​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១០ (លម្អិត)

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១០ (លម្អិត)

​ពេលនេះ កូន​របស់​អ្នក មាន​ប្រវែង​ជិត​ដល់​បី​សង់ទីម៉ែត្រ ទម្ងន់​ប្រហែល ២ ក្រាម ហើយ​ឥឡូវនេះ កូន​អ្នក​មាន​ផ្នែក​លូតលាស់ សំខាន់ៗ​ច្រើន​បំផុត​ហើយ​។ នេះ​គឺជា​ពេលវេលា ដែល​គេ​ចាប់ផ្តើម​ហៅ​ទារក​ហើយ ព្រោះ​ជាលិកា និង​សរីរាង្គ​ជាច្រើន​របស់​គេ មាន​ការលូតលាស់ និង​ធំធាត់​យ៉ាង​លឿន​។

​តើ​អ្នក​ជឿ​ទេ​ថា គេ​កំពុងតែ​លេប​ទឹក និង​បង្កើត​ជា​ខ្យល់​ទៀតផង​។ សរីរាង្គ​សំខាន់ៗ​ដូចជា តម្រង​នោម ពោះវៀន ខួរក្បាល និង​ថ្លើម (​ឥឡូវ កំពុង​តែ​បង្កើត​ជា​គ្រាប់​ឈាមក្រហម ដើម្បី​ជំនួស​ដំណែងរ​បស់ពង​ស (Yolk Sac) ដែល​បាន​បាត់ទៅ​) ចូល​តាំង​ទីកន្លែង និង​ចាប់ផ្តើម​បំពេញ​មុខងារ ព្រមទាំង​បន្ត​ការលូតលាស់​រហូត​។

​បើសិន​ជា​អ្នក អាច​មើល​ក្នុង​ស្បូន​របស់​អ្នក​បាន នោះ​អ្នកនឹង​ឃើញ​កូន មាន​រាង​ដូច​ខ្ចង​ដ៏​តូច​មួយ ដែល​កំពុង​តែ​បង្កើត​ម្រាមដៃ និង​ម្រាមជើង ហើយ​រោម ក៏​ចាប់ផ្តើម​ដុះ​រុយៗ​នៅលើ​ស្បែក​។

​ការអភិវឌ្ឍន៍​ផ្សេងៗ​ទៀត ៖ ឥឡូវនេះ ដៃ​ជើង​របស់​កូន អាច​បត់​បាន​ហើយ​។ ប្រអប់ដៃ​របស់គេ ត្រូវបាន​បត់​ជាប់​ជាមួយ​ម្រាមដៃ និង​ខ្ទប់​នឹង​ទ្រូង ហើយ​ប្រអប់ជើង​វិញ ប្រហែលជា​មាន​ប្រវែង​វែង​គ្រប់គ្រាន់ នឹង​ដាក់​នៅ​ពីមុខ​ខ្លួន​របស់​គេ​ទៀត​។ ចំពោះ​ខ្សែ​ឆ្អឹងខ្នង​គេ​វិញ អាច​មើលឃើញ​ច្បាស់​មែនទែន ហើយ​សរសៃប្រសាទ​ខួរ​ឆ្អឹងខ្នង កំពុងតែ​ចាប់ផ្តើម​អូស​ខ្សែ​របស់​វា ចេញពី​ខួរឆ្អឹងខ្នង​ដែរ​។ បើ​យើង​មើល​ទៅ​ថ្ងាស​របស់​កូន គឺ​ប៉ោង​ជា​លក្ខណៈ​បណ្តោះអាសន្ន សម្រាប់​ការលូតលាស់​របស់​ខួរក្បាល ហើយ​ក៏​នៅ​ខ្ពស់​បំផុត​ដែរ នៃ​ក្បាល​របស់​គេ ហើយ​បើ​យើង​វាស់​ទៅ គឺ​ស្មើនឹង​ពាក់កណ្តាល នៃ​ដងខ្លួន​របស់​កូន​ទៅ​ហើយ​។ គិត​ចាប់ពី​ក្បាល​ដល់​កំប៉េះគូថ គេ​មាន​ប្រវែង​ប្រហែល 1 ¼  អ៊ី​ញ (១​អ៊ី​ញ = ២,៥៤​សង់ទីម៉ែត្រ​)​។ រយៈពេល​ច្រើន​សប្តាហ៍​កន្លងមកនេះ កូន​របស់​អ្នក នឹង​មាន​ទំហំ​ធំ​ជាង​មុន​ពីរដង​។​

​ដល់ពេល​ទៅ​ជួប​ពេទ្យ​លើក​ក្រោយ អ្នក​ប្រហែលជា​អាច លឺ​សម្លេង​បេះដូង​កូន លោត​យ៉ាង​លឿន​តាមរយៈ Doppler Stethoscope ដែល​ជា​ឧបករណ៍​ថត​អេកូ សម្រាប់​ដាក់​នៅ​លើ​ពោះ​របស់​អ្នក​។ ស្ត្រី​ជា​ច្រើន​និយាយថា ការ​លោត​របស់​បេះដូង​កូន មាន​សម្លេង​ដូច​ជា​សេះ​រត់​អញ្ជឹង  ហើយ​ការ​លឺសូរ​ជា​លើកដំបូង​នេះ គឺ​លឿន​មែនទែន​។

​មុន​ពេល​អ្នក​មាន​ផ្ទៃពោះ ស្បូន​មាន​ទំហំ​តូច​ដូច​ផ្លែ​សារី​អញ្ជឹង​។ ប៉ុន្តែ នៅ​សប្តាហ៍​នេះ វា​មាន​ទំហំ​ធំ​ដូច​ផ្លែ​ក្រូចថ្លុង​ទៅវិញ​។ ឥឡូវនេះ អ្នក​ប្រហែលជា​មិន​បាន​ត្រៀម ឬ​ត្រៀម​សម្លៀក​បំពាក់​សម្រាប់​ការ​មាន​ពោះធំ​ហើយ​មើលទៅ​។ បើសិន​ជា​អ្នក​មិនទាន់​ត្រៀម​ខ្លួន​រួច​ទេ សម្លៀក​បំពាក់​រាល់ថ្ងៃរ​បស់​អ្នកនោះ ប្រហែល​ជា​ស្លៀក​ទៅ​ដូច​ជា​តឹង មិន​ស្រួល​ក្នុង​ចិត្ត ហើយ​សុដន់​ដ៏​ធំ​របស់​អ្នក អាច​នឹង​ធ្វើឲ្យ​ប្រេះ​ថ្នេ​អាវទ្រនាប់​អ្នក​បាន​ទៀត​។ ភាព​តឹង​នៃ​ការ​ស្លៀក​សម្លៀក​បំពាក់​បែបនេះ ភាគច្រើន បណ្តាលមកពី​ការឡើង​ទម្ងន់​បន្តិចបន្តួច និង​ពោះធំ​។ បើសិន​ជា​អ្នក​ចង់​ប្រើ​សម្លៀក​បំពាក់​ចាស់ៗ​ដដែល ខោ និង​សំពត់ អ្នក​គួរតែ​ពង្រីក​ចង្កេះ​ឲ្យ​ធំ​ជាង​មុន ដើម្បី​អាច​ផ្តល់​នូវ​ផាសុកភាព ពេល​ស្លៀក​ពាក់បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។