អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រង​ការ​រិះគន់​ក្រោយ​មិន​ចូល​សង្កេត​ការ​ប្រឡង​ចៅក្រម

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ បង្ហាញ​ក្តី​បារម្ភ​ពី​អំពើ​ពុករលួយ​ក្នុង​ដំណើរ​ការ​ប្រឡង​ជ្រើសរើស​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ នៅ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បដិសេធ​មិន​ចូលរួម​សង្កេតការណ៍។ លើស​ពី​នេះ សង្គម​ស៊ីវិល​មើល​ឃើញ​ថា អំពើ​ពុករលួយ​ក្នុង​ពេល​ប្រឡង នឹង​ធ្វើ​អោយ​ប៉ះពាល់​បន្ត​ទៀត​ដល់​វិជ្ជាជីវៈ​តុលាការ។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ចាត់​ទុក​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​ជា​ស្ថាប័ន​ឯករាជ្យ ដែល​ជំរុញ​ឲ្យ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​សាធារណៈ ពិសេស​ការ​ប្រឡង​ចៅក្រម​នៅ​កម្ពុជា មាន​តម្លាភាព និង​មាន​ភាព​យុត្តិធម៌។ ជាង​នេះ​ទៀត សង្គម​ស៊ីវិល​យល់​ថា អវត្តមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រាល់​ការ​ការ​ប្រឡង​ណា​មួយ​ក៏​ជា​ដំណើរ​រាំង​ស្ទះ​មិន​អាច​ឲ្យ​កម្ពុជា ទទួល​បាន​ធនធាន​មនុស្ស​ប្រកប​ដោយ​វិជ្ជាជីវៈ​ពិត​ប្រាកដ។

ការ​លើក​ឡើង​ពី​ក្ដី​កង្វល់​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចេញ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា បាន​បដិសេធ​មិន​ចូលរួម​សង្កេតការណ៍​លើ​ដំណើរ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ។

អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ថា លោក​សោកស្ដាយ​ចំពោះ​ការ​បដិសេធ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​មិន​ព្រម​ចូល​រួម​សង្កេត​ដំណើរ​ការ​ប្រឡង​នេះ។ លោក​បារម្ភ​ថា ភាព​មិន​ប្រក្រតី​ណា​មួយ​អាច​នឹង​កើត​ឡើង ហើយ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​គុណភាព​បំពេញ​វិជ្ជាជីវៈ​របស់​ចៅក្រម​ទៅ​ថ្ងៃ​ក្រោយ៖
«ថ្ងៃ​ក្រោយ​ទៅ​ចៅក្រម​នឹង​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​លើ​ការងារ​តាម​វិជ្ជាជីវៈ​នោះ​ទេ ព្រោះ​យើង​បារម្ភ​ថា អាច​មាន​ការ​សូក​ប៉ាន់​កើត​ឡើង»

​លោក សន ជ័យ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវតែ​ពិចារណា​ឡើង​វិញ ព្រោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គឺ​ជា​ស្ថាប័ន​ឯករាជ្យ។ លោក​ថា បើ​អង្គភាព​នេះ​ធ្វើ​បាន នឹង​អាច​បង្ការ​ភាព​ស្រពេចស្រពិល​នៅ​ក្នុង​ការ​ប្រឡង​ជ្រើសរើស​ចៅក្រម៖ «ទោះ​បី​ជា​មិន​មាន​ការ​សហការ​ជា​ផ្លូវការ​ក៏ដោយ ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​អាច​អនុវត្ត​សង្កេតការណ៍​បាន​ដែរ ព្រោះ​ជា​ស្ថាប័ន​ឯករាជ្យ»

​ចំណែក​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់​ថា ការ​បដិសេធ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ពេល​នេះ គឺ​ជា​សិទ្ធិ​របស់​អង្គភាព ព្រោះ​រាល់​ការ​សង្កេតការណ៍​មិនមែន​ចាំបាច់​ត្រូវ​តែ​សង្កេត​តែ​នៅ​ពេល​ប្រឡង​ប៉ុណ្ណោះ​ទេ វា​អាច​មាន​ដំណាក់កាល​ជា​ច្រើន​ទៀត ដែល​ទាមទារ​ត្រូវ​តែ​មាន​ការ​សង្កេតការណ៍​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​បដិសេធ​មិន​ចូលរួម​សង្កេតការណ៍​លើ​ដំណើរ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

ប៉ុន្តែ​លិខិត​មួយ​ច្បាប់​ដែល​បាន​ចេញ​ផ្សាយ​នៅ​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ដែល​ផ្ញើ​ជូន​ទៅ​លោក ឈន ព្រលឹង បណ្ឌិត​រដ្ឋ​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ឱ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បដិសេធ​មិន​ចូលរួម​ក្នុង​ការ​សង្កេតការណ៍​លើ​ដំណើរ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ដោយ​ហេតុ​ថា រាជបណ្ឌិត​សភាព​វិជ្ជាជីវៈ​តុលាការ គ្មាន​ឆន្ទៈ និង​មិន​មាន​កិច្ចសហការ​ល្អ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស ស្ដីពី​យុត្តិធម៌​ទល់នឹង​អំពើ​ពុករលួយ ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​ឯករាជ្យភាព​នៃ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បង្ហាញ​ថា វិសាលភាព​នៃ​អំពើ​ពុករលួយ​លើ​ប្រព័ន្ធ​តុលាការ គឺជា​ឫសគល់ និង​ជា​បញ្ហា​ប្រឈម​ចំពោះ​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា។

របាយការណ៍​ដដែល​បង្ហាញ​ដែរ​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ទទួល​តួនាទី​ដ៏​មាន​អំណាច​បំផុត​ទាំង​ផ្លូវ​ច្បាប់ និង​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​ឥទ្ធិពល​លើ​ផ្នែក​ស្ទើរ​តែ​ទាំង​អស់​របស់​ចៅក្រម ហើយ​អំណាច​នោះ​រួម​មាន ឥទ្ធិពល​ផ្លូវការ​យ៉ាង​ច្រើន​លើ​ថវិកា ធនធាន ការ​បណ្ដុះបណ្ដាល ការ​តែងតាំង​ការ​ដំឡើង​តំណែង​រយៈពេល​កាន់​តំណែង។ បញ្ហា​ប្រឈម​ទាំង​នេះ កំពុងតែ​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​ការ​ស៊ី​សំណូក និង​អំពើ​ពុករលួយ​កាន់តែ​ច្រើន​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ផ្នែក​នយោបាយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា។ ក្នុង​របាយការណ៍​ក៏​បាន​ដាក់​អនុសាសន៍​ជូន​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ប្ដេជ្ញា​ធានា​ការពារ​ការ​បែងចែក​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា គោរព​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ និង​គណៈ​មេធាវី ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។