ការបង្ក​រោគ លើផ្លូវ​ទឹកនោម ក្នុងពេល​មាន​ផ្ទៃពោះ​

ការបង្ក​រោគ លើផ្លូវ​ទឹកនោម ក្នុងពេល​មាន​ផ្ទៃពោះ​

​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម គឺជា​ការបង្ក​រោគ ដោយសារ​តែ​បាក់តេរី ដែល​គេ​ជួបប្រទះ​ជា​ញឹកញាប់​បំផុត ក្នុងពេល​មាន​ផ្ទៃពោះ​។ អ្វី​ដែល​គួរ​បន្ទោស​នោះ គឺជា​ការឡើង​ខ្ពស់​របស់​អ័រម៉ូន​ប្រូ​ហ្សេ​ស​ស្ទេ​រ៉ូន (Progesterone)​។ អ័រ​ម៉ូ​នេះ មាន​នាទី​ជួយ​បន្ធូរ​ផ្លូវ​ទឹកនោម ដែល​វា​ប្រហែលជា​ធ្វើឲ្យ​លំហូរ នៃ​ការ​នោម​មាន​ភាពយឺត ដែល​ផ្តល់​ឱកាស​ដល់​បាក់តេរី អាច​លូតលាស់​កាន់តែច្រើន​។ ក្រៅពីនេះ ក៏​មាន​កត្តា​ផ្សេងៗ​ទៀត ជា​អ្នក​បង្ករឿង​ដែរ​។

​ការបង្ក​រោគ​មួយ​កើតឡើង​បាន គឺ​នៅ​ពេល​បាក់តេរី​ក្នុង​ពោះវៀន ធ្វើដំណើរ​ពី​ចុង​ពោះវៀនធំ ទៅកាន់​បង្ហួរនោម បន្ទាប់មក ទើប​ចូល​ក្នុង​ផ្លូវ​ទឹកនោម រួច​បន្ត​បំបែក​កូនចៅ​របស់​វា​។ ពេលខ្លះ វា​បណ្តាល​ឲ្យ​រលាក​ដល់​ប្លោកនោម ដែល​មាន​រោគសញ្ញា​ដូចជា ឈឺចាប់ មិន​ស្រួល​ក្នុង​ខ្លួន ឬ​ក្រហាយ​ពេល​នោម នោម​ញឹក និង​មិន​ស្រួល​ក្នុង​អាង​ត្រគាក ឬ​ឈឺចាប់​នៅ​តំបន់​ពោះ ផ្នែក​ខាងក្រោម​។ ទឹកនោម​របស់​អ្នក ប្រហែលជា​មាន​លក្ខណៈ​ល្អក់ និង​មាន​ក្លិនស្អុយ​។

​យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើសិន​ជា​អ្នក​គិតថា អ្នក​មាន​ជំងឺ​ក្នុង​ប្លោកនោម​។ ការ​រលាក​ប្លោកនោម ដែល​មិន​បាន​ព្យាបាល អាច​នាំ​បង្ក​មេរោគ​ដល់​តម្រងនោម ដែល​អាច​បណ្តាលឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ប្រឈម​កាន់តែខ្លាំង នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ​។ បើសិន​ជា​អ្នក​មាន​ជំងឺ​រលាក​ប្លោកនោម គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច (​ថ្នាំ​ផ្សះ​) ដែល​មាន​សុវត្ថិភាព ឲ្យ​អ្នកប្រើ​ក្នុងពេល​មាន​ផ្ទៃពោះ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ច្រើន កើតឡើង​ទៀត​។ ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច ទំនង​ជា​ជួយ​បន្ថយ​រោគសញ្ញា ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ប៉ុន្តែ ចូរ​ចាំ​ថា ដើម្បី​បញ្ចប់​ការព្យាបាល​បាន គឺ​ធ្វើ​យ៉ាងណា សម្លាប់​បាក់តេរី​បង្ក​រោគ​នោះ​ឲ្យអស់​។

​ប៉ុន្តែ បាក់តេរី ក៏​អាច​បង្កើត​កូនចៅ​ច្រើន ក្នុង​ផ្លូវ​ទឹកនោម​របស់​អ្នក ដោយ​មិន​បង្ក​រោគសញ្ញា​អ្វី​ទាំងអស់​ដែរ នោះ​ហើយ គឺជា​មូលហេតុ​ដែល​គ្រូពេទ្យ ត្រូវការ​យក​ទឹកនោម​ទៅពិនិត្យ ពេល​អ្នក​ពិនិត្យ​ពោះ​ជា​លើកដំបូង​។ អ្នក​នឹង​ត្រូវ​ការព្យាបាល ដោយ​ប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច បើសិន​គ្មាន​រោគសញ្ញា តែ​ឃើញ​បាក់តេរី​ក្នុង​ទឹកនោម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។