ការរស់នៅ​ឯកា​អាច​ធ្វើឱ្យ​ថយ​អាយុ​បាន​

ការរស់នៅ​ឯកា​អាច​ធ្វើឱ្យ​ថយ​អាយុ​បាន​

​ការសិក្សា​ថ្មី​មួយ​ដែល​គេ​ចុះ​ផ្សាយ​នៅក្នុង the Proceedings of the National Academy of Sciences បាន​បង្ហាញ​ឱ្យដឹងថា កា​រស់នៅ​ឯកា​អាច​ធ្វើឱ្យ​មាន​ការប្រែប្រួល​កោសិកា​របស់​រាងកាយ ងាយ​នឹង​មាន​ជំងឺ​ឈឺ​ថ្កាត់ ហើយ​មាន​អាយុ​ខ្លី​បាន​។ គ្រោះថ្នាក់​នេះ​កើតមាន​ជា​ពិសេស​ចំពោះ​មនុស្ស​ចាស់ៗ​។​

​ពួក​អ្នក​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Chicago និង​សាកលវិទ្យាល័យ University of California បាន​ធ្វើ​ការសិក្សា​លើ​មនុស្ស​ចាស់​ចំនួន​១៤១​នៅ​អាមេរិក ហើយ​បាន​ពិនិត្យឃើញ​ថា​អ្នក​ដែល​រស់នៅ​តែម្នាក់ឯង​មាន​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ចុះខ្សោយ និង​ងាយ​នឹង​មាន​ការ​រលាក ជាង​អ្នក​ដែល​រស់នៅ​ជាមួយ​គេឯង​។​

​លោកស្រី Caroline Abrahams នាយក​របស់​អង្គការ​សប្បុរសធម៌​សម្រាប់​មនុស្ស​ចាស់​នៅ​ចក្រភព​អង់គ្លេស បាន​និយាយថា​"​ផ្ទុយស្រឡះ​ពី​អ្វី​ដែល​យើង​តែងតែ​នឹកស្មាន ភាព​ឯកា​មិន​ធម្មតា​ចំពោះ​មនុស្ស​ចាស់​ទេ​។ ការ​ដែល​មិន​បាន​ជួប​និយាយស្តី​ជាមួយ​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​អ្នក​ជិតខាង លើសពី​១​ខែ មាន​ផលប៉ះពាល់​ខ្លាំង​ណាស់​មក​លើ​សុខភាព ទាំង​ខាង​រាងកាយ​និង​ខាង​ផ្លូវចិត្ត​។ ដោយហេតុ​នោះ យើង​ម្នាក់ៗ​ត្រូវ​យល់ ហើយ​ជួយ​តាម​ដែល​អាច​ធ្វើទៅបាន​។​"
​លោកស្រី​បាន​បន្ថែមទៀតថា នៅ​ក្នុង​ការព្យាបាល​ជំងឺ​របស់​មនុស្ស​ចាស់ គេ​ត្រូវ​ចាប់ផ្តើម​គិត​ដល់​បញ្ហា​រស់នៅ​ឯកា​នេះ​ជាមុនសិន​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។