ការ​ដើរ​ដង្ហែរ​ក្បួន​ពេញ​ពិភពលោក ​គាំទ្រ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នៅ​បារីស

ចាប់​ផ្តើម​មុន​គេ​ដោយ​ប្រទេស​អូស្ត្រាលី ​ថ្ងៃ​សៅរ៍​នេះ ​គឺ​មាន​ការ​ដង្ហែរ​ក្បួន​ដ៏​ធំ​ នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​និង​ទីក្រុង​ធំៗ​ដ៏ទៃ​ទៀត ​ពាសពេញ​ពិភពលោក។ ការ​ដើរ​ដង្ហែរ​ក្បួន​នេះ​ គឺ​ធ្វើឡើង​ ដើម្បី​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​ពិភពលោក​ទាំងអស់ ​មូល​មតិ​គ្នា​ សម្រេច​ឲ្យ​បាន ​នូវ​កិច្ច​ព្រមព្រៀង ​ស្តី​ពី​អាកាសធាតុ ​ដែល​នឹង​ចាប់ផ្តើម​ធ្វើឡើង​ នៅ​ទីក្រុង​ប៉ារីស ​ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ទៅ។ អនាគត​របស់​ភព​ផែន​ដី ​និង​មនុស្សជាតិ​ទាំងមូល​ រំពឹង​ទាំង​ស្រុង​លើ​កិច្ច​ព្រមព្រៀង​នេះ។ ក្រុង​ប៉ារីស ​ដែល​ទើបតែ​រង​ការ​វាយ​ប្រហារ​ភេរវកម្ម ​ដ៏​សាហាវ​កាល​ពី​២​សប្តាហ៍​មុន ​ កំពុង​ត្រៀម​ការពារ​សន្តិសុខ​យ៉ាង​តឹងតែង​ ដើម្បី​ការពារ​ថ្នាក់​ដឹកនាំ ​និង​មនុស្ស​ជិត​៣ម៉ឺន​នាក់​ ដែល​ចូលរួម​ជំនួប​កំពូល​នេះ។