រយៈពេល​9​ខែ​អ្នកទេសចរ​ចូល​ទស្សនា​ផ្សារ​ធំ​ថ្មី​មានការ​កើនឡើង

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ ភ្ញៀវ​អន្តរជាតិ​ពេល​មក​ដើរ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ជា​ទូទៅ​គឺ​ទៅ​ទស្សនា​ផ្សារ​ធំ​ថ្មី ដែល​ស្ថិត​នៅ​កណ្តាល​បេះដូង នៃ​រាជធានី​ភ្នំពេញ និង​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ក្រៅពី​ការ​ទស្សនា​សំណង់​ដ៏​ចំណាស់​នេះ ភ្ញៀវ​ក៏​អាច​ទិញ​នូវ​ទំនិញ​ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ទុក​ពេល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ។

យោង​តាម​ឯកសារ​មួយ​ចំនួន បាន​បញ្ជាក់​ថា ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សាងសង់​ឡើង​តាម​ម៉ូ​ដ​អគារ​បែប​សម័យ​អាណានិគម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ។ ឈ្មោះ​ជា​ភាសា​ខ្មែរ «​ផ្សារ​ថ្មី​» និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស «New Market» ទោះបីជា​វា​ត្រូវ​បាន​គេ​សំដៅ​ភាគច្រើន​ជា Central Market ជា​ភាសា​អង់គ្លេស​ក៏​ដោយ ។

លោកស្រី ប៉ុន ដាន អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី មាន​ប្រសាសន៍​ថា រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​ផ្សារ​ធំ​ថ្មី មានការ​កើន​ឡើងជា​លំដាប់​ដែល​មាន​ចំនួន​១៩៧.០១៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ចិន កូ​រ៉េ អង់គ្លេស ហើយ​ក៏​មាន​គណៈប្រតិភូ​ចូល​ទស្សនា​ផ្សារ​ធំ​ថ្មី ចំនួន​២៧០​នាក់​ផង​ដែរ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ គឺ​មានការ​កើនឡើង (​ភ្ញៀវ​បរទេស​ចូល​ទស្សនា​មាន​ចំនួន​១២៣.៥៩៦​នាក់​) ។ យើង​ក៏​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ រដ្ឋមន្ត្រី​ការ​បរទេស​ជ​ប៉ុន លោក ហ្វូ​មី​អូ គី​ស៊ូ​ដា អមដំណើរ​ដោយ​ឯកអគ្គរាជទូត​ជ​បុ​៉​ន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​រួម​ដំណើរ​ដោយ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​ចំណាយពេល​២០​នាទី​មក​ទស្សនា​ផ្សារ​ធំ​ថ្មី ។

លោកស្រី ប៉ុន ដាន មាន​ប្រសាសន៍​ទៀត​ថា សព្វ​ថ្ងៃនេះ​សម្រាប់​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​ផ្សារ​ធំ​ថ្មី​មានការ​កើនឡើង​ច្រើន ហើយ​គណៈកម្មការ​ផ្សារ​បាន​ចាត់​កម្លាំង​ទាំង​សមត្ថកិច្ច និង​កម្លាំង​ផ្សារ​ប្រចាំការ​គ្រប់​ច្រកល្ហក​ទាំងអស់ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​មាន​របៀបរៀបរយ មិន​ឱ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ។ ជាមួយ​គ្នា​នេះ នោ​ក្នុង​បរិវេណ​ផ្សារ​ក៏​មានការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ទីកន្លែង​ដែរ ។

ចំពោះ​បញ្ហា​អនាម័យ​វិញ គឺ​គណៈកម្មការ​ផ្សារ​តែងតែ​ចុះ​សម្អាត​បាញ់​ទឹក​ដុសលាង និង​បាញ់ថ្នាំ​កុំឱ្យ​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប​ដល់​ភ្ញៀវ​ចេញចូល​ក្នុង​ផ្សារ ។ ចំណែក​បញ្ហា​ភាស៊ី​វិញ ខាង​គណៈកម្មការ​ផ្សារ​បាន​ដាក់​ស្លាក​គ្រប់​ទីកន្លែង​ទទួល​ផ្ញើ​ទាំងអស់ ពោល​គឺ​ឱ្យ​អ្នក​ទទួល​ផ្ញើ​កង់​-​ម៉ូតូ និង​រថយន្ត ត្រូវ​អនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក មិន​ឱ្យ​កេង​បន្លំ​យក​លើស​នោះ​ទេ ។ បើសិនណា​អ្នក​ទទួល​ភាស៊ី​មិន​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ ហើយ​ហ៊ាន​យក​ថ្លៃ​ទទួល​ផ្ញើ​លើស​ពី​សៀវភៅ​បន្ទុក​នោះ សូម​បងប្អូន​អាជីវករ​ក៏​ដូច​ជា​ភ្ញៀវ​ដែល​ចេញចូល​ផ្សារ សូម​រាយការណ៍​ដោយ​ផ្ទាល់​មក​គណៈកម្មការ​ផ្សារ​។​គណៈកម្មការ​ផ្សារ​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់ ឬ​ចាប់​ជន​នោះ​បណ្តេញចេញ មិន​ឱ្យ​កើត​មាននៅ​បរិវេណ​ផ្សារ​ឡើយ ។

ផ្សារ​ធំ​ថ្មី ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​អំឡុង ខែសីហា ឆ្នាំ​១៩៣៥ និង​បាន​បញ្ចប់​ជា​ស្ថាពរ នៅ​ខែមិថុនា ឆ្នាំ​១៩៣៧ តាម​ប្លង់​ស្ថាបត្យកម្ម​របស់​លោក JEAN DUBOIR ជនជាតិ​បារាំង​ដែល​មាន​ក្រុមហ៊ុន​ឥណ្ឌូចិន​សាយ​ហ្គ​ន ជា​អ្នក​សិក្សា​បច្ចេកទេស និង​ជា​អ្នក​សាងសង់ នៅ​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ ស៊ី​សុវត្ថិ មុនី​វង្ស គ្រង​រាជសម្បត្តិ ។ ផ្សារ​នេះ បាន​ប្រែក្លាយ​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ទស​វត្ស​ឆ្នាំ​៣០ ដល់​ទស​វត្ស​ឆ្នាំ​៧០ ដែល​ជា​សមិទ្ធផល​មួយ​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​បារាំង​ជូន​ដល់​ប្រទេស​កម្ពុជា ។ បើ​យើង​ពុំ​ស្គាល់​ផ្សារ​ធំ​ថ្មី​ទេ ហាក់បីដូចជា​ពុំ​ស្គាល់​ភ្នំពេញ​ដូច្នោះ​ដែរ ៕