CEDAW គ្រោង​បង្ហាញ​រូបថត​លើក​កម្ពស់​កិច្ច​ការពារ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ

គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេន.ជី.អូ ស៊ីដ (NGO-CEDAW) នឹង​រៀបចំ​តាំង​បង្ហាញ​សិល្បៈ​រូបថត​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​កិច្ច​ការពារ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

គម្រោង​ដែល​មាន​ឈ្មោះ​ថា "សេចក្ដី​ថ្លៃថ្នូរ" នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​ធ្នូ នៅ​ផ្ទះ​មេត្តា (Meta House) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្នុង​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​ផ្ដល់​កិច្ចការពារ​បន្ថែម​ទៀត​ដល់​ជន​រងគ្រោះ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

អ្នក​សម្របសម្រួល​គណៈកម្មាធិការ​ អេន.ជី.អូ ស៊ីដ អ្នកស្រី ជឹម ចាន់នាង មាន​ប្រសាសន៍​ថា ពុំ​មាន​ការ​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​កើន​ឡើង​ ឬ​ធ្លាក់​ចុះ​នោះ​ទេ។ ប៉ុន្តែ​ករណី​នីមួយៗ​ ដែល​ទទួល​បាន​នា​ឆ្នាំ​នេះ ជន​រងគ្រោះ​កាន់​តែ​រងគ្រោះ​ធ្ងន់ធ្ងរ​ទៅៗ ដែល​ទាមទារ​ឲ្យ​ពង្រឹង​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជន​រងគ្រោះ ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ធូរ​រលុង។

អ្នកស្រី ជឹម ចាន់នាង៖ «រយៈ​ពេល​ថ្មីៗ​នេះ មាន​សភាព​ធ្ងន់​ជាង​មុន ជន​រងគ្រោះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​សម្លាប់។ បញ្ហា​នេះ​បណ្ដាល​មក​ពី​ច្បាប់​ដែល​មាន​ស្រាប់​នេះ​មិន​គ្រប់​ជ្រុងជ្រោយ​ដែល​អត់​អាច​ការពារ​ជន​រងគ្រោះ​បាន​ទាន់​ពេល​វេលា។ ការ​ពិភាក្សា​គ្នា​នឹង​ភ្ជាប់​ពី​ស្ថានភាព​បច្ចុប្បន្ន​ទៅ​នឹង​ការ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិនិត្យ​មើល​ច្បាប់​នេះ​ឡើង​វិញ ដោយ​ពង្រឹង​ការអនុវត្ត និង​ចំណុច​ខ្វះខាត​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ឡើង​វិញ»

គម្រោង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ១៦​ថ្ងៃ ដែល​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។ សារ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៥​នេះ គឺ​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ទេ សូម​មេត្តា​កុំ​ទម្លាក់​កំហុស​លើ​ជន​រងគ្រោះ​ឲ្យ​សោះ។

សាធារណជន​អាច​ចូលរួម​កម្មវិធី​នេះ ដើម្បី​ចូលរួម​ពិភាក្សា និង​ចែក​រំលែក​ក្ដី​កង្វល់ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន រួម​ទាំង​ទស្សនា​ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​រូបថត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។