យន្តហោះយោធាខ្នាតធំរបស់ចិនហោះហើរក្បែរកោះជប៉ុន

(តូក្យូ)៖ ប្រទេស ជប៉ុន បានប្រញ៉ាប់បញ្ជូនយន្តហោះទៅកាន់កោះរបស់ខ្លួនជាបន្ទាន់ បន្ទាប់យន្តហោះយោធារបស់ប្រទេស ចិន ចំនួន១១គ្រឿងបានហោះហើរក្បែរកោះក្នុងតំបន់ភាគខាងត្បូងប្រទេស ជប៉ុន ខណៈដែលរដ្ឋាភិបាលក្រុង ប៉េកាំង បានប្រកាសថា ខ្លួនកំពុងធ្វើសមយុទ្ធយោធា ដើម្បីបង្កើនសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រកន្លងទៅនេះថា យន្តហោះទាំងនោះមានដូចជា យន្តហោះប្រភេទទម្លាក់គ្រាប់បែកប្រាំបីគ្រឿង យន្តហោះស៊ើបការណ៍ពីរគ្រឿង និងយន្តហោះសម្រាប់ផ្តល់ការព្រមានចំនួនមួយគ្រឿង បានហោះហើរក្បែរកោះ Miyako Okinawa កាលពីថ្ងៃសុក្រកន្លងទៅនេះ ប៉ុន្តែពុំបានបំពានដែនអាកាសរបស់ប្រទេស ជប៉ុននោះទេ។
ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះខ្លះ ហោះហើរនៅចន្លោះកោះទាំងពីរ ខណៈដែលមួយចំនួនទៀតហោះហើរប្រកៀកទៅនឹងប្រជុំកោះដែលស្ថិតនៅក្បែរៗនោះ៕

យន្តហោះយោធាខ្នាតធំរបស់ចិនហោះហើរក្បែរកោះជប៉ុន