ប្រតិភូ​សិស្ស​វិទ្យាល័យ​ជប៉ុន​២១​នាក់ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

ភ្នំពេញ: សិស្ស​វិទ្យាល័យ​ប្រទេស​ជប៉ុន ចំនួន​២១​នាក់ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​វិស័យ​សង្គម វប្បធម៌ និង​ការជំរុញឱ្យ មានការ​យល់ដឹង​អំពី​ប្រទេស ជប៉ុន និង​កម្ពុជា ដែល​ដំណើរ​កម្មវិធី​នេះ​ត្រូវ​បានរៀបចំ​ដោយ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​ហៅថា JENESYS 2015​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានឱ្យដឹង​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​ប្រតិភូ​នឹងធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត ហើយនឹង​ធ្វើការ​ផ្លាស់ប្តូ​រ​យោបល់ អំពី​នយោបាយ និង​សង្គម ជាតិ​របស់​ប្រទេស​ជប៉ុន ហើយ​ធ្វើការ​ផ្សព្វផ្សាយ​វប្បធម៌ និង​ភាព​ទាក់ទាញ​នៃ​ធម្មជាតិ​របស់​ជប៉ុន ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​នៃ​តាម​ប្រទេស​នីមួយៗ បាន​យល់ដឹង​ពី​ប្រទេស​ជប៉ុន​កាន់​ច្រើន​។​

​យោងតាម​កាលវិភាគ​នៃ​ទស្សនកិច្ច​ប្រតិភូ​សិស្ស​វិទ្យាល័យ​ជប៉ុន​ទាំង​២១​នាក់ បានបង្ហាញ​ឱ្យដឹងទៀតថា ក្រុម​ប្រតិភូ​សិស្ស​នឹង​ជួប​ប្រាស្រ័យ​ដោយផ្ទាល់​ជាមួយ​សង្គម រួមមាន​ធ្វើ​ទស្សនកិច្ច​នៅតាម​សាលារៀន (​វិទ្យាល័យ​) ដើម្បី​ស្វែង​យល់ដឹង​ពី​ក្រុមមនុស្ស​ក្នុង​វ័យ​ប្រហាក់ប្រហែលគ្នា​, នៅតាម​មជ្ឈមណ្ឌល​វប្បធម៌ ដូចជា​វត្តភ្នំ ព្រះបរមរាជវាំង មិត្ត​យុវជន​នៅតាម​ភោជនីយដ្ឋាន និង​ទីផ្សារ ការ​ស្នាក់​នៅតាម​ផ្ទះ​អ្នកស្រុក ដើម្បី ស្វែងយល់​ពី​ពិសោធន៍​ស្តីពី​ជីវភាព​រស់នៅ និង​ទស្សនកិច្ច​នៅ​ទីកន្លែង​ដែល​បានទទួល​ជំនួយ ដូចជា​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​យល់ដឹង​ពី​ភាព​រីកចម្រើន​លូតលាស់​នៃ​ធនធានមនុស្ស​ជំនាន់​ក្រោយ ជាមួយ​ចក្ខុវិស័យ​សកល ដែល​គេ​សង្ឃឹមថានឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា​-​ជប៉ុន ៕​