១០ វិធី​បញ្ឈប់​ការ​គេង​នោម​ដាក់​ពូក​របស់​កុមារ​

Sanofi

​ចង់ឱ្យ​កូន​ចេះ​នោម​ដោយ​ខ្លួនឯង​ជាការ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ប្រើពេល​វេលា និង ការតម្រង់​ទិសដៅ ។​ ​កុមារ​ខ្លះ​អាច​ប្រើ​ពេលវេលា​ពី ១ ទៅ ២ ខែ កុមារ​ខ្លះ​អាច​ប្រើពេល​រហូត​ពី ២ ទៅ ៣​ឆ្នាំ​ក៏មានដែរ ។ អ្នក​អាចអនុវត្ត ១០ វិធី​ដូចខាងក្រោម​នេះ​ដើម្បីឱ្យ​កូន​មាន​ទម្លាប់​ល្អ​មិន​នោម​ដាក់​ពូក​ពេលដេក​៖

១-​យល់​ពី​វិ​វ​ឌ្ឍ​របស់​កូន
​ការគ្រប់គ្រង​បញ្ហា​បន្ទោបង់​បាន គឺ​អាស្រ័យទៅលើ​សាច់ដុំ និង ខួរក្បាល ។ ចំណែក​គ្រូពេទ្យ​ជំនាញ​បានឱ្យដឹងថា ការដែល​កុមារ​អាច​បញ្ជាការ​បន្ទោ​បង់​បាន គឺ​អាស្រ័យទៅលើ​សរី​រាងកាយ ដោយ​កុមារ​ខ្លះ​ត្រូវ​ប្រើ​រយៈពេល​ឆាប់ ខ្លះ​ត្រូវ​ប្រើ​រយៈពេល​យូរ​ដោយ​អាស្រ័យ​ការវិវឌ្ឍ​ខាង​ផ្លូវចិត្ត​របស់​ពួកគេ​ម្នាក់ៗ​ប៉ុណ្ណោះ ។ ក្រៅពីនេះ​កត្តា​នៃ​ការ​ប្រៀនប្រដៅ និង ការតម្រង់ទិស​ក៏​ជា​ចំណែក​សំខាន់​ក្នុង​ការជួយ​ឱ្យ​កុមា​រប​ឈ្ឈ​ប់​ការ​ដេក​នោម​ដាក់​ពូក​នៅពេល​យប់ ។​

២-​កុំ​ចាប់បង្ខំ និង បញ្ជា​កុមារ​ខ្លាំងពេក
​កុំ​មានចិត្ត​អន្ទះអន្ទែង​បង្គាប់បញ្ជា​កុមារ​ឱ្យ​ឈប់​នោម​ដាក់​កន្លែងដេក​ខ្លាំងពេក ព្រោះថា បញ្ហា​នេះ​មិនអាច​ធ្វើបាន​តាម​ការចង់​បានឡើយ ។ ត្រូវ​ប្រើ​ពេលវេលា និង​ការយល់ដឹង​របស់​កុមារ​ទើប​អាច​សម្រេច​ជោគជ័យ​បាន​។​ ​ការ​វាយ​កុមារ​ព្រោះតែ​ការ​នោម​ដាក់​ពូក​វា​ជា​កំហុសឆ្គង​មួយ ហើយ​ឪពុកម្តាយ​មិន​គប្បី​ធ្វើបែបនេះ​ដាច់ខាត​។​ពេលខ្លះ​អាច​ក្លាយជា​ចំណុចខ្សោយ និង ធ្វើឱ្យ​ក្មេង​កើតការ​ខ្លាចញញើត ហើយ​មិនបាន​ផល​បែរជា​ជះឥទ្ធិពល​អាក្រក់​ដល់​ផ្លូវចិត្ត​កុមារ​ថែម​ទៀតផង​។​

៣-​ត្រូវ​ចេះ​សរសើរ និង លើកទឹកចិត្ត​ដល់​កុមារ​ខ្លះ​
​នៅពេលដែល​កូន​អាច​ប្រាប់​ពី​ពេលដែល​គេ​បន្ទោបង់ ឬ​នោម​បាន ម្តាយ​ត្រូវតែ​សម្តែង​ការកោតសរសើរ និង​​លើកទឹកចិត្ត​ដល់​គេ ព្រោះថា ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យគេ​មាន​កម្លាំងចិត្ត​ប៉ុណ្ណោះ​ទេ គេ​ថែមទាំង​អាចធ្វើ​បាន​ដោយ​ខ្លូន​ឯង​នាពេល​ក្រោយៗ​ដោយ​ត្រឹមត្រូវ​ថែមទៀត​។

៤-​កុំ​ដាក់ទោស​
​ការដាក់ទោស ការ​ជេរ​ស្តី ការ​វាយ​កូន គឺ​កាន់តែ​ធ្វើឱ្យ​កូន​រឹងទទឹង ប្រឆាំង និង កើត​អាការ​ខ្លាចញញើត​ហើយ​មិន​ព្រម​បន្ទោបង់ ឬ​នោម​ដោយ​ទប់​រហូត​ក្លាយជា​ទម្លាប់​អាក្រក់ ហើយ​អាក្រក់​ជាង​នេះ​អាច​នាំ​ឱ្យគេ​ជួប​នូវ​បញ្ហា​ប្រព័ន្ធ​បញ្ចេញ​ចោល​នា​ថ្ងៃ​ខាងមុខ​ទៀតផង ។ យក​ល្អ​ឪពុកម្តាយ​គប្បី​លើកទឹកចិត្ត និង​ណែនាំ​បន្តិច​ម្តងៗ​ជា​វិធី​ល្អ​បំផុត​។​

៥-​ស្លៀក​សម្លៀកបំពាក់​ដែល​ងាយ​ស្រាត​ចេញ​
​ប្រើ​កន្ទប​ចំពោះ​ទារក​ឱ្យបាន​តិច​បំផុត​ហើយ​ប្តូរ​មក​ស្លៀក​ខោកៅស៊ូ​ដើម្បី​ឱ្យគេ​ងាយ​ស្រាត​ចេញ​ពេល​ត្រូវ​បន្ទោបង់​បាន​ទាន់ពេលវេលា ។ ការ​ស្លៀកពាក់​បែបនេះ​ជា​វិធី​ល្អ​បំផុត​ព្រោះថា ក្រៅពី​ជួយ​ឱ្យគេ​ងាយ​អនុវត្ត​ដោយ​ខ្លួន​បានល្អ​ហើយ​អាច​ធ្វើតាម​អ្វីៗ​ដែល​គេ​អាចធ្វើ​បាន​ផងដែរ ។​

៦-​កុំ​សង្ឃឹមលើ​កូន​ជួយ​ខ្លួនឯង​ខ្លាំងពេក​
​ពេល​កុមារ​នៅ​តូច​កុំ​សង្ឃឹម​ចង់បាន​តាម​អ្វីដែល​ខ្លួន​ត្រូវការ​ពេក​ព្រោះថា កុមារ​ដែល​អាច​ទម្លាប់​ខ្លួន​បានល្អ​ទាល់តែ​គេ​មាន​អាយុ​ចាប់ពី ២ ឆ្នាំ​ឡើងទៅ ហេតុនេះ​មិនត្រូវ​ខ្វាយខ្វល់​ពី​រឿងនេះ​ពេក​ឡើយ ។ ការបង្រៀន​កុមារ​ត្រូវ​ប្រើ​ពេលវេលា​ដោយ​ក្នុងនោះ​ត្រូវ​ទម្លាប់​ពី​ការ​បន្ទោរ​បង់​មុន បន្ទាប់មក​ត្រូវ​ប្រើ​ពេលវេលា​ទម្លាប់​ក្នុងការ​នោម​ព្រោះថា ការ​បន្ទោបង់​ងាយ​អនុវត្ត​ជាង​ហើយ​ទទួលផល​លឿន​។​

៧-​សង្កេតមើល​អាការ​របស់​កុមារ​
​ឪពុកម្តាយ​ដ៏​ល្អ​បំផុត​ត្រូវ​ចេះ​សង្កេតមើល​អាការ​របស់​កូន​ខ្លួន​ថា គេ​កំពុង​ចង់​បន្ទោបង់ ឬ​នោម​ឬទេ ។ កុមារ​ភាគច្រើន​ទាល់តែ​នោម​រួចហើយ​ទើប​ប្រាប់​ជា​ក្រោយ ឯ​ខ្លះ​មិនអាច​ទប់​អារម្មណ៍​បាន​បើទោះបី​ដឹងថា ខ្លួន​ជិត​លេច​នោម​ក៏ដោយ ។

៨-​កុំ​ភ្លេច​នាំ​កូន​ចូលក្នុង​បន្ទប់ទឹក​
​នៅពេល​កុមារ​បៅ​ទឹកដោះគោ​មុន​ចូល​ដំណេក គួរ​នាំ​គេ​ចូល​បន្ទប់ទឹក​មុន​ដើម្បីឱ្យ​ក្លាយជា​ទម្លាប់ ។ ក្រៅពីនេះ​នៅពេល​កុមារ​នោម​បាន​រយៈពេល ២​ម៉ោង​ហើយ​គប្បី​នាំ​គេ​ចូល​បន្ទប់ទឹក​ម្តងទៀត​ដើម្បីឱ្យ​ក្លាយជា​ទម្លាប់​ហើយ​អាចអនុវត្ត​ខ្លូន​ឯង​បាន​នៅពេល​ក្រោយ ។​

៩-​បង្ហាត់​កូន​ឱ្យ​ចេះ​ជួយ​ខ្លួនឯង
​ការ​បង្វឹក​កូន​ឱ្យ​ចេះ​ជួយ​ខ្លួនឯង​ដូចជា ចុច​ទឹក​បង្គន់ បាញ់​ទឹក​ក្រោយពេល​នោម​ដោយ​ខ្លួនឯង ការ​ដោះ​សម្លៀកបំពាក់​ដើម្បី​ត្រៀម​ងូត​ទឹកជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​ឱ្យគេ​ចេះ​នៅពេល​ក្រោយៗ​ទៀត ។ ការធ្វើ​បែបនេះ​មិនយូរ​មិនឆាប់​កុមារ​អាចជួយ​ដោយ​ខ្លួនឯង​ដោយ​ឪពុកម្តាយ​មិនចាំបាច់​លំបាក ។​

១០-​កុំ​ចាប់អារម្មណ៍​រឿង​របស់​កូន​ខ្លាំងពេក
​ពេលខ្លះ​ការចាប់អារម្មណ៍​តែ​ទៅលើ​កូន​បន្ទោបង់ ឬ​នោម​ខ្លាំងពេក​ជាការ​មិនល្អ​ទេ​សម្រាប់​កុមារ​ដែល​នៅ​មិនទាន់​ដឹងក្តី​នៅឡើយ ។ ត្រូវ​ចាំ​ថា ការ​នោម​ដាក់​ខោ បន្ទោបង់​ដាក់​ខោ​ជា​រឿង​ធម្មតា​របស់​កុមារ​គ្រប់រូប សូម្បីតែ​អ្នក​ក៏​ធ្លាប់​ធ្វើបែបនេះ​កាលពី​នៅ​តូច​មិនទាន់​ដឹងក្តី​ដូចគ្នា​ដែរ​នេះ ៕​ដេប៉ូ​

Related