ប្រធានាធិបតី​តួកគី​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី

ប្រធានាធិបតី​តួកគី​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​រដ្ឋបាល​ថ្នាក់​តំបន់​នៅ​ក្នុង​ក្រុង​អង់ការ៉ា (Ankara) ប្រទេស​តួកគី កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​សម្តែងការ​សោកស្តាយអំពី​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​ដែល​បាញ់​ដោយ​ប្រទេស​តួកគី ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​លោក «មាន​ទុក្ខ​ព្រួយ​ពិតប្រាកដ» ដោយសារ​ឧប្បត្តិហេតុ​នេះ​ ហើយ​មិន​ចង់​ឱ្យ​រឿង​នេះ​កើត​មាន​ទៀត​ទេ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​លោក​កាល​ពីថ្ងៃ​សោរ៍​នៅ​ក្នុង​ខេត្ត Balikesir លោក Erdogan បាន​មាន​ប្រសាសន៍​ថា ​លោក​សង្ឃឹម​ថា​ ភាព​តានតឹង​រវាង​ប្រទេស​តួកគី និង​ប្រទេស​រុស្ស៊ី​អំពី​ឧប្បត្តិហេតុ​នេះ​មិន​កើន​ឡើង​ខ្លាំង​ថែមទៀត​ ហើយ​នឹង​មិន​នាំ​ទៅ​កាន់​ផលវិបាក​ធ្ងន់ធ្ងរ​ទេ។​ លោក​ក៏​បាន​និយាយ​ដែរ​ថា​លោក​សង្ឃឹម​ថា​អ្វី​ដែល​ដូច​ឧប្បត្តិហេតុ​នេះ​មិន​កើត​មាន​ទៀត​ទេ។​

លោក Erdogan ក៏​បាន​អំពាវនាវ​ជា​ថ្មី​ដល់​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ឱ្យ​មាន​ជំនួប​ទល់​មុខ​គ្នា​មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ធាតុអាកាស​សាកល​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខនេះ។​

លោក​ Putin ដែល​មាន​ប្រតិកម្ម​ខឹង​សម្បារ​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​នោះ​ មិន​ទាន់​យល់ព្រម​ថា ​នឹង​ធ្វើ​ការ​ចរចា​នេះ​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃ​សៅរ៍​ដែរ ប្រទេស​តួកគី​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ឱ្យ​ពន្យារពេល​ធ្វើ​ដំណើរ​ជា​បន្ទាន់​ទៅ​កាន់​ប្រទេស​រុស្ស៊ី។​ ក្រសួង​ការបរទេស​តួកគី​បាន​និយាយ​ថា ខ្លួន​បាន​ចេញ​ផ្សាយ​ការ​ព្រមាន​មួយ​អំពី​ការ​ធ្វើដំណើរ​ដោយសារ​មាន​ «ការ​ពិបាក» មិន​ជាក់លាក់​ណា​មួយ​ដែល​ក្រុម​អ្នក​ទេសចរ និង​ពលរដ្ឋ​តួកគី អាច​ប្រឈម​មុខ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន៕