សារ​ក្នុង​ទូរស័ព្ទ​ធ្វើ​ឲ្យ​លោក​ប្តី​ដេញ​ខ្ញុំ​ចេញពី​ផ្ទះ

Sanofi

​ក្រោយពី​បាន​អាន​សារ​នៅក្នុង​ទូរស័ព្ទ ស្វាមី​ខ្ញុំ​លែង​ទុកចិត្ត​លើ​នាង​ខ្ញុំ ហើយ​ថែមទាំង​បាន​ដេញ​នាង​ខ្ញុំ​ដោយ​ឱ្យ​រៀបចំ​ខោអាវ​ត្រឡប់​ទៅ​ផ្ទ្ទះ​ឪពុកម្តាយ​នាង​ខ្ញុំ​វិញ ។ ​នាង​ខ្ញុំ​អាយុ ៣០ ឆ្នាំ ធ្វើការ​នៅ​ការិយាល័យ​នៃ​ក្រុមហ៊ុន​មួយ នាង​ខ្ញុំ​បាន​រៀបការ​ប​ន្ទ្ទា​ប់​ពី​រៀន​ចប់​មធ្យមសិក្សា ហើយ​បច្ចុប្បន្ន​មានគ្រួសារ​មានកូន ២ នាក់ ចំណែក​ស្វាមី​ជា​វិស្វករ​សំណង់ ។ ស្វាមី​នាង​ខ្ញុំ​ជា​មនុស្ស​សោះកក្រោះ​មិនសូវ​យកចិត្តទុកដាក់​នឹង​ប្រពន្ធ​កូន ហើយ​ការងារ​របស់គាត់​តែង​តម្រូវឱ្យ​គាត់​នៅ​ឆ្ងាយ​ពី​គ្រួសារ ប៉ុន្តែ​តាម​ការមើលឃើញ​របស់​អ្នកជិតខាង​គ្រួសារ​របស់​យើង​ដូច​ជាមាន​សុភមង្គល​ខ្លាំងណាស់ ។

នៅពេល​បាន​ចូលធ្វើការ​ដំបូង​នាង​ខ្ញុំ​ត្រូវបាន​បុគ្គលិក​ភាគច្រើន​យកចិត្តទុកដាក់ និង ជួយ​ណែនាំ​ស្ទើរ​រាល់​កិច្ចការ ។ ក្នុងចំណោម​នោះ​មាន​បុរស​ម្នាក់​យកចិត្តទុកដាក់​លើ​នាង​ខ្ញុំ​ច្រើនជាងគេ ហើយ​ទំនាក់ទំនង​របស់​យើង​ក៏​កាន់តែ​ស្និទ្ធស្នាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ (​រាល់​កិច្ចការ​ប​ន្ទ្ទា​ន់​គាត់​តែង​ផ្ញើ​សារ​មក​នាង​ខ្ញុំ ) ។ បន្តិច​ម្តងៗ​គាត់​ក៏​ចាប់ផ្តើម​មាន​មនោសញ្ចេតនា​មកលើ​នាង​ខ្ញុំ ។ ថ្វីបើ​គាត់​មិនទាន់បាន​និយាយប្រាប់​នាង​ខ្ញុំ​ដោយ​ផ្ទ្ទា​ល់​មាត់​ថា​គាត់​ស្រឡាញ់​នាង​ខ្ញុំ ប៉ុន្តែ​កាយវិការ និង ការផ្ញើ​សារ​ជា​ញ្ញឹកញ្ញាប់​បានបញ្ជាក់​អំពី​រឿងនេះ ។ ចំណែក​នាង​ខ្ញុំ​ក៏បាន​តប​ទៅវិញ​តាមបែប​លេងសើច ដូច្នេះ​គាត់​ប្រហែលជា​គិតថា​នាង​ខ្ញុំ​ស្រឡាញ់​គាត់​ដូចគ្នា ។

សារ​ទាំងឡាយ​នៅក្នុង​ទូរស័ព្ទ​នាង​ខ្ញុំ​បាន​លុបចោល​ទាំងអស់ ព្រោះ​ខ្លាច​ស្វាមី​យល់ច្រឡំ ។ ​ថ្ងៃមួយ​ក្រោយពី​បាន​បំពេញការងារ​រយៈពេល ៣ ខែ នៅ​សៀមរាប ស្វាមី​នាង​ខ្ញុំ​ក៏បាន​ត្រឡប់មក​ផ្ទ្ទះ ។ មិនដឹងថា​ដោយ​វិធី​ណា​នោះទេ ស្វាមី​នាង​ខ្ញុំ​បាន​រកឃើញ​សារ​នៅក្នុង​ទូរស័ព្ទ ។ គាត់​ខឹង​នាង​ខ្ញុំ​ខ្លាំងណាស់ ថែមទាំង​ណាត់ជួប​បុរស​ជា​មិត្ត​រួមការ​ងារ​របស់​នាង​ខ្ញុំ ។ យើង​ទាំងបី​នាក់​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​-​ក ប៉ុន្តែ​ចុងក្រោយ​យើង​ក៏បាន​ព្រមព្រៀង​មិន​រំឭក​អំពី​រឿងនេះ​ទៀត ។ ពេលនោះ​ស្វាមី​នាង​ខ្ញុំ​ក៏​សម្រេចចិត្ត​រក​ការងារ​នៅ​ភ្នំពេញ​ដើម្បី បាន​នៅក្បែរ​ប្រពន្ធ​កូន និង ជួយ​កិច្ចការ​គ្រួសារ​គាត់​ចាប់ផ្តើម​យកចិត្តទុកដាក់​នឹង​នាង​ខ្ញុំ ហើយ​គ្រួសារ​យើង​ក៏មាន​ភាព​រីករាយ​ដូច​គ្រា​ដំបូង ។

ប៉ុន្តែ​បញ្ហា​ធំ​ក៏​នៅតែ​អាច​កើតមានឡើង គឺ​ថ្ងៃមួយ​ក្នុងពេល​ទៅ​ទទួល​កូន​ពី​សាលា​មតេយ្យ​មិត្ត​រួម​ការងារ​ម្នាក់​នោះ​ក៏បាន​ជួប​នាង​ខ្ញុំ​ដោយ​ចៃដន្យ ហើយ​បាន​អញ្ជើញ​នាង​ខ្ញុំ​ចូល​ហាង​កាហ្វេ ។ មិន​នឹកស្មានថា​ការងារ​ថ្មី​របស់​ស្វាមី​នាង​ខ្ញុំ បែរជា​នាំឱ្យ​គាត់​ឃើញ​យើង​ទាំង​បីនាក់ ( រួមទាំង​កូន​នាង​ខ្ញុំ ) នៅក្នុង​ហាង​កាហ្វេ​មួយ​នោះ ភ្លើងកំហឹង​ក៏បាន​ផ្ទ្ទុះ​ឡើង​ភ្លាមៗ ។ នាង​ខ្ញុំ​ខំ​បកស្រាយ តែ​លោក​ប្តី​មិន​ខ្ចី​ស្តាប់ សូម្បីតែ​ការបញ្ជាក់​ពី​ប្រពន្ធ​របស់​មិត្ត​រួមការ​ងារ​ក៏ដោយ ។ លោក​ប្តី​បាន​ដេញ​នាង​ខ្ញុំ​ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​មិន​ខ្ចី​ស្តាប់ ឬ គិត​អ្វី​ទាំងអស់ ! តើ​ខ្ញុំ​ត្រូវធ្វើ​ដូចម្តេច​ដើម្បីឱ្យ​ស្វាមី​យល់​ពី​រឿងនេះ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​

​ក្រោយពី​បាន​អាន​សេចក្តី​ដែល​នាង​រៀបរាប់ «​ប្រជាប្រិយ​»​គិតថា​ស្វាមី​របស់​នាង​មិនមាន​កំហុស​នោះទេ គាត់​ធ្វើ​នេះ​អាចមាន​មូលហេតុ​ច្រើនយ៉ាង ដូចជា​គាត់​ប្តេជ្ញា​លែងលះ​តែម្តង ដោយ​គាត់​មិន​ចង់​ក្លាយជា​«​អា​វែក​» ឬ មួយ​ក៏​គាត់​មិនទាន់បាន​ពិចារណា​គ្រប់​ជ្រុងជ្រោយ ។​ល​។ មុននឹង​និយាយ​ដល់​បញ្ហា​ផ្សេងៗ​ទៀត «​ប្រជាប្រិយ​»​ចង់ឱ្យ​នាង​ស្វែងយល់​អំពី​អារម្មណ៍​របស់​ស្វាមី ដោយ​ឧបមា​ថា​ខ្លួន​នាង​គឺជា​ស្វាមី ។ ប្រសិនបើ​នាង​ជា​ស្វាមី ហើយ​បាន​ប្រទះឃើញ​មាន​សារ​មនោសញ្ចេតនា​របស់​ប្រពន្ធ​ជាមួយ​បុរស​ដទៃ តើ​នាង​មាន​អារម្មណ៍​បែបណា គិត​បែបណា ? បញ្ហា​ទី ១ បានបញ្ចប់ ប៉ុន្តែ​វា​ហាក់ដូចជា​មីន​មួយ​គ្រាប់​រង់ចាំតែ​មនុស្ស​ជាន់ ។

បញ្ហា​ដែល​កើត​ឡើងជា​លើក​ទី ២ តើ​នាង​នឹង​គិត​យ៉ាងណា ? តើ​ក្រៅពី​ការជួប​មុខ​គ្នា​នៅ​ទីសាធារណៈ តើ​មានការ​ណាត់ជួប​នៅ​ទី​កំបាំង​ដែរ​ទេ ? ទោះ​វា​ជា​ទំនាក់ទំនង​បែប​មិត្តភក្តិ ប៉ុន្តែ​ហាក់ដូច​កំពុង​បង្កប់​ខ្លឹមសារ​សម្ងាត់​អ្វីមួយ​មិន​គួរឱ្យ​ទុកចិត្ត ។ ក្នុងនាម​ជា​ស្វាមី​ប្រសិន​នាង​បាន​ជួប​បញ្ហា​ទី ២ ហើយ មិន​ចាត់ការ​ដោយ​វិធានការ​ក្តៅៗ តើ​នាង​នឹង​អាច​នៅ​សុខ​ដោយ​សង្ឃឹមថា វា​ជា​លើកចុងក្រោយ​ដែរឬទេ ? ​ជាទូទៅ​មនុស្ស​យើង ពិសេស​គឺ​រឿង​មនោសញ្ចេតនា ឱ្យតែ​មាន​ភាគី​ណាមួយ​ធ្វើឱ្យមាន​កំហុស​ចាប់ពី​ម្តង​មិន​ថា​ដោយ​ចេតនា ឬ អ​ចេតនា​នោះ ការទុកចិត្ត​នឹងត្រូវ​បាត់បង់​មួយ​ភាគ​ធំ​ដោយ​មិនអាច​ហាមឃាត់​បានទេ ។

កំហុស​របស់​នាង​ត្រង់​ថា នាង​ហាក់ដូចជា​បាន​ចិញ្ចឹម​ក្តីសង្ឃឹម​មួយ​សម្រាប់​មិត្ត​រួមការ​ងារ​ម្នាក់​នោះ ដោយសារ​មិនបាន​និយាយប្រាប់​ឱ្យបាន​ច្បាស់លាស់​ថា «​យើង​មិនត្រូវ​ទាក់ទង​គ្នា​បែប​មនោសញ្ចេតនា​» ។ ម្យ៉ាងទៀត​ទង្វើ​លួចលាក់ ដូចជា​ការផ្ញើ​សារ លុប​សារ ជាដើម ក៏​រួមចំណែក​ធ្វើឱ្យ​បញ្ហា​កាន់តែ​ធំ​ឡើងៗ ។ ក្រោយពី​បញ្ហា​លើក​ទី ១ បានកើត​ឡើង​នាង​ដឹង​កំហុស ប៉ុន្តែ​ដោយសារ​ខ្សោយ​ទំនាក់ទំនង ដូច្នេះ​នាង​មិនដឹងថា​ត្រូវ​ទទួល ឬ បដិសេធ ដោយ​មនោសញ្ចេតនា​បែបណា​របៀប​ណា​ទេ ។ ប៉ុន្តែ​ពេល នេះ​បើទោះជា​នាង​ស្តីបន្ទោស​ខ្លួនឯង ឬ អ្នកដទៃ​ក៏​វា​មិនមាន​ប្រយោជន៍​អ្វី​ដែរ ។ ក្រោយពី​បញ្ហា​កើតឡើង ស្វាមី​របស់​នាង​ប្រាកដជា​ខឹង​ខ្លាំងណាស់​មិនអាច​គិត​ឃើញ​ផ្លូវ​ល្អ ផ្លូវកណ្តាល ដើម្បី​ដោះស្រាយ ។

ដូច្នេះ​ពេលនេះ ក្រៅពី​ព័ស្តុតាង និង សាក្សី​ដើម្បី​បញ្ជាក់​ដល់​ស្វាមី​នាង​ក៏​គួរតែ​ទុក​ពេលខ្លះ​សម្រាប់​គាត់​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ។ មួយវិញទៀត​នាង​គួរតែ​ប្រើប្រាស់​ឥទ្ធិពល​ពី​ឪពុកម្តាយ​ទាំងសងខាង ដោយ​សុំ​ជំនួយ​អន្តរា​គម ពី​ពួកគាត់ ហើយ​កុំភ្លេចថា​កូន​របស់​អ្នក​ទាំង ២ ក៏​ជា​ចំណង​មួយ​ដែរ ។ ជាង​នេះ​នាង​ត្រូវ​បង្ហាញ​អំពី​ភាពស្មោះត្រង់​ឱ្យបាន​ច្រើនជាង​មុន ។ សូម​ជូនពរ​នាង​ឆ្លងកាត់​ឧបសគ្គ​នេះ​ដោយ​ជោគជ័យ ៕


Related