតុង​ជំនួស​ស្ពានដែក​ឆ្លង​កាត់​ទន្លេ​សេសាន ប្រវែង​ជាង ២៥០​ម៉ែត្រ សម្រាប់​ពលរដ្ឋ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ពី​តំបន់​ជនបទ​ពង្រីក​សេដ្ឋកិច្ច​គ្រួសារ​អ្នក​ភូមិ​ឲ្យ​បាន​ប្រសើរ។

អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​ថា ស្ពាន​ធ្វើ​ពី​បេតុង​នឹង​ត្រូវ​ធ្វើ​រួចរាល់​​​នៅ​អំឡុង​ខែ​មេសា។ ស្ពាន​នេះ​នឹង​រួម​ចំណែក​កាន់តែ​ប្រសើរ​ដើម្បី​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​តំបន់​នោះ​រួច​ផុត​ពី​​ភាព​ក្រីក្រ។ លោក​កត់សំគាល់​ថា សិស្សានុសិស្ស កសិករ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ញ៉ាង ទទួល​បាន​ផលប្រយោជន៍​ពី​ស្ពាន​ឆ្លង​កាត់​ទន្លេ​សេសាន មួយ​នេះ។

លោក នង ដារិទ្ធ៖ «ពី​ភូមិ​ញ៉ាង មក​ឆ្ងាយ​ដែរ បើ​គិត​ពី​ភូមិ​មក​ចម្ងាយ​ជិត ២០​គីឡូម៉ែត្រ អ៊ីចឹង​បាន​ធ្វើ​ស្ពាន​មក​​សិស្សានុសិស្ស​បាន​ស្រួល​ដែរ​ធ្វើ​ដំណើរ​មក​រៀន។ ប្រជាពលរដ្ឋ​បង្កើន​ផល​កសិកម្ម​ដឹក​ជញ្ជូន ហើយ​កាត់​បន្ថយ​ថ្លៃ​បាន​ច្រើន។ សព្វថ្ងៃ​រហូត​មាន​ឡាន​តាក់ស៊ី​ចេញ​ចូល​ល្អ​ហើយ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន បាន​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​​ស្ពាន​ថ្ម​ឆ្លងកាត់​ទន្លេ​សេសាន។ លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​គឺ​​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧៨​អា ឆ្ពោះ​ទៅ​ដល់​តំបន់​មុំ​បី ឬ​​តំបន់​កន្ទុយ​នាគ​ព្រំប្រទល់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ដើម្បី​អភិវឌ្ឍន៍​តំបន់​នោះ​ជា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។

លោក​ថា ស្ពាន​ឆ្លង​កាត់​ទន្លេ​សេសាន ធ្វើ​ពី​ដែក​បាឡេ ប៉ុន្តែ​ក្រុមហ៊ុន ទ្រី ភាព បាន​រៀបចំ​សាងសង់​ជា​ស្ពាន​បេតុង​វិញ ដើម្បី​ធានា​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​របស់​ពលរដ្ឋ៖ «​សំខាន់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ណា! អា​ហ្នឹង​ផ្នែក​កសិកម្ម ចរាចរណ៍​ផលិតផល ព្រោះ​យើង​មាន​បំណង​​ធ្វើ​រហូត​ដល់​កន្ទុយ​នាគ។ឥឡូវ​គេ​កំពុង​ចាក់​ពី​សៀមប៉ាង មក​តាម​បណ្ដោយ​ព្រំដែន»

​បច្ចុប្បន្ន​នេះ​ផ្លូវ​ចាប់​ពី​ទី​រួម​ស្រុក​អណ្ដូងមាស រហូត​ព្រំដែន​វៀតណាម ក្នុង​ឃុំ​ញ៉ាង បាន​ពង្រីក និង​ឈូស​ឆាយ​ងាយ​ធ្វើ​ដំណើរ​ជាង​មុន​តាម​រយៈ​មូលនិធិ​ឃុំ និង​ប្រាក់​វិភាគទាន​ពី​បណ្ដា​ក្រុមហ៊ុន​សម្បទាន។ សហគមន៍​នៅ​ឃុំ​ញ៉ាង ថ្លែង​ថា នេះ​ជា​មោទនភាព​របស់​អ្នក​ភូមិ ក៏​ប៉ុន្តែ​ពួកគាត់​អំពាវនាវ​ឲ្យ​​អាជ្ញាធរ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ និង​ស្ពាន​ដែល​ទើប​អភិវឌ្ឍន៍​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។