ប្រធាន​ក្រុមការងារ​យុវជន​ក្រៅប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​បារាំង អាល្លឺម៉ង់ ស្វី​ស និង​ប៊ែ​ល​ហ្សិ​ក​

ភ្នំពេញ: ​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមការងារ​យុវជន​ក្រៅប្រទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា បាន​ដឹកនាំ​គណៈប្រតិភូ​យុវជន​ជាង ៣០ នាក់ ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ប្រទេស​បារាំង អាល្លឺម៉ង់ ស្វី​ស និង​ប៊ែ​ល​ហ្សិ​ក រយៈពេល ១១​ថ្ងៃ គិតពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការធ្វើដំណើរ​ទៅ​ទស្សនកិច្ច នៅ​ប្រទេស​បារាំង អាល្លឺម៉ង់ ស្វី​ស និង​ប៊ែ​ល​ហ្សិ​ក នៃ​សហគមន៍​អឺរ៉ុប ក្នុង​គោលបំណង ដើម្បី​ទៅ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ទាំងនោះ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ក៏ដូចជា ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​ជាម​ហា​គ្រួសារ​ខ្មែរ និង​ឆ្លៀតឱកាស​ធ្វើការ​ជាមួយ​មន្ត្រី​មួយចំនួន​របស់​បណ្តា​ប្រទេស​ទាំងនោះ​ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បី ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​ហ៊ុនសែន បាន​បន្តថា នៅក្នុង​ការជួប​ជាមួយ​មន្ត្រី​មួយចំនួន ជាពិសេស​មន្ត្រី ដែល​ធ្វើការ​ជាមួយ​មន្ត្រី​សហគមន៍​ខ្មែរ​នៅ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង ៤ ប្រទេស​នោះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់ បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ទីនោះ និង​យកចិត្ត​ទុកដាក់​ដល់​ស​ហគ​មន​ន៍​ខ្មែរ និង​ពិនិត្យមើល​លទ្ធភាព​នៅក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​ទីក្រុង​មួយចំនួន ជាមួយ​ប្រទេស​ផ្សេងៗ តាម​រូបភាព​វប្បធម៌ ឬក៏​អប់រំ ដែល​យើង​អាចធ្វើ​បានជា​មួយ​យុវជន​របស់​យើង​៕​