ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ពី​ការ​ដាច់​ចរន្តអគ្គិសនី​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ពី​ការ​ដាច់​ចរន្តអគ្គិសនី​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​បំភ្លឺ​តាម​រយៈ​វី​ដេ​ឃ្លី​ប បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ជិត​៦​នាទី​ថា ការ​ដាច់​ចរន្តអគ្គិសនី​ក្នុង​ទូ​ទាំង​ប្រទេស កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា មិនមែន​ជា​សញ្ញា​នៃ​ការ​វាយប្រហារ​ភេរវកម្ម ឬ​ឧប្បត្តិហេតុ​ចេតនា​នយោបាយ ក្រៅពី​ការ​ដាច់​ចរន្តអគ្គិសនីនោះ​ទេ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​យោង​តាម​ក្រុមហ៊ុន​អគ្គិសនី ដែល​មាន​អគ្គនាយក​ក្រុមហ៊ុន​អគ្គិសនី​នៅ​ទី​នេះ​ស្រាប់ គឺ​ការ​ដាច់​បាន​ចាប់ផ្តើម​នៅ​ប្រទេស​វៀតណាម ដែល​យើង​បាន​ទិញ​ភ្លើង​ក្នុង​កុងត្រា​២០០​មេ​ហ្គា​វ៉ា​ត់  ក៏​ប៉ុន្តែ​យើង​ទិញ​បាន​ត្រឹម​១៥០​មេ​ហ្គា​វ៉ា​ត់​តែ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​យើង​កំពុង​ទិញ​ភ្លើង​ពី​វៀតណាម ដើម្បី​ចែក​ទៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស អគ្គិសនី​នៅ​ក្នុង​ទឹកដី​វៀតណាម​បាន​ដាច់ ដូច្នេះ​ការ​ដាច់​នេះ​បាន​ទាញ​ទម្លាក់​អគ្គិសនី​ពី​វៀតណាម បូក​នឹង​ការ​ទាញ​ទម្លាក់​នៅ​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ដូច​គ្នា​» ។

សម្តេច​តេ​ជោ​លើក​ឡើង​ទៀត​ថា មួយ​រយៈ​ក្រោយ អគ្គិសនី​បាន​បញ្ជូន​មក​ដល់ទី​ក្រុងភ្នំពេញ ផ្គត់ផ្គង់​បាន​ជាង​៥០%​ទៅ​ហើយ  ចំណែក​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​បាន​បើក​ឡើង វិញ ហើយ​សង្ឃឹមថា​អគ្គិសនី​បញ្ជូន​ឲ្យ​ប្រើប្រាស់​បាន​មិនយូរ​ប៉ុន្មាន ក្នុង​ការ​ព​ន្លឿ​នតា​មរយៈ​អ្នកបច្ចេកទេស ក្នុង​ការ​បញ្ជូន​អគ្គិសនី​ទៅ​កាន់​ទីនោះ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ខ្ញុំព្រះករុណា សូម​អភ័យទោស ពី​សំណាក់​ប្រជាពលរដ្ឋ ព្រោះ​ជា​ឧបទ្ទវហេតុ​មួយ​ដែល​មិន​មានការ​គ្រាង​ទុក និង​មាន​លក្ខ​ខណៈ​ធំធេង មិន​តែ​ក្នុង​ក្រប​ខណ្ឌ​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​នៅ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ដែល​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​។ ខ្ញុំព្រះករុណា ខ្ញុំ សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​ចេតនា​នយោបាយ​ខាង​ក្រុម​ណាមួយ​ឬ​មិនមែន​ឧបទ្ទវហេតុ​ដែល​កើតឡើង​ក្នុង​ន័យ​ភេរវកម្ម​នោះ​ទេ ។ ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ​យោគយល់​ក្នុង​ការ​សប្បាយ​រីករាយ ក្នុង​យប់​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ខ្ញុំ សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស​ដែល​ភ្ជាប់​ក្នុង​បណ្តាញ​ជាតិ ។ ការ​ដាច់​នេះ ជា​ការ​រំខាន​ទៅ​ដល់​ការ​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ។ ឥឡូវ​អគ្គិសនី​កំពុង​រៀបចំ​ផ្គត់ផ្គង់​ឡើង​វិញ​ជា​បណ្តើរ​ៗ ខ្ញុំព្រះករុណា ខ្ញុំ កំពុង​ឱ្យធ្វើ​ការ​ស្រាវជ្រាវ​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​ដាច់​ចរន្តអគ្គិសនី​នេះ ។ ជា​ថ្មី​ម្តងទៀត ខ្ញុំព្រះករុណា ខ ្ញុំ​សូម​ការ​យោគយល់​ពី​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​បងប្អូន​ជនរួមជាតិ បន្ថែម​ពីលើ​សារ​ដែល​ខ្ញុំព្រះករុណា ខ្ញុំ បាន​ផ្សាយ​បន្ត​ផ្ទាល់​កាលពីមុន​នេះ​បន្តិច​» ។

ដោយឡែក លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​បាន​សម្តែង​ការ​សោយ​ស្តាយ​ចំពោះ​ការ​ដាច់​ភ្លើង​នៅ​ទូ​ទាំង​ប្រទេស ចំ​ថ្ងៃ​ទី​៣​នៃ​ពិធីបុណ្យ​អុំទូក​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា កន្លង​មកនេះ ។

លោក​បាន​លើក​ឡើង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ប្រមាណ​៥​នាទី​ថា ឧបទ្ទវហេតុ​នៃ​ការ​ដាច់​ភ្លើង​មក​ពី​ការ​ដាច់​ភ្លើង​ក្នុង​ទឹកដី​ប្រទេស​វៀតណាម គឺ​ពី​ស្ថានីយ​ក្នុង​ខេត្ត​តំបន់​ចូ​វ​ដុក ប្រទេស​វៀតណាម ហើយ​ខ្សែ​មាន​តង់ស្យុង​ខ្ពស់​២៣០​វ៉ុល ជា​បណ្តាញ​ជាតិ​របស់​កម្ពុជា ។ លោក​ថ្លែង​ថា នៅ​ពេល​នេះ យើង​កំពុង​យក​ភ្លើង​ជិត​១៥០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​វៀតណាម​ដើម្បី​ផ្គត់ផ្គង់​បន្ថែម​ផ្គុំ​ជាមួយ​ថាមពល​ក្នុងស្រុក​ក្នុង​ចន្លោះ​ជាង​៥០០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​ផ្គត់ផ្គង់​នៅ​ទូ​ទាំង​ប្រទេស ។

លោក កែវ រតនៈ បញ្ជាក់​ថា «​ឧបទ្ទវហេតុ​នៃ​ការ​ដាច់​ភ្លើង​គ្មាន​ការ​គ្រោងទុក​ពី​ប្រទេស​វៀតណាម បាន​ធ្វើ​ឲ្យ​ឆ្លង​មក​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​ធ្វើ​ឱ្យ​ដាច់​ចរន្ត​ចាប់ពី​ខេត្តសៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង  កំពង់ឆ្នាំង ពោធិ៍សាត់  ភ្នំពេញ កំពង់ចាម កំពង់ធំ​ជាដើម ។ ការ​ដាច់​ចរន្តអគ្គិសនី​នេះ តាម​ការ​ស្រាវជ្រាវ​ផ្ទាល់ និង​ចុះ​ស្រាវជ្រាវ​ជាមួយ​អ្នកជំនាញ​អគ្គិសនី​វៀតណាម នោះ​ជា​បញ្ហា​បច្ចេកទេស​ក្នុង​ទឹកដី​វៀតណាម ដែល​ក្នុង​នោះ​មាន​ខ្សែ​ពីរ (​សៀគ្វី​ពីរ​) ផ្គង់​ផ្គង់​កម្ពុជា ហើយ​ក៏​ត​ភ្ជាប់​ពី​តំបន់​ចូ​វ​ដុក​ផង​ដែរ ។ ការ​ដាច់​ភ្លើង​នេះ​បណ្តាល​មក​ពី​ឆ្លង​សៀគ្វី​ពីរ ហើយ​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ស្តារ​ស្ទើរតែ​ទាំងអស់​បាន​ប្រើប្រាស់​វិញ​ហើយ​» ។

លោក កែវ រតនៈ លើក​ឡើង​ទៀត​ថា អគ្គិសនី​កម្ពុជា​បាន​ធ្វើការ​ជាមួយ​អគ្គិសនី​វៀតណាម ហើយ​វៀតណាម​ប្រាប់​ថា​យើង​មាន​បញ្ហា​បច្ចេកទេស​លើ​ខ្សែ​ទាំង​ពីរ ប៉ុន្តែ​ខ្សែ​រក​ឃើញ​ខ្សែ​មួយ​ដំណើរការ​ធម្មតា ចំណែក​ខ្សែ​មួយទៀត​កំពុង​ស្វែងរក​ការ​សិក្សា និង​ប្រភព​នៃ​បញ្ហា ។

លោក កែវ រតនៈ សង្កត់ធ្ងន់​ថា​សរុប​មក​វិញ បញ្ហា​នៃ​ការ​ដាច់​ច​ន្ត​រ​អគ្គិសនី​គឺជា​បញ្ហា​ដែល​កើតឡើង​ក្នុង​ទឹកដី​វៀតណាម ហើយ​ធ្វើ​ឱ្យ​ឆ្លង​មក​កម្ពុ​ជាមួយ​ចំណែក​ដែល​ភ្ជាប់​ជាមួយ​វៀតណាម ។ ឧបទ្ទវ​ហេតុនេះ​មាន​ភាព​ស្រ​ដៀង​គ្នា ដែល​បាន​កើតឡើង​កាលពី​ពេល​កន្លង​មក នៅ​ក្នុង​ប្រទេស​កា​ណា​ដា ធ្វើ​ឱ្យ​ឆ្លងភ្លើង​ប្រទេស អា​មេ​រិ​ក​ទិញ​ពី​កា​ណា​ដា ជា​ច្រើន​ម៉ោង និង​ច្រើន​ថ្ងៃ ៕