ចិន​នឹង​សម្ពោធ​រោងចក្រ​ក្លូន​សត្វ​ដ៏​ធំ​ក្នុង​ពិភពលោក នៅ​ដើមឆ្នាំ​២០១៦

​រោងចក្រ​ក្លូន​សត្វ ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក នឹង​បើកទ្វារ​នៅ​ដើមឆ្នាំ​ក្រោយនេះ នៅ​ក្រុង​Tianjin​ធាន​ជី​ង ភាគ​ខាងជើង​ប្រទេស​ចិន​។ រោងចក្រ​នេះ​មាន​ទិសដៅ​ផលិត​អំប្រ៊ីយ៉ុង​សត្វពាហនៈ​អោយបាន​មួយ​លាន ក្នុង​មួយឆ្នាំៗ ដើម្បី​ឆ្លើយតប​នឹង​តំរូវការ​ចំណីអាហារ​របស់​ប្រជាជន​ចិន​។

​រោងចក្រ​ចិន​ឈ្មោះ Boyalife មានតម្លៃ​សាងសង់​ជា​មធ្យម​៣០​លាន​អឺរ៉ូ កំពុងស្ថិត​ក្នុងការ​សាងសង់​នៅឡើយ លើ​ផ្ទៃដី​ទំហំ​១៤០០០​ម៉ែត្រ​ការេ នៅ​ក្រុង​ធាន​ជី​ង​។ ចិន​ចង់​ផលិត​អំប្រ៊ីយ៉ុង​សត្វ​អោយបាន​១​លាន​ក្នុង​មួយឆ្នាំ ដើម្បី​ឆ្លើយតប​តំរូវការ​អាហារ​របស់​ប្រជាជន​ក្នុងស្រុក​។ អត្រាកំណើត​ប្រជាជន​ចិន​នៅតែ​បន្ត​កើន​ឥត​ឈប់​។ ហើយ​គិត​តាំងពីដើម​ទសវត្ស​ឆ្នាំ​១៩៧០​មក តំរូវការ​អាហារ​សាច់​សត្វ​បាន​កើនឡើង​១​ជា​៤​។ ផ្ទុយទៅវិញ កសិករ​ចិន​កំពុង​ជួប​ការលំបាក​ក្នុង​ការងារ​ចិញ្ចឹមសត្វ ដើម្បី​ធានា​អោយបាន​បរិមាណ​សាច់​តប​នឹង​តំរូវការ​ចំណីអាហារ​។

​ទិសដៅ​ក្លូន​សត្វ​របស់​រោងចក្រ​ក៏​អាចជួយ​ចិន​អោយ​ការពារ​ពូជ​សត្វ​ដែល​ជិត​ផុត​ពូជ​បានដែរ បែបយ៉ាង​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​។ រដ្ឋាភិបាល​បាន​ស្តុក​ទុក​ហ្សែ​ន​ខ្លាឃ្មុំ​ផេ​ន​ដា តាំងពី​ឆ្នាំ​២០០៤​មក ហើយនឹង​យកមក​ក្លូន​នៅ​រោងចក្រ​Boyalife​។ កន្លងមក ជា​បទពិសោធន៍ សាខា​ក្រុមហ៊ុន​Boyalife ចិន​ធ្លាប់​សហការ​ក្លូន​សត្វ​ឆ្កែ​Mastiffs ទី​បេ ៣​ក្បាល​ជាមួយ​សហគ្រាស​កូរ៉េខាងត្បូង​ឈ្មោះ​Sooam Biotech​រួចហើយ​។

​ដោយឡែក ការដែល​រោងចក្រ​ក្លូន​សត្វ​ដ៏​ធំ​នេះ​មាន​ទីតាំងនៅ​មិន​ឆ្ងាយ​ពី​រោងចក្រ​គីមី ដែល​ផ្ទុះ​សម្លាប់​មនុស្ស​១៧៣​នាក់ កាលពី​ខែសីហា ប្រជាជន​ចិន​អាច​នឹង​ពិបាក​ទុកចិត្ត​លើ​គុណភាព​សាច់សត្វ​របស់​រោងចក្រ​បាន​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​មិនសូវ​ទុកចិត្ត​ការងារ​សហគ្រាស​កូរ៉េ​Sooam Biotech ដែល​ចិន​សហការ​ជាមួយ​ដែរ​។

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​ចោទ​លោក​Hwang Woo-suk ជា​អ្នកបង្កើត​សហគ្រាស​កូរ៉េ​នេះ ថា​បោកប្រាស់ ដោយសារ​កាលពី​ឆ្នាំ​២០០៤ លោក​Hwang Woo-suk​បានប្រកាសថា សម្រេច​ជោគជ័យ​យកចេញ​នូវ​កោសិកា​សំខាន់ ចេញ​មកពី​ក្លូន​អំប្រ៊ីយ៉ុង​មនុស្ស​។ ជា​ចំណេះដឹង​ទូទៅ កាលពី​ខែកញ្ញា សហភាព​អឺរ៉ុប​បានសម្រេច​ហាមឃាត់​មិនអោយ​បរិភោគ​សាច់សត្វ​ដែល​គេ​ក្លូន​ទេ​។ ប៉ុន្តែ នៅតាម​ប្រទេស​ផ្សេងៗ​ទៀត ដូចជា​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល អាមេរិក កាណាដា រឺ​នូ​វែ​ល​ហ្សេ​ឡង់ គេ​អាច​បរិភោគ​សាច់​ប្រភេទ​នេះ​បាន​។ អាជ្ញាធរ​សុខាភិបាល​នៅ​ប្រទេស​ទាំងនេះ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ សាច់សត្វ​ប្រភេទ​នេះ មុននឹង​អនុញ្ញាតអោយ​លក់​លើ​ទីផ្សារ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​