​ក្រសួង​ការងារ ស្នើ​ដល់​សមត្ថកិច្ច ចាប់​មេខ្លោង​បំផុស​ពាក្យឃោសនា​អកុសល​ថា រោងចក្រ​នៅ​កម្ពុជា​ឈប់សម្រាក ១ ខែ

ភ្នំពេញ: ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​នេះ បដិសេធ​ការឃោសនា​អកុសល​ថា រោងចក្រ​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​នឹង​ឈប់សម្រាក ១ ខែ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ ហើ​យ​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់ខ្លួន​មេខ្លោង​បំផុស​ពាក្យឃោសនា​អកុសល​នេះ ដើម្បី​យកទៅ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ក្រសួង​ការងារ បាន​លើកឡើងថា ចាប់​ពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥​មកនេះ មាន​ជន​ទុច្ចរិត​មួយក្រុម​បាន​ដើរ​បំផុស​នូវ​ពាក្យ​ចចាមអារ៉ាម តាម​តំបន់​រោងចក្រ​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ថា នៅក្នុង​ខែធ្នូ​ឆ្នាំ​២០១៥​នេះ គ្រប់​រោងចក្រ​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​នឹង​បិទទ្វារ​ផ្អាក​ដំណើរការ​រយៈពេល​១​ខែ ដែល​ព័ត៌មាន​នេះ បាន​បង្ក​ជា​ក្តី​ព្រួយបារម្ភ​ដល់​បងប្អូន​កម្មករនិយោជិត និង​និយោជក​ក្នុង​វិស័យនេះ​។​

​ក្រសួង​សូម​អំពាវនាវ​ដល់​សាធារណជន កម្មករនិយោជិត និយោជក និង​អង្គការ​វិជ្ជាជីវៈ​ទាំងអស់ សូមមេត្តា​រក្សា​ការ​ស្ងប់ស្ងាត់ និង​បន្ត​និរន្តរភាព​ការងារ​របស់ខ្លួន​ជាធម្មតា ចៀសវាង​ការចាញ់បោក​ការឃោសនា​អកុសល​ពី​ក្រុម​ទុច្ចរិត​ណាមួយ​។​

​ក្រសួង​ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន កម្មក​និយោជិត និ​យោជន និង​អង្គការ​វិជ្ជាជីវៈ​នានា​មេត្តា​សហការ​ផ្តល់ព័ត៌មាន​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នូវ​ព័ត៌មាន​នានា ដែល​អាចឈាន​ទៅដល់​ការវែកមុខ និង​ចាប់ខ្លួន​មេខ្លោង​បំផុស​ពាក្យឃោសនា​អកុសល​នេះ ដើម្បី​យកទៅ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕​

​ក្រសួង​ការងារ ស្នើ​ដល់​សមត្ថកិច្ច ចាប់​មេខ្លោង​បំផុស​ពាក្យឃោសនា​អកុសល​ថា រោងចក្រ​នៅ​កម្ពុជា​ឈប់សម្រាក ១ ខែ