ក្រុម​ចោរ​AK​​ចូលប្លន់​ផ្ទះ​ជាងកាត់សក់​សម្តេច​តេជោ ​រើ​.កកាយ​យកបាន​កាំភ្លើង​មួយ​ដើម​គេចខ្លួន​បាត់​​

ខេត្ត​កំពង់​ស្ពឺ ៖ ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើងAKគ្រប់​ដៃ​បាន​សម្រុកចូល​រើ​.កកាយ​របស់របរ​នៅ​ក្នុងផ្ទះ​របស់​ប្រធាន​ពន្ធដារ​ខេត្តកណ្តាល​ និង​ជា​​ជាងកាត់សក់​ឱ្យ​សម្តេច​នាយករ​ដ្ឋមន្ត្រី​ យក​បាន​កាំភ្លើង​១​ដើម​រត់គេច​ខ្លួន​បាត់​ស្រមោល ​កាលពី​វេលា​ម៉ោង​៦ ​និង​៤០​នាទី​ល្ងាច ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រកា ឃុំ​រកា​កោះ ស្រុក​គងពិសី ​។

​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ ​ផ្ទះ​របស់​ជន​រង​គ្រោះ​ខាងលើ​មិន​មាន​អ្នក​ណា​នៅ​​ឡើយ ​ហើយ​កូនប្រុស​ម្នាក់​ឈ្មោះ អ៊ុំ សំរេច អាយុ​១៧​ឆ្នាំ បាន​ត្រឡប់​មក​ពី​រៀន​វិញ​ក៏​ចាក់សោ​ទ្វារ​រួច​បាន​ដើរ​ចូល​ក្នុងផ្ទះ​ខាងក្រោម ​ស្រាប់តែ​បានឮ​សំលេង​​​នៅ​ខាងលើ​ក៏​បាន​ទូរ​សព្ទ័​ទៅ​បងស្រី​របស់​គេ​ថា​ មាន​​ចោរ​​​រើ​.កកាយ​នៅ​ក្នុងផ្ទះ​ ។

ភ្លាម​ៗ​នោះ​បងស្រី​របស់​គេ​​បាន​ទូរ​សព្ទ័​ទៅ​ប្តឹង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដើម្បី​ចុះ​មក​ជួយ​អន្តរាគមន៍​ដែល​មាន​វត្តមាន​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ សុខ ខេ​ម​រិ​ន ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ លោក​វរសេនីយ៍ឯក គង់ ស​ត្ថា​រិ​ន ​អាវុធហត្ថ​ក្រុងភ្នំពេញ សមត្ថកិច្ច​នគរបាល ​និង​អាវុធហត្ថ​ស្រុក​អង្គស្នួល នគរបាល​ស្រុក​គងពិសី អាវុធហត្ថ​ស្រុក​គងពិសី នគរបាល​ស្រុក​សំរោង​ទង អាវុធហត្ថ​ស្រុក​សំរោង​ទង នគរបាល​ខេត្តកំពង់ស្ពឺ ព្រមទាំង​កំលាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដែល​ដឹកនាំ​ដោយលោក​វរសេនីយ៍ឯក សៅ ពន្លឺ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ក្រោម​បញ្ជា​របស់​លោក​ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ទៅ​ដល់​ធ្វើការ​ឡោម​ព​ទ្ធ័​ រួច​​ប្រើ​យុទ្ធសាស្ត្រ​ចូល​រំដោះ​បានកូន​ប្រុស​ម្ចាស់ផ្ទះ​បាន​មិន​មាន​រង​របួស​ឡើយ​។

ប្រភព​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​រំដោះ​បានកូន​ម្ចាស់ផ្ទះ​ហើយ ​កំលាំង​ចម្រុះ​បាន​សម្រុកចូល​ក្នុងផ្ទះ​ជាន់​ខាងលើ​ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​នោះ​ ជា​លទ្ធផល​មិនឃើញ​មាន​អ្វី​ទាល់តែ​សោះ​ គ្រាន់តែ​ឃើញ​មាន​ស្នាម​កាត់​ចំរឹង​បង្អួច​ខាងក្រោយ​ផ្នែក​ខាងត្បូង​ និង​រើ​កកាយ​សម្ភារ​មួយ​ចំនួន​ ព្រមទាំង​បាន​យក​កាំភ្លើងខ្លី​១​ដើម​ម៉ាក ប៉េ​រ៉េ​តា​ទៅ​បាត់​ផង​ដែរ​។​

ម្ចាស់ផ្ទះ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ ទាវ សា​វឿ​ន ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ ជា​ប្រធាន​ពន្ធដា​រខេត្តកណ្តាល​ និង​ជា​ជាងកាត់សក់​ឱ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។

ក្រោយ​កើតហេតុ​ដោយ​មិនឃើញ​មាន​ក្រុម​ជនសង្ស័យ​នោះ​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សាកសួរ​កូនប្រុស​ម្ចា​ស់​ផ្ទះ​ដើម្បី​កំណត់​មុខសញ្ញា​។

បើ​តាម​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៦​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ស្លៀកពាក់​ប៉ា​រ៉ា ព្រមទាំង​មាន​ពាក់​ម៉ាស់​ទៀត​ផង​។​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ក្រុម​ចោរ​ទាំងនេះ​អាច​ជា​ក្រុម​តែ​មួយ​ដែល​ប្លន់​ផ្ទះ​ថៅកែ​សំណង់​នៅ​ភូមិ​អង្គ​មេត្រី​ ឃុំ​រលាំងគ្រើល​ កាលពី​វេលា​ម៉ោង​០៧​យប់​ ថ្ងៃ​ទី​១៣ វិច្ឆិកា ​កន្លង​ទៅ​​​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​