ការ​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោង ​លើ​មូលដ្ឋាន​អ.ស.ប​បាន​សម្លាប់​មនុស្ស​បី​នាក់ នៅ​ភាគ​ជើង​​ម៉ាលី

ការ​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោង ​លើ​មូលដ្ឋាន​អ.ស.ប​បាន​សម្លាប់​មនុស្ស​បី​នាក់ នៅ​ភាគ​ជើង​​ម៉ាលី

រូបភាព​បង្ហាញ​ពី​ផែនទី​ប្រទេស​ម៉ាលី។ ការ​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោង ​លើ​មូលដ្ឋាន​អ.ស.ប​បាន​សម្លាប់​មនុស្ស​បី​នាក់។

ក្រុម​សកម្ម​ប្រយុទ្ធ​បាន​វាយ​ប្រហារ​មូលដ្ឋាន​កម្លាំងអ.ស.ប​នៅភាគ​ខាង​ជើង​ប្រទេស​ម៉ាលី ដោយបាញ់​គ្រាប់​ផ្លោង ដែល​បាន​សម្លាប់​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​២នាក់ និង​បុគ្គលិក​ស៊ីវិល​ជាប់កិច្ច​សន្យា​ម្នាក់​ទៀត។ នេះ​បើ​យោង​តាម​មន្ត្រី​អ.ស.ប។

អ្នក​នាំពាក្យ​នៃ​បេសកកម្ម​រក្សាសន្តិភាព​របស់​អ.ស.ប បាន​និយាយ​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៤នាក់​ទៀត​បាន​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ​នៅក្នុង​ការវាយ​ប្រហារ​កាល​ពី​ព្រលឹង​ស្រាងៗ​នៅថ្ងៃ​សៅរ៍​នេះ​ក្នុង​ក្រុង​ Kidal ។

មិន​ទាន់​មាន​នរណា​ អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ។ ការវាយប្រហារ​ថ្មី​នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ជីវពល​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅលើ​សណ្ឋាគារ​ប្រណីត​មួយ​ក្នុង​ក្រុង Bamako ដែល​បាន​សម្លាប់​មនុស្ស​អស់​១៩​នាក់។

ក្រុម​សកម្ម​ប្រយុទ្ធ​អាហ្វ្រិក​ខាង​លិច​ពីរ​ក្រុម គឺ​ក្រុម​ជីវពល​ឥស្លាម​មួយ​ឈ្មោះ al-Qaida in the Islamic Maghreb និង​សម្ព័ន្ធមិត្ត​របស់​ក្រុម​នេះ គឺ​ក្រុម al-Mourabitoun បាន​អះអាង​ទទួលខុសត្រូវ​រួមគ្នា​ចំពោះ​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ទៅ​លើ​សណ្ឋាគារ Radisson Blu ។

កងកម្លាំង​ពិសេស​នៅ​ក្នុង​ប្រទេស​ម៉ាលី​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ ដែល​ជាប់​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ទៅលើ​សណ្ឋាគារ​នោះ៕