សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​បដិសេធ​សំណើ​លើ​គម្រោង​ឈូស​ឆាយ​ដី

ក្រុម​មន្ត្រី​មូលដ្ឋាន​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សម្របសម្រួល​ឲ្យ​សហគមន៍​ទទួល​យក​ប្រាក់ ២​ម៉ឺន​ដុល្លារ សម្រាប់​ធ្វើ​ពិធី​សែនព្រេន​លោះ​លៀង​ព្រលឹង​ដូនតា​អារក្ស​អ្នក​តា​​ព្រៃភ្នំ​តាម​ជំនឿ​អ្នក​ភូមិ ហើយ​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​មេហ្គាហ្វើស បន្ត​ការ​ឈូស​ឆាយ​ដី​សម្បទាន​ជា​ថ្មី​ទៀត។ ចំណែក​សហគមន៍​បាន​ច្រានចោល​សំណើ​នេះ។

អាជ្ញាធរ​ឃុំ​ដាក់ដាំ មិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ឲ្យ​អ្នក​ភូមិ​ទទួល​ប្រាក់ ២​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​​មេហ្គាហ្វើស ដើម្បី​បញ្ឈប់​ការ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​មួយ​នេះ​បាន​ទេ។

អ្នក​ភូមិ​ជាង ២០​នាក់ មក​ពី​ឃុំ​ដាក់ដាំ និង​ឃុំ​ប៊ូស្រា បាន​នាំ​គ្នា​ទៅ​សាលា​ឃុំ​ដាក់ដាំ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​​វិច្ឆិកា ខណៈ​ក្រុម​មន្ត្រី​មូលដ្ឋាន​គ្រោង​ប្រជុំ​ចាស់​ទុំ​ក្នុង​ភូមិ ហើយ​សម្របសម្រួល​ឲ្យ​ព្រឹទ្ធាចារ្យ​ប្រចាំ​ភូមិ​ទទួល​យក​ប្រាក់​ធ្វើ​ពិធី​សែន​ព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម ក៏​ប៉ុន្តែ​សមាជិក​សហគមន៍​អ្នក​តវ៉ា​បាន​ជំទាស់​ការ​ទទួល​យក​ប្រាក់​នោះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា អះអាង​ថា ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ គឺ​ជា​ប្រការ​សំខាន់​ដែល​សហគមន៍​ជំទាស់​ទៅ​នឹង​គម្រោង​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​នោះ ពីព្រោះ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​តំបន់​ព្រៃ​កប់​សព ព្រៃ​សក្ការៈ​បូជា និង​ជាពិសេស​តំបន់​ដី​សម្បទាន​ដែល​រដ្ឋ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​គឺ​ជា​ប្រភព​ទឹក​ប្រើប្រាស់​របស់​សហគមន៍​នៅ​ស្រុក និង​ក្រុង​ចំនួន​បី​ដែល​ប្រើប្រាស់​ទឹក​អូរ​ធម្មជាតិ។ ហេតុ​នេះ​ប្រសិន​​តំបន់​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​នឹង​បង្ក​ផល​ប៉ះពាល់​គុណភាព​ទឹក​អូរ​ចំនួន​៤ ដែល​អ្នក​​ភូមិ​នៅ​ជុំវិញ​តំបន់​នោះ​ប្រើប្រាស់៖ «មិន​អាច​ប្រគល់​ឲ្យ​ក្រុមហ៊ុន​បាន​ទេ ប្រសិន​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ពួកគាត់​នឹង​ធ្វើ​បាតុកម្ម​ធំ​នៅ​ខែ​ខាង​មុខ»

​ក្រុមហ៊ុន​មេហ្គា ហ្វើស ទទួល​បាន​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​អូររាំង តាំង​ពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​សហគមន៍​រស់​នៅ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ពេជ្រាដា ស្រុក​អូររាំង និង​ក្រុង​សែនមនោរម្យ ព្រមាន​​នឹង​ប្រមូល​ផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី និង​សំណង​ខូចខាត​តំបន់​ព្រៃ​គោរព​​បូជា និង​ទាមទារ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​បង្ក​ផល​ប៉ះពាល់​តំបន់​ព្រៃឈើ​ដល់​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ដាក់ដាំ លោក សំ វាន្នី សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នេះ។ ចំណែក​អភិបាល​ស្រុក​អូររាំង លោក នង ទុណារី ទទួល​ស្គាល់​ថា មន្ត្រី​មូលដ្ឋាន​ពិត​ជា​ចង់​សម្របសម្រួល​ជាមួយ​អ្នក​ភូមិ​បញ្ចប់​ជម្លោះ​ទាក់ទិន​គម្រោង​សម្បទាន​មួយ​នេះ។ លោក​ថា ប្រាក់​ពីរ​ម៉ឺន​នេះ​មិន​មែន​ជា​ប្រាក់​ទិញ​លក់​ដី​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន​បាន​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់ រួម​ទាំង​តំបន់​អូរ​ដែល​អ្នក​ភូមិ​ប្រើប្រាស់ ក៏​ប៉ុន្តែ​ប្រាក់​នេះ​ក្រុមហ៊ុន​ប្រគល់​ជូន​អ្នក​ភូមិ​ដើម្បី​ប្រារព្ធ​ពិធី​ប្រពៃណី​តាម​ជំនឿ​អ្នក​ភូមិ​តែប៉ុណ្ណោះ៖ «គោល​បំណង​របស់​ស្រុក​របស់​អាជ្ញាធរ​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​គាត់​ទាំង​ ខាង​ប្រពៃណី និង​បច្ចេកទេស។ ធ្វើ​នេះ​ពាក់ព័ន្ធ​កន្លែង​ចង្អុល​បង្ហាញ​កន្លែង​ផល​ប៉ះពាល់​ទេ ប៉ុន្តែ​ភាគ​ច្រើន​កន្លែង​ប៉ះពាល់​យើង​កាត់​ជូន​គាត់ ទាំង​កន្លែង​កប់​ខ្មោច ព្រៃ​តំណម ចម្ការ​វិល​ជុំ ចម្ការ​ទទួល​ផល»

កាល​ពី​ដើម​ខែ​សីហា ក្រុម​អាជ្ញា​ធរមាន​ប៉ូលិស កងរាជអាវុធហត្ថ និង​យោធា​ស្រុក​អូររាំង ប្រមាណ ៣០​នាក់ ខ្លះ​កាន់​អាវុធ​ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន​គ្មាន​អាវុធ​ដឹកនាំ​ដោយ​អភិបាល​រង​ស្រុក​បាន​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ជាង ១០០​នាក់ ចូល​ទៅ​តំបន់​សែនព្រេន​តំបន់​សក្ការៈ​របស់​អ្នក​ភូមិ ដោយ​សំអាង​​ថា តំបន់​នោះ​ជា​ដី​សម្បទាន​របស់​ក្រុមហ៊ុន​មេហ្គា ហ្វើស។ ការ​ប្រឈម​មុខ​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ទើប​ក្រុម​សមត្ថកិច្ច​បើក​ផ្លូវ​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ធ្វើ​ពិធី​សែន​ព្រេន​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក សុក រដ្ឋា ដែល​បាន​ឃ្លាំមើល​បញ្ហា​នេះ​ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ​ព្រៃ​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន​ថា ជា​កំហុស​របស់​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិន​ពិគ្រោះ​យោបល់​ផល​ប៉ះពាល់​ជាមួយ​សហគមន៍​ទើប​កើត​មាន​ជម្លោះ​ដីធ្លី​នេះ​ឡើង។ លោក​ថា ការ​សម្របសម្រួល​ដោយ​មន្ត្រី​មូលដ្ឋាន​មិន​មែន​ជា​យន្តការ​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ជូន​សហគមន៍​ឡើយ៖ «គួរ​គិតគូរ​ដែរ មិន​មែន​យើង​ផ្ដល់​សំណង​ដើម្បី​ទិញ​ទឹក​ចិត្ត​ផ្នែក​ណា​មួយ​ឲ្យ​ប្រជាពលរដ្ឋ ​ផ្ដិត​មេដៃ ហើយ​ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​បន្ថែម អា​ហ្នឹង​ខុស​ច្បាប់​ហើយ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍ លោក ក្រើង តុលា អះអាង​ថា រហូត​បច្ចុប្បន្ន​ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​តំបន់​នោះ​អស់​ប្រមាណ ២០០​ហិកតារ​បង្ក​ផល​ប៉ះពាល់​តំបន់​ជម្រក​សត្វព្រៃ​តំបន់​ស្វែង​រក​អនុផល​ព្រៃ​ឈើ​សហគមន៍ ហេតុ​នេះ​រាជរដ្ឋាភិបាល​តោង​ពិនិត្យ និង​លុប​ចោល​ការ​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​នោះ​ពី​ក្រុមហ៊ុន ហើយ​ប្រគល់​ជូន​សហគមន៍​អភិរក្ស​ដូច​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។