ប៉ូលិស ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ដែល​នាំ​ពលករ ១៧​នាក់ ដែល​ខុសច្បាប់ ទៅធ្វើ​នៅ​ប្រទេស​ថៃ

ខេត្តសៀមរាប: មេខ្យល់​ជួញដូរ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​អនីតិជន​ខេត្តសៀមរាប ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ខណៈពេលដែល​មេខ្យល់​រូបនេះ នាំ​ពលករ​ចំនួន ១៧​នាក់ ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​។
​    ​
​លោក​វរសេនីយ៍ត្រី ឡុង សំណាង អធិការរង​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹងថា ទាំង​មេខ្យល់ និង​ពលករ ត្រូវបាន​សមត្ថកិច្ច​ឃាត់ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាមួយនឹង​រថយន្ត​មួយគ្រឿង​ផងដែរ ខណៈពេលដែល ពួកគេ​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​។
​    ​
​លោក​វរសេនីយ៍ត្រី ឡុង សំណាង បាន​បញ្ជាក់ថា មេខ្យល់​ដែល​បាន​ឃាត់ខ្លួន​នោះ គឺមាន​ឈ្មោះ ថន ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប្រឡាយ​ប្រាក់ ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
​    ​
​ចំណែក​ពលករ​ខុសច្បាប់​ទាំង ១៧​នាក់ មាន​ទីលំនៅ​តាម​បណ្តា​ស្រុក​នានា​របស់​ខេត្តសៀមរាប ដោយ​សមត្ថកិច្ច​អះអាងថា ពួកគាត់​នឹង​ឲ្យ​ត្រលប់​ទៅ​លំនៅឋាន​វិញ បន្ទាប់ពី​ធ្វើការ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការធ្វើ​ដោយ​ប្រថុយប្រថាន​ពី​កម្ពុជា ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​
​    ​
​លោក​វរសេនីយ៍ត្រី ឡុង សំណាង បាន​បន្តថា ជនសង្ស័យ ដែលជា​មេខ្យល់ ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​របស់​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង ទៅកាន់​តុលាការ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​៕​