ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ត្រូវតែ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​

​ភ្នំពេញ​៖ ក្នុងប្រទេស​នានា​ដែល​ប្រកាន់យក​របប​នយោបាយ​បែប​ប្រជាធិបតេយ្យ ពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ចូលរួម​ក្នុង​វិស័យ​នយោបាយ ដើម្បី​រួមចំណែក​ក្នុងការ​ដឹកនាំ​និង​ការគ្រប់គ្រង​រដ្ឋ និង ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ យន្ត​ការដែល​ពលរដ្ឋ​អាច​ចូលរួមបាន​នោះ រួមមាន​ការចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​, ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​, ស្រុក ខណ្ឌ​, ក្រុង​, ខេត្ត និង រាជធានី និង ការបោះឆ្នោត​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ ប្រជាពលរដ្ឋ ក៏ត្រូវ​ចូលរួម​តាមដាន ឃ្លាំមើល ការដឹកនាំ ការគ្រប់គ្រង និង សកម្មភាព​ផ្សេងៗ​របស់​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​គ្រប់​ជាន់ថ្នាក់​ដែរ​។

​យោងតាម​ទ្រឹស្ដី​កិច្ចសន្យា​សង្គម ភាគី​ប្រជាពលរដ្ឋ​ឬ​អ្នក​ដែល​ត្រូវគេ​ដឹកនាំ និង ភាគី​អ្នកដឹកនាំ​និង​អ្នក​គ្រប់​គ្រប់គ្រង គឺជា​ភាគី​ពីរ​ដែលមាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​លះបង់​សិទ្ធិ​ធម្មជាតិ​របស់ខ្លួន​មួយផ្នែកធំ​ទៅឱ្យ​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង ដោយ​រក្សា​តែ​សិ​ទិ្ធ​ធម្មជាតិ​មូលដ្ឋាន​មួយចំនួន ហើយ​សុខចិត្ត​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់រ​ដ្ឋ​តាម​ការកំណត់​របស់​ច្បាប់​។ ក្នុងនោះ អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ក៏ត្រូវ​គេ​ប្រគល់​កាតព្វកិច្ច​ឱ្យ​ដែរ មិនមែន​ប្រគល់​តែ​អំណាច​ឱ្យ​នោះទេ​។ កាត​ព្វ​កិ​ច្ទ​ទាំងនោះ​មានដូចជា​៖

1.​    ​ការពារ​តម្រូវ​ការមូល​ដ្ឋា​ន ឬ សន្តិសុខសម្រាប់​មនុស្ស​
2.​    ​ទ្រទ្រង់​ការស្វែងរក​សុខុមាលភាព​របស់​មនុស្ស​
3.​    ​ថែរក្សា​រដ្ឋបាល​យុត្តិធម៌​លើ​មូលដ្ឋាន​ត្រឹមត្រូវ​សម្រាប់​ទាំងអស់គ្នា​
4.​    ​ទ្រទ្រង់​ការអប់រំ​និង​ជីវិត​វប្បធម៌​របស់​ប្រជាជន​
5.​    ​ការពារ​និង​ពង្រីក​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​ល​។​
​គោលបំណង​របស់​រដ្ឋ​អាច​សង្ខេប​មក​នៅត្រឹម​៤​សំខាន់ៗ គឺ សន្តិសុខ យុត្តិធម៌ សេរីភាព និង សុខុមាលភាព​។ ហេតុនេះ អ្នកដឹកនាំ​រដ្ឋ​មិនមែន​ទទួល​បានតែ​អំណាច​នោះទេ ពួកគេ​ក៏​ទទួលបាន​នូវ​កាតព្វកិច្ច​ដ៏​សំខាន់​ទាំង​នេះដែរ​។ ដូច្នេះ អ្នកដឹកនាំ ត្រូវតែ​ប្រើ​អំណាច​ដើម្បី​បំពេញ​កាតព្វកិច្ច​ខាងលើនេះ មិនមែន​ប្រើ​អំណាច​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍​របស់​ក្រុម​ណាមួយ​នោះទេ​។​
​ចំណែកឯ​ប្រជាពលរដ្ឋ​វិញ ក៏​ត្រូវតែ​ចូលរួម​ជា​ចាំបាច់​ក្នុង​វិស័យ​នយោបាយ​ក្នុងនាម​ជា​ភាគី​ស្មើភាព​គ្នា​ជាមួយ​អ្នកដឹកនាំ ឬ អ្នកនយោបាយ​ដែរ​។ ពួកគេ​មិនមែន​ចូលរួម​ក្នុងនាម​ជា​កម្មវត្ថុ ឬ ជា​មធ្យោបាយ​របស់​អ្នកដឹកនាំ ឬ អ្នកនយោបាយ ដើម្បី​ឡើងកាន់​អំណាច ឬ រក្សា​អំណាច​នោះទេ​។​

​ដូច្នេះ ប្រព័ន្ធ​ច្បាប់ រចនា​សម្ពន្ធ​គ្រប់គ្រង និង យន្តការ​ផ្សេងៗ​ទៀត ក្នុងការ​ដឹកនាំ​និង​គ្រប់គ្រង​រដ្ឋ ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យមាន​តុល្យភាព​រវាង​អំណាច​រដ្ឋ​និង​អំណាច​របស់​ប្រជាជន និង រវាង​ផលប្រយោជន៍ រួម​របស់​សង្គម ឬ រដ្ឋ និង ផលប្រយោជន៍​របស់​ព​ល​រដ្ឋ ឬ បុគ្គល​។​

​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង ប្រៀបបាន​ទៅនឹង​ក្រុម​នា​វឹក ដែល​ត្រូវ​បញ្ជា​នាវា​ដ៏​ធំ​មួយ ដែលមាន​អ្នកជិះ​យ៉ាងច្រើន​នៅក្នុង​នោះ គឺ​ប្រជាពលរដ្ឋ​។ ដូច្នេះ អ្នកដឹកនាំ មាន​កាតព្វកិច្ច​បើកបរ​នាវា​នោះ​ទៅកាន់​គោលដៅ​ដោយ​សុវត្ថិភាព​។ ឯ​អ្នកជិះ​ឬ​ប្រជាពលរដ្ឋ​វិញ ក៏ត្រូវ​តែ​គោរព​ច្បាប់​និង​សហការ​ជាមួយ​អ្ន​បើកបរ និង ត្រូវ​ពិនិត្យ​និង​តាមដាន​ការបើកបរ​របស់​ក្រុម​នា​វឹក​ទាំងអស់​នោះដែរ មិនមែន​ផ្ញើ​វាសនា​១០០%​លើ​ក្រុម​នា​វឹក​នោះទេ​។

​បើ​មិន​ដូច្នោះ​ទេ ក្រុម​នា​វឹក​អាច​នឹង​ធ្វើឱ្យ​នាវា​នោះ ទៅបុក​បះ​ដុំថ្ម​, ភ្នំ​ទឹកកក ឬ កោះ​ណាមួយ ដែល​ធ្វើឱ្យ​កប៉ាល់​នោះ​បែកធ្លាយ ចូល​ទឹក លិចលង់ ជាយថាហេតុ ដូច​ករណី កប៉ាល់ ទី​តានី​ក​, កប៉ាល់​ទេសចរណ៍​នៅ​កូរ៉េ​។​ល​។ ដែល​បណ្ដាលឱ្យ​អន្តរាយ​ជីវិត​មនុស្ស ហិនហោច​ទ្រព្យសម្បត្តិ និង កប៉ាល់​ទាំងមូល​។

​ហេតុនេះ ដូចគ្នា​ដែរ ប្រជាពលរដ្ឋ ត្រូវតែ​ចេះ​ពិនិត្យ​និង​តាមដាន​រាល់​សកម្មភាព​របស់​អ្នកដឹកនាំ តាមដាន​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ និង ស្ថានការណ៍​នយោបាយ ឱ្យបាន​ទៀងទាត់ មិនត្រូវ​បណ្ដោយឱ្យ​អ្នកដឹកនាំ ឬ អ្នកនយោបាយ បំពុលបរិយាកាស​, បំប្លែង​ការណ៍​ពិត​, ឃោសនា​បោកប្រាស់​បែប​ប្រជាភិថុតិ និង ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត ដោយ​មិន​គោរព​ច្បាប់​, គោលការណ៍​សិទ្ធិមនុស្ស​, គោលការណ៍​សីលធម៌ និង សច្ចភាព​ឡើយ​។

​បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​ខ្មែរ​នៅតែ​ក្លាយជា​ជា​កម្មវត្ថុ ឬ ជា​មធ្យ​បាយ​របស់​អ្នកកាន់អំណាច ឬ អ្នកនយោបាយ​ក្នុងការ​ឡើងកាន់​អំណាច ឬ រក្សា​អំណាច​របស់​ពួកគេ​។ ក្នុងន័យនេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវតែ​ចេះដឹង​អំពី​នយោបាយ តាមដាន​ការវិវឌ្ឍ​ខាង​នយោបាយ ចូលរួម​គ្រប់​សកម្មភាព​សង្គម​និង​នយោបាយ រួមទាំង​ការតស៊ូ​មតិ ការទាមទារ​ទាំងឡាយ​ដែល​ច្បាប់​អនុញ្ញាត​ឱ្យធ្វើ រិះគន់​កែលម្អ​កំហុសឆ្គង​របស់​រដ្ឋាភិបាល និង ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើ​រើស​តំណាង​របស់ខ្លួន​ទៅតាម​ឧ​ត្ត​គតិ និង សុភនិច្ឆ័យ​របស់ខ្លួន ដើម្បី​ប្រយោជន៍​ជាតិ គ្រួសារ និង ខ្លួនឯង​៕    

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​