ជនជាតិចិន លួចបើកការដ្ឋាន ធ្វើឡធ្យូង នៅក្នុងព្រៃ ទ្រង់ទ្រាយធំ ដោយគ្មានច្បាប់ ពីអាជ្ញាធរ

ក្រចេះ៖ ជនជាតិចិនមួយក្រុម ត្រូវបានគេលួចបង្ហើបថា បានលួចបើកសិប្បកម្ម ឡដុតធ្យូងទ្រង់ទ្រាយធំ ស្ថិតនៅក្នុងព្រៃ ចំងាយពីភូមិល្អប្រហែល ១គីឡូម៉ែត្រ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយសង្ស័យគ្មានច្បាប់ទម្លាប់នោះទេ ពីព្រោះមិនបានរាយការណ៍ទៅអាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធ។

ប្រជាពលរដ្ឋមូលដ្ឋាន នៅតំបន់នោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋនាំគ្នាកាប់ឈើ ប្រមូលលក់ឲ្យក្រុមជនជាតិចិនទាំងនោះយ៉ាងច្រើន ដោយកាប់ឈើទាំងធំទាំងតូច ហើយមធ្យោបាយដឹកជញ្ជូនដោយគោយន្តកន្រ្តៃ ដឹកចូលក្នុងសិប្បកម្មចិនដើមី្បដុតធ្វើធ្យូង។ ប្រជាពលរដ្ឋបានរាយការណ៍ទៀតថា សិប្បកម្មឡធ្យូងដ៏ធំមួយនោះ ទើបតែចាប់ផ្ដើមបានប្រហែលជា ២ខែមកហើយ តែមិនមានផ្លាកយីហោនៅឡើយទេ ហើយពួកគេបង្កើតឡដុតធ្យូង មានចំនួន ១៨ឡ ព្រមទាំងកំពុងបង្កើតបន្តបន្ទាប់ទៀត។ ប្រជាពលរដ្ឋភាគច្រើន មានការព្រួយបារម្មណ៍ថា ព្រៃឈើនៅចំណុចនោះនឹងវិនាសហិនហោច ដោយសារក្រុមជនជាតិចិនទាំងនោះ បង្កើតសិប្បកម្មឡធ្យូង។

លោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរីបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រោយពីលោកបានទទួលដំណឹង ថាមានជនជាតិចិន បើកសិប្បកម្មឡធ្យូងដ៏ធំនោះ លោកបានបញ្ជាឲ្យលោកមេឃុំចង្រ្គង់ និងប៉ូលិសចុះទៅត្រួតពិនិត្យមើល និងឲ្យហាមឃាត់ពួកគេ ឲ្យផ្អាកដំណើរការសិន ដោយឲ្យពួកគេធ្វើច្បាប់ទម្លាប់ បើមិនដូច្នោះទេ លោកនឹងបញ្ជាឲ្យរុះរើជាក់ជាមិនខាន។

លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមទៀតថា សិប្បកម្មឡធ្យូងនោះមិនមានច្បាប់អនុញ្ញាតទេ ហើយលោកនឹងចុះទៅពិនិត្យមើល ទីតាំងសិប្បកម្មឡធ្យូងនោះនៅសប្ដាហ៍ក្រោយ បើនៅតែបន្តសកម្មភាព លោកនឹងបញ្ជាកម្លាំងឲ្យបិទសិប្បកម្មនោះតែម្ដង៕