អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​កម្ពុជា​ប្រតិកម្ម​តប​នឹង​សភា​អឺរ៉ុប

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ថា​លោក​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​សភា​អឺរ៉ុប ដែល​សភា​មួយ​នេះ​មិន​បាន​ឈរ​លើ​មូលដ្ឋាន​អព្យាក្រឹត និង​ពុំ​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​វាយ​តម្លៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហើយ​ការ​វាយ​តម្លៃ​របស់​សភា​អឺរ៉ុប ប្រកប​ដោយ​បុរេនិច្ឆ័យ។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋសភា​នៅ​ពេល​នេះ បន្ទាប់ពី​សភា​អឺរ៉ុប គំរាម​ថា អាច​នឹង​លុប​ចោល​ជំនួយ​ជា​ច្រើន​លាន​ដុល្លារ​ដែល​ពួកគេ​គ្រោង​ផ្ដល់​ឲ្យ​កម្ពុជា។ ជា​នេះ​ទៅ​ទៀត នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា សភា​សហភាព​អឺរ៉ុប​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ព្រមទាំង​ស្នើ​ឲ្យ​ដក​បទ​ចោទ​ពី​លោក សម រង្ស៊ី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា អ្នកនាំពាក្យ​នៃ​រដ្ឋសភា លោក ឈាង វុន លើក​ឡើង​ថា សភា​អឺរ៉ុប មើល​ងាយ​ច្បាប់ និង​សិទ្ធិ​ជនរងគ្រោះ​របស់​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​ពន្យល់​ថា រដ្ឋសភា​បាន​ថ្កោលទោស​រួច​ហើយ​លើ​ករណី​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​ករណី​ដក​តំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​សភា ព្រោះ​លោក កឹម  សុខា បំពាន​រដ្ឋធម្មនុញ្ញ និង​បំពាន​ក្រមសីលធម៌​តំណាងរាស្ត្រ។ ករណី​លោក សម រង្ស៊ី ជា​ជម្លោះ​ឯកជន ដែល​ពលរដ្ឋ​គ្រប់​រូប​ត្រូវតែ​អនុវត្ត​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។