មាន​ដឹង​ទេ​ថា ការ​បំបៅ​ដោះ​កូនធ្វើឱ្យ​ម្តាយ​មាន​សុខភាព​ល្អ​?

មាន​ដឹង​ទេ​ថា ការ​បំបៅ​ដោះ​កូនធ្វើឱ្យ​ម្តាយ​មាន​សុខភាព​ល្អ​?

​បើ​តាម​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​នៅក្នុង HealthDay News កាលពី​ថ្ងៃ​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ការ​បំបៅ​ដោះកូន​អាចជួយ​កុំឱ្យ​មាតា​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​របស់ Kaiser Permanente Northern California បាន​ធ្វើ​ការតាមដាន​នារី​ជាង​៩០០​នាក់​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅពេល​មាន​គភ៌ អស់​ពេល​២​ឆ្នាំ​បន្ទាប់ពី​ពួកគេ​បាន​សម្រាលកូន​រួច​។ គេ​បាន​សង្កេតឃើញថា នារីៗ​ដែល​បំបៅកូន​តែ​នឹង​ទឹកដោះ​ខ្លួនឯង​សុទ្ធ មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​ចំនួន​៥៤%​តិច​ជាង​នារីៗ​ដែល​ឱ្យ​កូនបៅ​ទឹកដោះគោ​។ ហើយ​នារីៗ​ដែល​បំបៅ​ដោះកូន​យូរជាង​១០​ខែ មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​ចំនួន​៥៧%​តិច​ជាង​នារីៗ​ដែល​បំបៅកូន​តិចជាង​២​ខែ​។​

​លោកស្រី Erica Gunderson អ្នកដឹកនាំ​ការសិក្សា បាន​ពន្យល់ថា "​ការ​បំបៅ​ដោះ​កូន​ប្រៀប​បាន​ទៅ​នឹង​ការទុកឱ្យ​រាងកាយ​សម្រាក ព្រោះ​ជាតិ​ស្ករ​និង​ខ្លាញ់​ជាច្រើន​ត្រូវ​ប្រមូល​យក​មក​ផលិត​ទឹក​ដោះ រាងកាយ​មិន​ពិបាក​ខំប្រឹង​ផលិត​អាំង​ស៊ុយ​លីន​ទៀត​ទេ​"​។ ម្យ៉ាងទៀត "​ការ​បំបៅ​ដោះកូន​ហាក់ដូចជា​ធ្វើឱ្យ​មាន​ការរៀបចំមេ​តា​បូលីស​ឡើងវិញ​សារជាថ្មី ដែល​ក្នុង​មួយ​រយៈកាល​មានគភ៌ មេតាបូលីស​បាន​ត្រូវ​ធ្វើឱ្យ​ច្របូកច្របល់​អស់​" នេះ​បើ​តាម​វេជ្ជបណ្ឌិត Dr. Alison Stuebe សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​មាតា​និង​ទារក​នៃ​សាកលវិទ្យាល័យ University of North Carolina School of Medicine នៅ Chapel Hill ។ ក្រៅពីនេះ នៅ​មាន​យន្តការ​ជីវសាស្ត្រ​និង​កត្តា​សុខភាព​និង​ឥរិយាបទ​រស់នៅ​ជា​ច្រើន​ទៀត ដែល​ចូលរួម​នៅក្នុង​រឿង​នេះ​ដែរ​។

​លោកស្រី Gunderson បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បំបៅ​ដោះកូន​មិន​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​នោះទេ ហើយ​គេ​គួរតែ​ពិចារណា​លើកទឹកចិត្ត​ឱ្យ​នារីៗ​ដែល​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម ដូច​ជា​នារី   ធា​ត់ៗ​ជាដើម ឱ្យ​បំបៅកូន​ដោយ​ទឹកដោះ​បែបនេះ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។