លោក​ហូឡង់​បដិសេធ​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ការបរទេស​ដែល​ថា​បារាំង​អាច​សហការ​ជាមួយ​កងកម្លាំង​លោក​អាសាដ

ការិយាល័យ​​របស់​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​ធ្វើការ​​​កែតម្រូវ​ភ្លាមៗ ក្រោយ​ពី​រដ្ឋមន្រ្តី​ការបរទេស​បារាំង បាន​លើកឡើង​ថា បារាំង​អាច​នឹង​សហការ​ជាមួយ​កងកម្លាំង​របស់​លោក​បាស្ហា អាល់អាសាដ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ស៊ីរី។ សម្រាប់​លោក​ហូឡង់ ការសហការ​ជាមួយ​នឹង​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​អាច​ធ្វើ​ទៅបាន លុះត្រា​តែ​មាន​ការ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​​​មួយ​ជាមុនសិន ហើយ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ត្រូវតែ​​មាន​សមាសភាព​ពី​​​គ្រប់​ភាគី​ជម្លោះ។